អានតួអត្ថបទ
អូស្រ្តាលី-កូវីដ១៩

អូស្រា្តលី៖ក្រុមសហជីពបារម្ភពីកំណើនអ្នកអត់ការងារធ្វើ ក្រោយពីរដ្ឋាភិបាលបញ្ឈប់កម្មវិធី « JobKeeper »

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី រដ្ឋាភិបាល​បាន​សម្រេច​បិទ​បញ្ចប់​កម្មវិធី « JobKeeper » នា​ថ្ងៃ​អាទិត្យ ទី២៨ មីនា។ « JobKeeper » ជា​យន្តការ​មួយ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​កាល​ពី ១ឆ្នាំ​មុន​ដើម្បី​ជួយ​ទ្រទ្រង់​ប្រាក់ខែ​ដល់​ក្រុម​និយោជិក​មួយ​ចំនួន​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​កូវីដ១៩។ ក្រុម​សហជីព​បាន​ចាត់​ទុក​ការ​សម្រេច​របស់​រដ្ឋាភិបាល​ថា​ជា​ការ​សម្រេច​មួយ​គ្មាន​ក្តីមេត្តា​ដែល​អាច​រុញច្រាន​មនុស្ស​ចំនួន ១៥០ ០០០នាក់​ធ្លាក់​ទៅ​ក្នុង​ចង្កោម​មនុស្ស​អត់​ការងារ​ធ្វើ។

ពីឆ្វេង​ទៅ​ស្តាំ លោក Josh Frydenberg រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ និងលោក ​Scott Morrison នាយករដ្ឋមន្រ្តី​អូស្ត្រាលី។
ពីឆ្វេង​ទៅ​ស្តាំ លោក Josh Frydenberg រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ និងលោក ​Scott Morrison នាយករដ្ឋមន្រ្តី​អូស្ត្រាលី។ AP - Andrew Taylor
ផ្សាយពាណិជ្ជកម្ម

គោលដៅ​របស់​កម្មវិធី « JobKeeper » នេះ គឺ​ដើម្បី​បញ្ជៀស​ការ​ដេញ​បុគ្គលិក​របស់​ក្រុមហ៊ុន រោងចក្រ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​បិទទ្វារ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូវីដ១៩។ គេ​អាច​និយាយ​បាន​ថា កម្មវិធី « JobKeeper » បាន​ចូលរួម​ជួយ​រក្សា​ការងារ​របស់​មនុស្ស​ជា​ច្រើន​ដោយ​រដ្ឋាភិបាល​បាន​ផ្តល់​លុយ​ឲ្យ​និយោជិក​មួយ​ចំនួន​ក្នុង​ម្នាក់ៗ​ចំនួន ១ ៥០០ដុល្លារអូស្រា្តលី​នៅ​រៀងរាល់ ២សប្តាហ៍​ម្តង។ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​លោក Josh Frydenberg បាន​ថ្លែង​ថា កម្មវិធី « JobKeeper » នេះ​បាន​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច និង​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​ជា​ច្រើន​ទទួល​បាន​ប្រាក់ចំណូល​ដើម្បី​ចិញ្ចឹមជីវិត។ តែ​លោក Josh មិន​ភ្លេច​រម្លឹក​ទេ​ថា កម្មវិធី​នេះ​បាន​គ្រោង​សម្រាប់​រយៈពេល​បណ្តោះអាសន្ន​ប៉ុណ្ណោះ។

តាម​ក្រសួង​ហិរញ្ញវត្ថុ ការ​បិទបញ្ចប់​កម្មវិធី « JobKeeper » អាច​មាន​មនុស្ស​ចន្លោះ​ពី ១០០ ០០០នាក់​ទៅ ១៥០ ០០០នាក់​បាត់បង់​ការងារ។ ចំណែក​ប្រធាន​ក្រុមប្រឹក្សាសហជីព​លោកស្រី Michel O’Neil មិន​ញញើត​នឹង​ចាត់​ទុក​ការ​សម្រេចចិត្ត​បញ្ឈប់​កម្មវិធី « JobKeeper » របស់​រដ្ឋាភិបាល​ថា​ជា​ការ​សម្រេចចិត្ត​គ្មាន​ក្តីមេត្តា។ គ្មាន​ក្តីមេត្តា​ដោយ​លោកស្រី Michel យល់​ថា មាន​មនុស្ស​ច្រើន​ណាស់​កំពុង​រំពឹង​លើ​កម្មវិធី « JobKeeper »។ តាម​លោកស្រី Michel អនាគត​កំពុង​ស្រពិចស្រពិល​ចំពោះ​និយោជិក​ចំនួន ១លាន ១សែននាក់​ដែល​លែង​មាន​កម្មវិធី « JobKeeper »។ គួរ​រម្លឹក​ថា កម្មវិធី « JobKeeper »ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ ២០២០ ត្រូវ​បាន​រដ្ឋាភិបាល​ពន្យារ​ចំនួន ២ដង​ក្នុង​រយៈពេល ១២ខែ​ចុង​ក្រោយ​ដោយ​ម្តងៗ​បាន​បន្ថយ​ចំនួន​ទឹកលុយ។

បច្ចុប្បន្ន​នៅ​អូស្រា្តលី ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ដែល​បាន​កើន​ឡើង ៧,៥% ក្នុង​ខែ​កក្កដា ឆ្នាំ ២០២០ បាន​ធ្លាក់​នៅ​ត្រឹម ៥,៨% នា​ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ។ ទាក់ទង​នឹង​សេដ្ឋកិច្ច អូស្រា្តលី​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច ៣,១% នៅ​ត្រីមាសទី៤ ឆ្នាំ ២០២០ បន្ទាប់​ពី​បាន​ដាំក្បាល​ចុះ​ឆមាសទី១ ឆ្នាំ ២០២០ ដដែល។ និយាយ​ពី​ស្ថានភាព​ជំងឺ​កូវីដ១៩ វិញ អូស្រា្តលី​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ​ដែល​បាន​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ១៩ ប្រកប​ដោយ​ប្រសិទ្ធិភាព។ គិត​តាំង​ពី​ថ្ងៃ​ផ្ទុះ​កូវីដ១៩ ដំបូង​មក​ត្រឹម​ថ្ងៃទី២៨ មីនា ឆ្នាំ ២០២១ អូស្រា្តលី​មាន​ករណី​ឆ្លង​សរុប​ប្រមាណ​ជា ២៩ ០០០ករណី និង​មាន​ស្លាប់​តិច​ជាង ១ ០០០នាក់។ នេះ​ជា​លទ្ធផល​បាន​មក​ពី​វិធានការ​តឹងរឹង ពិសេស​ការ​បិទព្រំដែន​ជាមួយ​ប្រទេស​ផ្សេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ