អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

បទឈប់បាញ់ចប់ភ្លាម កងទ័ពអាហ្វហ្កានីស្ថាន និងតាលីបង់​ចាប់ប្រយុទ្ធគ្នាវិញភ្លាម

គោរពពេលវេលា​បានយ៉ាងទៀងទាត់។ គ្រាន់តែ បទឈប់បាញ់ ចប់នៅត្រឹមយប់​ថ្ងៃ​សៅរ៍ ក្រុមតាលីបង់ និង​កងទ័ពរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បាន​ចាប់ប្រយុទ្ធគ្នា ឡើងវិញ នៅព្រឹកថ្ងៃ​អាទិត្យនេះ។ នៅអាហ្វហ្កានីស្ថាន នៅក្នុង អំឡុង​បទឈប់បាញ់ រយៈពេល​បីថ្ងៃ ដែលបង្កើតជា​ពិសេស សម្រាប់​ពិធីបុណ្យ​តមអាហារ​របស់អ្នកកាន់សាសនា​អ៊ីស្លាម គេឃើញ​កើតមាន​ភេរវកម្ម​បំផ្ទុះគ្រាប់បែក កាលពីថ្ងៃ សុក្រ ដែលបានសម្លាប់​អ៊ីស្លាមសាសនិក ១២នាក់។ នៅថ្ងៃ​សៅរ៍ ម្សិលមិញ ក្រុមជីហាត​រដ្ឋអ៊ីស្លាម បានចេញមុខ ប្រកាស​ទទួលស្គាល់ថា ជា​ស្នាដៃ របស់ក្រុមខ្លួន។

កងកម្លាំងរក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន​នៅ​កន្លែង​បំផ្ទុះគ្រាប់បែក​នៅទីក្រុង​កាប៊ូល អាហ្វហ្កានីស្ថាន ខែ កុម្ភៈ ២០២១
កងកម្លាំងរក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន​នៅ​កន្លែង​បំផ្ទុះគ្រាប់បែក​នៅទីក្រុង​កាប៊ូល អាហ្វហ្កានីស្ថាន ខែ កុម្ភៈ ២០២១ AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​អាហ្វហ្កានីស្ថាន ត្រូវ​ប្រឈម​នឹង​វិនាសកម្ម ភេរវកម្ម សម្លាប់បង្ហូរឈាម សឹងរាល់ថ្ងៃ។ ថ្វីត្បិតថា ភាគីជម្លោះ ទាំងពីរ គឺ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ក្រុមឧទ្ទាមតាលីបង់ ប្រកាស បទឈប់បាញ់ រយៈពេល ៣​ថ្ងៃ សម្រាប់ បិទបញ្ចប់​ពិធីបុណ្យ​តមអាហារ របស់អ្នកកាន់​សាសនា​អ៊ីស្លាម ប៉ុន្តែ ភេរវកម្ម​សម្លាប់មនុស្ស​នៅតែ​បន្តកើតមាន។

នៅថ្ងៃ​សៅរ៍ ម្សិលមិញ ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដែលធ្លាប់​សកម្ម និង​គ្រប់គ្រង​ទឹកដី​មួយផ្នែក​ធំ​របស់ស៊ីរី និង​អ៊ីរ៉ាក់​កន្លងមក បាន​ចេញមុខ អះអាងថា ក្រុមខ្លួន ជា​អ្នកបំផ្ទុះ គ្រាប់បែក​ក្នុង​វិហារអ៊ីស្លាម នៅ​ជាយក្រុង​កាប៊ូល កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​សម្លាប់មនុស្ស ១២​នាក់។

ផ្ទុយពីក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមតាលីបង់ និង​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បាន​គោរព​ខ្ជាប់ខ្ជួន បទឈប់បាញ់ រយៈពេល​៣​ថ្ងៃ ដែល​ភាគី​បាន​ប្រកាស​កាលពីថ្ងៃ​ចន្ទ និង​ដែលត្រូវ​បញ្ចប់​នៅ​យប់​ថ្ងៃ សៅរ៍ម្សិលមិញ។ ប៉ុន្តែ នៅព្រឹក​ថ្ងៃ​អាទិត្យ ពោល​គឺ​នៅតែ​ប៉ុន្មានម៉ោង ក្រោយ បទឈប់បាញ់ ចប់ អស់សុពលភាព ភាគីទាំងពីរ ក៏ចាប់កាន់អាវុធ ប្រយុទ្ធគ្នាឡើងវិញ។

តាមអ្នកនាំពាក្យ​របស់​កងទ័ព​អាហ្វហ្កានីស្ថាន ការប្រយុទ្ធ បាញ់បោះ​ដាក់គ្នា បាន​ចាប់ផ្តើមឡើង នៅព្រឹកថ្ងៃ​អាទិត្យ ទី ១៦ ឧសភា នៅ​ភាគខាងត្បូង អាហ្វហ្កានីស្ថាន។ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត Helmand បាន​និយាយថា ពួកតាលីបង់ បានចាប់វាយប្រហារ ទីតាំង​ត្រួតពិនិត្យ ជាច្រើន នៅជុំវិញ ខេត្តរបស់លោក។ អ្នកនាំពាក្យ​របស់​តាលីបង់ វិញ បាន​រុញច្រាន​ចោល​ការចោទប្រកាន់ ដោយ​ថា កងទ័ពរដ្ឋាភិបាល​ជាអ្នកចាប់ផ្តើមមុន ដូច្នេះ មិនត្រូវ​ទម្លាក់កំហុស​មក​លើ​ក្រុមតាលីបង់នោះទេ។

នៅក្នុង​អំឡុង​បទឈប់បាញ់ រយៈពេល ៣ថ្ងៃ អ្នកតំណាង​របស់​ក្រុមតាលីបង់ និងរដ្ឋាភិបាល អាហ្វហ្កានីស្ថាន បានធ្វើដំណើរ​ទៅ​ប្រទេស​កាតា និង​បាន​និយាយ​ចុះសម្រុងគ្នា​ថា នឹង​បន្ត ការចរចា​ស្វែងរក​សន្តិភាព ដែល​បាន​ជាប់គាំង អស់​រាប់ខែ​មក​ហើយ​នោះ។

នៅមុន ក្រុមតាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ប្រកាស​បទឈប់បាញ់ សម្រាប់​បុណ្យតមអាហារ​របស់អ្នកកាន់សាសនា​អ៊ីស្លាម លើកនេះ អំពើ​ហិង្សា ការវាយប្រហារ​ភេរវកម្ម កើតមាន​កាន់តែច្រើន និង សឹងតែ​រាល់ថ្ងៃ ក្នុង​ទឹកដីអាហ្វហ្កានីស្ថាន ពោល គឺ​ចាប់តាំង​ពីថ្ងៃ ទី ១​ឧសភា ថ្ងៃ​ដែល​អាមេរិក​របស់​លោកដូណាល់ ត្រាំ ​សន្យា​ដកទ័ព​ទាំងអស់​ចេញពី​អាហ្វហ្កានីស្ថាន។

អាមេរិក ក្រោមអាណត្តិដឹកនាំ​របស់​លោក​ចូ បៃដិន ហើយនិង​ប្រទេស​ផ្សេងទៀត របស់អង្គការ​អូតង់ បាន​សន្យា​ដកទ័ព​របស់ខ្លួន បន្តិចម្តងៗ និង ឲ្យអស់ទាំងស្រុង នៅថ្ងៃទី ១១​កញ្ញា ចំ​ខួប ២០​ឆ្នាំ នៃ​ភេរវកម្ម​វាយប្រហារ​ក្រុង​ញូវយ៉ក​ឆ្នាំ ២០០១។ ប៉ុន្តែ នៅប៉ុន្មាន​ខែ​ចុងក្រោយនេះ ក្រុមឧទ្ទាម​តាលីបង់ សម្រុក​ខិតចូល និង​ឡោមព័ទ្ធ​ទីក្រុង​ជាច្រើន​របស់​អាហ្វហ្កានីស្ថាន ដែល​ធ្វើ​ឲ្យគេ​ជឿថា ក្រុមតាលីបង់ ដែលអូតង់ បាន​អន្តរាគម បណ្តេញ​ចេញ​ពីអំណាច នៅ​ឆ្នាំ ២០០១ កំពុង​រង់ចាំ​ឱកាស ឲ្យតែ អូតង់ និង​អាមេរិក​ដកទ័ព​ទាំងស្រុង ចេញពីអាហ្វហ្កានីស្ថាន ដើម្បី វាយសង្រ្គប់ ដណ្តើម​គ្រប់គ្រង ទីក្រុង ប្រទេស​អាហ្វហ្កានីស្ថានឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ