អានតួអត្ថបទ
ប៉ាគីស្ថាន-បារាំង

វិបត្តិ​បាគីស្ថាន-បារាំង ៖ ចលនា​អ៊ីស្លាម​ជ្រុលនិយម​ប៉ាគីស្ថានដោះលែង​ប៉ូលិស តែ​​បន្ត​ធ្វើ​បាតុកម្មទូទៅ

បន្ទាប់​ពីមាន​​បាតុកម្ម​​ប្រឆាំង​នឹង​ផលប្រយោជន៍​បារាំង អស់​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា ស្ថានភាព​នៅ​ប៉ាគីស្ថាន​ បាន​ឡើង​​តាន​តឹង​មួយ​កំរិត​ទៀត​។ នៅ​ថ្ងៃអាទិត្យទី ១៨​មេសា​ម្សិល​មិញ ​ ​ចលនា​អ៊ីស្លាម​ជ្រុលនិយម​​ចាប់ប៉ូលិស​ប៉ាគីស្ថាន​ចំនួន​១១នាក់ ​ជា​ចំណាប់​ថ្នូរ​ និង​ទើប​ត្រូវ​បាន​ដោះលែងមក​វិញ ក្រោយ​ការ​ចរចា។ នេះ​បើ​តាមការ​ជូន​ដំណឹង​​របស់​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន។ ប៉ុន្តែ បាតុកម្ម​នៅ​តែ​បន្ត។ មេដឹកនាំសាសនា​ ជា​ច្រើន​ បាន​ប្រកូកប្រកាស​ធ្វើ​បាតុកម្ម​ទូទៅ​​ប្រឆាំង​នឹងចំណាត់ការរបស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​តែម្តង។

ប៉ាគីស្ថាន ចលនា​អ៊ីស្លាមជ្រុលនិយម​ព្រម​ដោះលែង​ប៉ូលិស​ តែ​បន្ត​ធ្វើ​បាតុកម្ម
ប៉ាគីស្ថាន ចលនា​អ៊ីស្លាមជ្រុលនិយម​ព្រម​ដោះលែង​ប៉ូលិស​ តែ​បន្ត​ធ្វើ​បាតុកម្ម AP - K.M. Chaudary
ផ្សាយពាណិជ្ជកម្ម

បើ​តាមរូបភាព​វីដេអូ​​ ប៉ូលិស​ប៉ាគីស្ថាន​ទាំង​១១​នាក់ ខ្លះ​រង​របួស​ ហូរ​ឈាម​ប្រលាក់​ពេញខ្លួន​ផង ត្រូ​វបានពួក​អ៊ីស្លាមជ្រុលនិយម​​​ចាប់​ខ្លួន​ជា​ចំណាប់​ថ្នូរ នៅ​ក្នុងពេល​កំពុង​មាន​ការ​ប៉ះទង្គិច​ហិង្សា​ជាមួយបាតុករ​ ហើយ​បណ្តើរ​យក​ទៅ​ឃុំ​នៅ​ក្នុង​វិហារ​​ ជា​ទី​ស្នាក់ការរបស់​គណបក្សតេរីកអ៊ីឡាប៊េក។ ក្រោយ​ការ​ចរចា ចលនា​អ៊ីស្លាម​ជ្រុលនិយមក៏​​ព្រម​ដោះលែង​ប៉ូលិស​ទាំង​អស់​នោះវិញ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី ១៩​មេសា​។ នេះ​បើតាមការ​អះអាង​របស់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Sheikh Rashid Ahmed ដោយ​បញ្ជាក់​ថា​​អាជ្ញាធរ​កំពុង​បន្ត​ចរចា ជុំ​ទីពីរ ​ជាមួយគណបក្ស​តេរីក អ៊ីឡាប៊េក​ (TLP) ដែល​រដ្ឋាភិបាលប៉ាគីស្ថាន​ហាមឃាត់​ជា​ផ្លូវការកាលពី​សប្តាហ៍មុន​ ដោយ​​ចាត់​ទុក​គណបក្សអ៊ីស្លាម​ជ្រុលនិយម​នេះ​ជា​​ចលនាភេរវនិយមនិយម។

ហេតុ​អ្វី​​ចរចាជុំ​ទីពីរ ? ពុំមាន​ការ​លម្អិតអំពី​កម្មវត្ថុនៃ​ការ​ចរចា​នេះ​​ទេ។ ប៉ុន្តែជាមួយ​នឹង​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​តាំង​ពី​ជា​ច្រើន​ថ្ងៃ​​ប្រឆាំង​នឹង​ប្រទេសបារាំង​ ​ចលនា​អ៊ីស្លាមជ្រុលនិយមប៉ាគីស្ថាននេះ បាន​ដាក់​ឱសានវាទ​​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​ចេញ នៅថ្ងៃទី ២០​មេសា។ ចំណែក​រដ្ឋាភិបាលបារាំង​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្លួន​ចាក​ចេញ​ពី​ប៉ាគីស្ថាន​ជា​បណ្តោះ​អាសន្នដែរ​ដើម្បីសុវត្ថិភាព។

បាតុកម្មប្រឆាំង​បារាំង ជា​ដើមហេតុ​នាំ​ឱ្យ​មានការ​ប៉ះទង្គិច ស្លាប់​ប៉ូលិស​​ពីរ​នាក់​កាលពី​សប្តាហ៍មុន​ កំពុង​រាលដាល​កាន់​ធ្ងន់ធ្ងរ​ ដោយ​នៅ​ថ្ងៃ​នេះ មាន​លេច​សំឡេង​ប្រកូកប្រកាស​ធ្វើ​បាតុកម្ម​ទូទៅ ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ាគីស្ថាន​តែម្តង។ ​លើក​នេះ​ជា​បាតុកម្ម​ប្រឆាំង​នឹង​ចំណាត់​ការរបស់​រដ្ឋាភិបាល​នៅ​ចំពោះ​មុខ​វិបត្តិ​ជាមួយ​គណបក្ស​អ៊ីស្លាមជ្រុលនិយម តេតីកអ៊ីឡាប៊េក។ ​ប្រមុខ​ដឹកនាំសាសនា​ដ៏​ល្បី​ល្បាញ​និង​ជា​ទី​គោរពបំផុត​របស់​ប៉ាគីស្ថាន ព្រមទាំង​ប្រមុខ​ដឹកនាំ គណបក្សសាសនា​ជា​ច្រើនទៀត បានមកពង្រីក​ចលនា​ប្រឆាំង​រដ្ឋាភិបាល​​ដោយ​ចេញ​មុខ​អំពាវនាវ​ឱ្យ​​ធ្វើ​បាតុកម្ម​ទូទៅ​ ​​ទាមទារ​ឱ្យ​ដោះលែង​ប្រធានគណបក្ស​តេរីកអ៊ីឡាប៊េក ដែល​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​កាលពី​សប្តាហ៍មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ