អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖សភា​បាន​បរិហារ​រូបត្លុកកំប្លែងថ្មី​របស់​ទស្សនាវដ្តី​បារំាង Charlie Hebdo

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ មករា សភា​ប៉ាគីស្ថាន​បាន​ធ្វើ​ការ​បរិហារ​ជា​ឯកច្ឆន្ទ​លើ​រូប​ត្លុកកប្លែង​ថ្មី​ដែល​ទស្សនាវដ្តី Charlie Hebdo ទើប​បាន​បោះផ្សាយ​ជា​ថ្មី​កាល​ពី​ថ្ងៃ​ពុធ ទី១៤ មករា ពោល​មួយ​សប្តាហ៍​ក្រោយ​ពី​ទីស្នាក់ការ​របស់​ទស្សនាវដ្តី​បារំាង​មួយ​នេះ​បាន​រង​ការវាយប្រហារ​ពី​ពួក​ភេរវជន​បារំាង​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១២នាក់ ក្នុង​នោះ​មាន​អ្នកកាសែត Charlie Hebdo ចំនួន ៨នាក់។ រូប​ត្លុកកំប្លែង​ថ្មី​របស់ Charlie Hebdo ដែល​ពិភពអារ៉ាប់​យល់​ឃើញ​ថា មាន​លក្ខណៈ​ប្រមាជ​មើល​ងាយ​សាសនា​អ៊ីស្លាម។

សភា​ប៉ាគីស្ថាន
សភា​ប៉ាគីស្ថាន
ផ្សាយពាណិជ្ជកម្ម

រូប​ត្លុកកំប្លែង​ថ្មី​ដែល​ទស្សនាវដ្តី Charlie Hebdo បាន​យក​មក​ដាក់​នៅ​ទំព័រ​មុខ និង​ដែល​បាន​ធ្វើ​ឲ្យ​ពិភពអារ៉ាប់​បន្ត​ក្តៅ​ក្រហាយ​មក​ដល់​ពេល​នេះ គឺ​រូប​ព្យាការី​ម៉ាហូម៉េត​ដែល​កំពុង​អង្គុយ​សម្រក​ទឹកភ្នែក​ដៃ​កាន់​បដា​សរសេរ​ថា ខ្ញុំ​ជា Charlie។ គួរ​ជម្រាប​ជូន​ថា ប៉ាគីស្ថាន​ដែល​មាន​ប្រជាជន​រស់នៅ​ជិត ២០០លាននាក់ គឺ​ជា​ប្រទេស​ដែល​មាន​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់នៅ​ច្រើន​ជាង​គេ​លំដាប់ទី២ ក្នុង​លោក។ រដ្ឋអំណាច​ប៉ាគីស្ថាន​ក៏​បាន​ថ្កោលទោស​ជា​ផ្លូវការ​លើ​ទង្វើ​វាយប្រហារ​លើ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី Charlie Hebdo ក្នុង​ប្រទេស​បារំាង​កាល​ពី​ថ្ងៃទី៧ មករា​កន្លង​ទៅ​ដែរ។ តែ​នៅ​ពេល​នេះ ពោល​តំាង​ពី Charlie Hebdo បាន​ចេញ​ផ្សាយ​លេខ​ថ្មី​របស់​ខ្លួន​មក សភា​ប៉ាគីស្ថាន​បាន​ធ្វើ​ការ​ផ្តន្ទាទោស និង​បរិហារ​យ៉ាង​ចាស់​ដៃ​លើ Charlie Hebdo ក៏​ដូច​ជា​កាសែត​បរទេស​ផ្សេង​ទៀត​ដែល​បាន​យក​រូបភាព​របស់ Charlie Hebdo ទៅ​ចុះ​ផ្សាយ​បន្ត។

សភា​ប៉ាគីស្ថាន​បាន​យល់​ឃើញ​ថា សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​មិន​មែន​មាន​ន័យ​ថា គេ​ត្រូវ​តែ​និយាយ​ប្រមាជ ដៀមដាម​ជា​សាធារណៈ​ដែល​នំា​ឲ្យ​ប៉ះពាល់​អារម្មណ៍​លើ​អ្នកដទៃ និង​អ្នក​មាន​ជំនឿ​សាសនា​នោះ​ទេ។ សម្រាប់​សភា​ប៉ាគីស្ថាន ការ​ដែល Charlie Hebdo បាន​យក​រូប​ព្យាការី​ម៉ាហូម៉េត​អ៊ីស្លាម​មក​ចុះ​ផ្សាយ​លេង​សើច​របៀប​នេះ គឺ​ជា​ទង្វើ​ប្រកប​ដោយ​ទោសៈ ការ​គិត​ទុក​ជា​មុន និង​ជា​ទង្វើ​តាម​ព្យាបាទ។ លោក​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​សាសនា​បាន​ថ្លែង​ច្បាស់ៗ​ថា គេ​គួរ​តែ​ហាម​ឃាត់​រាល់​កាសែត​ទំាង​អស់​កុំ​ឲ្យ​ចុះ​ផ្សាយ​រូបភាព​នោះ និង​ថា គេ​ត្រូវ​តែ​រឹបអូស និង​ដុត​ចោល​នូវ​រូបភាព​ណា​ដែល​មាន​លក្ខណៈ​ប្រមាជ​សាសនា​អ៊ីស្លាម។ បន្ទាប់​ពី​ការ​បរិហារ​ជា​ឯកច្ឆន្ទ​មក ក្រុមអ្នកតំណាងរាស្រ្ត​ក៏​បាន​នំា​គ្នា​ធ្វើ​កូដកម្ម​ដើរ​តមា​ផ្លូវ​កាត់​តាម​វិមាន​រដ្ឋាភិបាល និង​ស្ថានទូត​បារំាង។

ក្រៅ​ពី​រដ្ឋអំណាច​ថ្នាក់កំពូល រូបភាព​ចុះ​ផ្សាយ​ដោយ Charlie Hebdo ក៏​បាន​បញ្ចេះ​កំហឹង​របស់​មធ្យោបាយ​ឃោសនាមហាជន​ក្នុង​ស្រុក​ដែរ។ កាសែត​សរសេរ​ជា​ភាសាជាតិ​បាន​បរិហារ Charlie Hebdo ពី​ការ​ប្រមាជ​មើលងាយ​ព្យាការី​ម៉ាហូម៉េត​ដែល​ជា​បទឧក្រិដ្ឋ​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​នៅ​ប៉ាគីស្ថាន។ ទន្ទឹម​គ្នា​នេះ ក្បួន​បាតុកម្ម​របស់​មហាជន​ប៉ាគិស្ថាន​ប្រឆំាង​នឹង Charlie Hebdo ក៏​បាន​រៀបចំ​នៅ​តាម​ទីក្រុង​សំខាន់ៗ។ គួរ​រម្លឹក​ជូន​ថា​ក្នុង​ឆ្នំា ២០១២ ប៉ាគីស្ថាន​ធ្លាប់​បាន​ស្គាល់​មហាបាតុកម្ម​យ៉ាង​បង្ហូរ​ឈាម​ប្រឆំាង​នឹង​ការ​ចុះ​ផ្សាយ​រូប​ត្លុកកំប្លែង​ព្យាការី​ម៉ាហូម៉េត​ដូច​គ្នា ព្រម​ទំាង​ប្រឆំាង​នឹង​កុន​អាមេរិកំាង​មួយ​ដែល​មាន​លក្ខណៈ​ប្រឆំាង​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ