អានតួអត្ថបទ
ភូមា-រដ្ឋប្រហារយោធា

ការប៉ះទង្គិច​គ្នា​រវាង​កងទ័ពនិង​កងកម្លាំង​ការពារ​ប្រជាជនភូមា សម្លាប់មនុស្ស​៦នាក់

ការប៉ះទង្គិច​ដោយ​អាវុធ រវាង​កងទ័ពភូមា និង​កងកម្លាំង​ការពារ​ប្រជាជន បាន​រាលដាល​ចូល​ដល់​ទីក្រុង ធំទី​២​របស់​ភូមា។ នៅថ្ងៃ​អង្គារ ​ទី​២២​មិថុនា កងទ័ព​ភូមា​បាន​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង មួយកន្លែង​របស់​កងកម្លាំង​ការពារ​ប្រជាជន ក្នុង​ទីក្រុង​Mandalay ដែលជាទីក្រុង​ធំទី២ របស់ភូមា ដោយ​បាន​សម្លាប់​ក្រុមប្រឆាំង ៤នាក់ និង​ចាប់ខ្លួន ៨នាក់។ តាមប្រភពស្និទ្ធ​នឹង​កងទ័ពភូមា ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ទាហាន​ភូមា ២នាក់​បានស្លាប់ និង​មាន​របួស​ជាច្រើននាក់​ផ្សេងទៀត។

មនុស្ស​ដើរចេញពី​ផ្ទះ​ដែល​ទាហាន​ភូមាបើកការវាយប្រហារ​ទៅលើ​ក្រុមប្រឆាំង ប្រដាប់អាវុធ ដែលមាន​ឈ្មោះថា កងកម្លាំងការពារ​ប្រជាជន នៅទីក្រុង​Mandalay កាលពីថ្ងៃអង្គារ​ទី​២២ មិថុនា ២០២១
មនុស្ស​ដើរចេញពី​ផ្ទះ​ដែល​ទាហាន​ភូមាបើកការវាយប្រហារ​ទៅលើ​ក្រុមប្រឆាំង ប្រដាប់អាវុធ ដែលមាន​ឈ្មោះថា កងកម្លាំងការពារ​ប្រជាជន នៅទីក្រុង​Mandalay កាលពីថ្ងៃអង្គារ​ទី​២២ មិថុនា ២០២១ VIA REUTERS - MWD
ផ្សាយពាណិជ្ជកម្ម

នេះជា​លើកទី១ ដែលកងទ័ព​ភូមា ​បាន​ផ្ទុះអាវុធ ជាមួយ កង​កម្លាំង​ការពារ​ប្រជាជន នៅ​ក្នុង​ទីក្រុងMandalay ទីក្រុង​ធំទី​២​របស់​ភូមា។ កងកម្លាំង​ការពារ​ប្រជាជន ជា​ក្រុមប្រឆាំង នឹង​រដ្ឋប្រហារ​យោធា​ភូមា ដែល​បាន​ងើបតស៊ូ កាន់អាវុធ ប្រឆាំង​កងទ័ព​ភូមា នៅក្រោយ ការបង្រ្កាប​បង្ហូរឈាម របស់​កងទ័ព​ដែល​បាន​សម្លាប់​មនុស្ស ជាង ៨៧០នាក់ គិត​ចាប់តាំង​ពី​ខែ​កុម្ភៈ ដើមឆ្នាំ​២០២១។

កន្លងមក កងកម្លាំង​ការពារ​ប្រជាជន ដែលភាគច្រើន​សំបូរ​ដោយ​ក្រុមយុវជន តែង​លួច​វាយឆ្មក់​ទៅលើ​កងទ័ព​ភូមា នៅតាម ភូមិដាច់ស្រយាល ប៉ុន្តែ មិនដែលជួប​ប្រយុទ្ធ ជាមួយ​កងទ័ព​ភូមា នៅតាម​ទីក្រុងនោះទេ។ នៅថ្ងៃ អង្គារ ក្រុមដែលអះអាងខ្លួន​ជា​កងកម្លាំង​ការពារ​ប្រជាជន People Defence Force (PDF) ប្រចាំ​ទីក្រុងMandalay បាន​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុក​របស់ក្រុម​ខ្លួន​ថា សមាជិក​របស់ខ្លួន​បាន​បាញ់​តដៃ​វិញ នៅពេល​កងទ័ព​ភូមា ចូល​ឈ្លានពាន​ទីតាំងមួយកន្លែង​របស់​ក្រុមខ្លួន នៅMandalay។

ការប្រយុទ្ធគ្នា​មួយប្រាវ រវាង កងកម្លាំងការពារ​ប្រជាជន និង​កងទ័ព​ភូមា ដែល​មានជំនួយ​ពី រថក្រោះជាច្រើនគ្រឿង បាន​កើតឡើង​នៅ​អន្តេវាសិកដ្ឋាន​មួយកន្លែង ដែល កងទ័ពភូមា​អះអាងថា ជា​ទីតាំង​លាក់ខ្លួន របស់​ក្រុមប្រដាប់អាវុធ​ខុសច្បាប់។

តាមអ្នកនាំពាក្យ​របស់​កងទ័ពភូមា ដែលដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP គេ​បាន​សម្លាប់​ជនប្រឆាំង ៤នាក់ ចាប់ខ្លួន មនុស្ស​៨នាក់ និង​រឹបអូស​បាន​អាវុធ និងគ្រាប់បែកច្នៃ ជាច្រើនគ្រាប់។ កងទ័ព​បាន​ពន្លយ​ឲ្យដឹងថា មាន​ទាហាន​ភូមា មួយចំនួន បាន​រងរបួស នៅក្នុងការប្រយុទ្ធគ្នា កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ ​កងកម្លាំងការពារ​ប្រជាជន​វិញ អះអាងថា មាន​ទាហាន​ភូមា ២នាក់ ស្លាប់ ដោយសារ​ស្នាដៃ​របស់​ក្រុមប្រឆាំង។

ថ្វីត្បិតថា កងកម្លាំងការពារ​ប្រជាជន ដែល​កើតចេញ​មកពី​ចលនាប្រឆាំង​រដ្ឋប្រហារ​យោធាភូមា មាន​សមត្ថភាព​ស្តួចស្តើង និង​អាវុធ​តិចតួច មិនអាច​ប្រយុទ្ធយកឈ្នះ លើ​កងទ័ព​ភូមា ដែល​បំពាក់​ដោយ​សព្វាវុធគ្រប់គ្រាន់ ប៉ុន្តែ ការប៉ះទង្គិច​ដោយ​អាវុធ រវាង​កងទ័ព​ភូមា និង​ក្រុមប្រឆាំង​ប្រដាប់​អាវុធ កាលពី​ថ្ងៃ​អង្គារ អាច​ឲ្យគេ​យល់បាន​ថា សង្រ្គាមស៊ីវិល​នៅភូមា បាន​ចាប់លេចមុខ​បណ្តើរៗ​ហើយ។ ក្រៅតែ​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ ក្រុមប្រឆាំង ប្រដាប់អាវុធ កងទ័ព​ភូមា​កំពុង​រងការវាយប្រហារ​ផងដែរ ពី​កងកម្លាំង​ជនជាតិភាគតិច ជាពិសេស ក្រុមទាហាន​ការ៉ែន ដែល​បាន​ចេញមុខ គាំទ្រ​ក្រុមប្រឆាំង នឹង​រដ្ឋប្រហារ​យោធាភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ