អានតួអត្ថបទ
ម៉ាឡេស៊ី - កូវីដ

ម៉ាឡេស៊ីប្រកាស​បិទខ្ទប់​ប្រទេស​២សប្តាហ៍ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលកូវីដ

ធ្លាប់ជាតំបន់​ដែលជៀសរួចផុត​ពី​រលកទី១​នៃ​ជំងឺឆ្លងរាតត្បាត​កូវីដ នៅ​ឆ្នាំមុន បណ្តាប្រទេស​សមាជិក​អាស៊ាន កំពុង​ប្រឈមនឹង​ការកើនឡើង​នៃ​ករណី​ឆ្លងកូវីដ។ ដើម្បី ទប់ស្កាត់ ការឆ្លងរាលដាល រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ប្រកាស​នៅថ្ងៃ​អង្គារ បិទខ្ទប់​ប្រទេស រយៈពេល​២សប្តាហ៍ ចំណែក វៀតណាម​ឯណោះវិញ​ទើប​បាន​សម្រេចផ្អាក ជើងហោះហើរ អន្តរជាតិ មិន​ឲ្យ​ចុះចត​នៅព្រលានយន្តហោះ​មួយចំនួន​របស់ខ្លួន ក្នុង​រយៈពេល ១សប្តាហ៍។

នៅថ្ងៃទី ១​មិថុនា ទីក្រុង​គួឡាឡាំពួរ​ស្ងាត់​នៅថ្ងៃទី​១​នៃ​ការបិទខ្ទប់ប្រទេស របស់រដ្ឋាភិបាលដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ ដែល​ចេះតែកើនឡើង នៅប៉ុន្មាន​ថ្ងៃចុងក្រោយនេះ
នៅថ្ងៃទី ១​មិថុនា ទីក្រុង​គួឡាឡាំពួរ​ស្ងាត់​នៅថ្ងៃទី​១​នៃ​ការបិទខ្ទប់ប្រទេស របស់រដ្ឋាភិបាលដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ ដែល​ចេះតែកើនឡើង នៅប៉ុន្មាន​ថ្ងៃចុងក្រោយនេះ REUTERS - LIM HUEY TENG
ផ្សាយពាណិជ្ជកម្ម

ដូចប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ដែល​កំពុង​រងគ្រោះ ដោយសារ​រលកឆ្លងថ្មី នៃជំងឺកូវីដ ម៉ាឡេស៊ី កំពុង​ប្រឈម​នឹង​ការកើនឡើង​ខ្លាំង​នៃ​ចំនួន​អ្នកឆ្លងកូវីដ នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។ នៅ​ថ្ងៃ​អង្គារ ចំនួន​អ្នកឆ្លងកូវីដ​ថ្មី នៅម៉ាឡេស៊ី មាន​ប្រមាណ ៦ពាន់​នាក់ ក្នុងរយៈពេល​តែ១ថ្ងៃ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ម៉ាឡេស៊ី ដែលមានប្រជាជន​សរុប​តែ ៣២លាននាក់ មាន​អ្នកឆ្លងជំងឺកូវីដ សរុប ជាង ៥សែន ៧ម៉ឺននាក់។

នៅម៉ាឡេស៊ី ករណី​ឆ្លងកូវីដ​កើនឡើងលឿន ដោយសារ កត្តាសំខាន់​ពីរ គឺ វត្តមាន​នៃ​មេរោគបំប្លែងខ្លួនថ្មី ដែល​ឆ្លងលឿន ហើយនិង ការជួបជុំគ្នា ដោយ​គ្មាន​រក្សា​គម្លាត អនាម័យ នៅថ្ងៃ​បិទបញ្ចប់​បុណ្យតមអាហារ របស់អ្នកកាន់​សាសនា​អ៊ីស្លាម កាលពី​ឧសភា​កន្លងទៅ។

ប្រឈម​នឹង​ការកើនឡើងខ្លាំង នៃករណី​ឆ្លងកូវីដ រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​សម្រច កាលពីថ្ងៃ​អង្គារ បិទខ្ទប់​ប្រទេស​រយៈពេល ២សប្តាហ៍។ សាលារៀន ភោជនីយដ្ឋាន ត្រូវបិទទ្វារ លើកលែង​តែ អាជីវកម្ម​លក់ទំនិញ ចាំបាច់ ដូចជា​ចំណីអាហារ​តែប៉ុណ្ណោះ ដែល​ត្រូវ​អនុញ្ញាត​ឲ្យបើកទ្វារ។ ចំណែក ការដើរចេញក្រៅ ត្រូវ​រឹតបន្តឹង ជាងមុន បូកផ្សំ នឹង​ការហាម​ធ្វើដំណើរ ឆ្លងប្រទេស ដែល​រដ្ឋាភិបាល​បាន​សម្រេច ជាច្រើន​ខែមកហើយ។

វិធានការ​បិទខ្ទប់​ប្រទេស​លើកនេះ នឹង​ប៉ះពាល់​សាជាថ្មី អ្នកធ្វើអាជីវកម្ម​តូចតាច ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​យុទ្ធនាការ​ចាក់វ៉ាក់សាំង ជាជាង អនុវត្ត​វិធានការ​បិទខ្ទប់​ប្រទេស​តែមួយមុខ។ នៅ​ម៉ាឡេស៊ី ប្រជាជន តិចជាង ៦%​បានទទួល​វ៉ាក់សាំង​បង្ការកូវីដ យ៉ាងហោច ១ដូស។

ប្រឈមនឹង​ការឆ្លងរាតត្បាត​នៃ​មេរោគកូវីដ​បំប្លែងខ្លួនថ្មី ម៉ាឡេស៊ី ក៏ដូចប្រទេស​អាស៊ាន​មួយចំនួន ត្រូវ​គេ​សង្កេតឃើញថា យឺតយ៉ាវ​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង។ ថៃ ដែលមាន​ប្រជាជន​ជាង ៦០លាននាក់ មាន​អ្នកបានទទួល​ចាក់វ៉ាក់សាំង តែ​ជាង ១លាន ៥សែននាក់។ ដោយសារ​ករណីផ្ទុះឆ្លងរាលដាល នៅក្នុង​ពន្ធនាគារ ថៃ​បានរាប់ឃើញ​មាន​អ្នកឆ្លងថ្មី ប្រមាណ ៤ពាន់នាក់ ក្នុង​មួយថ្ងៃៗ។ វៀតណាម​ឯណោះវិញ ដែល​ធ្លាប់ដើរតួ​ជា​ប្រទេស​គំរូ មានអ្នកឆ្លងតិចតួចបំផុត នៅឆ្នាំមុន ដោយមក​ពី​ឆាប់បិទព្រំដែន និង​តាមដាន ​អ្នកផ្ទុកមេរោគកូវីដ ក៏ជៀសមិនផុត​ពីរលកឆ្លងថ្មី​នៃជំងឺកូវីដ ដែលមួយភាគធំ គឺ​បណ្តាល​មក​មេរោគកូវីដ បំប្លែងខ្លួន​ថ្មី។ ដើម្បី​ទប់ស្កាត់ ការឆ្លងរាលដាល​ជំងឺកូវីដ រដ្ឋាភិបាល​វៀតណាម បាន​សម្រេច នៅ​ដើមសប្តាហ៍នេះ បិទដែនអាកាស មិន​ឲ្យ​ជើងហោះអន្តរជាតិ ចុះចត នៅ​ព្រលាន​យន្តហោះ ទីក្រុង​ធំៗ​ដូចជា ទីក្រុង​ហូជីមិញ​ជាដើម។

ហ្វីលីពីន​ដែល​រងគ្រោះ​ដោយសារ​វិបត្តិកូវីដ ខ្លាំងជាងគេ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន បាន​ប្រកាស​រឹតបន្តឹង នៅទីក្រុង​ម៉ានីល តាំង​ពី​ខែ មីនា ពោល​គឺនៅពេល​មន្ទីរពេទ្យ​ហ្វីលីពីន ចាប់ផ្តើម​ចាល់ ជិតអស់​សមត្ថភាព ទទួល​យកអ្នកជំងឺ​កូវីដ​តទៅទៀត។

ឥណ្ឌូណេស៊ី ដែល​រងគ្រោះ​ដោយសារ​កូវីដ​ខ្លាំងជាងគេ​នៅ​ឆ្នាំមុន ក៏កំពុង​ប៉ះពាល់​ដោយសារ​រលកថ្មី​នៃជំងឺកូវីដ ដែរ ជាមួយ​អ្នកឆ្លង ប្រមាណ ៦ពាន់នាក់ ក្នុងមួយថ្ងៃៗ។ អ្វីដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ព្រួយបារម្ភ​ជាងគេ គឺ ខ្លាច ជួប​ស្ថានភាព​ដូច​ម៉ាឡេស៊ី ដោយសារ​តែ​ការធ្វើដំណើរ​ផ្លាស់ទី និង​ការជួបជុំ ធ្វើបុណ្យ​តមអាហារ​របស់​អ្នកកាន់សាសនា​អ៊ីស្លាម កាលពី​ខែ​ឧសភា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ