អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

រដ្ឋាភិបាល​​បង្រួបបង្រួម​ជាតិភូមា ​ប្រកាស​បង្កើត ​« កងកម្លាំង »​​ ដើម្បី​​ការពារ​ប្រជាជន​ភូមា

រដ្ឋាភិបាល​ក្រៅផ្លូវការ​ភូមា ដែលមានឈ្មោះថា រដ្ឋាភិបាលបង្រួបបង្រួមជាតិ បានប្រកាស​កាលពីល្ងាចថ្ងៃ​ពុធម្សិលមិញថា ខ្លួន​ទើបតែបាន​បង្កើត កងកម្លាំងដើម្បី​ការពារ​ប្រជាជនភូមា ពីការវាយ​ប្រហារ និងការប្រើអំពើហិង្សា របស់​កងទ័ពជាតិភូមា។ ទោះយ៉ាង រដ្ឋាភិបាលក្រៅផ្លូវការនេះ មិនបានលំអិតច្រើនទេ ថាតើកងកម្លាំងនេះ មានកាន់អាវុធឬយ៉ាងណា។ ទោះជាយ៉ាងនេះក្តីនេះ ការបារម្ភដែលថាអាចផ្ទុះជាសង្គ្រាមស៊ីវីលនៅភូមា កំពុង​តែ​ក្លាយ​ជាការពិតហើយ។

ក្រុមបាតុករភូមា កំពុងសាកអាវុធ ដែលពួកគេច្នៃ ដើម្បីវាយបកទៅលើ​កងសមត្ថកិច្ចភូមា ដែលបង្រ្កាប​បាតុកម្ម។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ៣មេសា ២០២១
ក្រុមបាតុករភូមា កំពុងសាកអាវុធ ដែលពួកគេច្នៃ ដើម្បីវាយបកទៅលើ​កងសមត្ថកិច្ចភូមា ដែលបង្រ្កាប​បាតុកម្ម។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ៣មេសា ២០២១ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាស របស់​រដ្ឋាភិបាល​បង្រួបបង្រួមជាតិភូមា បានឲ្យដឹងថា កងកម្លាំងរួមមួយ ត្រូវបានបង្កើតឡើង ដើម្បីជួយ​ការពារប្រជាជនភូមា ដែលធ្វើបាតុកម្ម​ប្រឆាំងនឹងរដ្ឋប្រហារយោធា។ កងកម្លាំងនេះ នឹងប្រឈមជាមួយសមត្ថកិច្ច​ ដែលទទួលបញ្ជាពីរបបសិកភូមា ឲ្យ​មានវាយ​ប្រហារ បង្រ្កាប​ប្រជាជន។ ហើយទៅថ្ងៃខាងមុខ កងកម្លាំងនេះ នឹងមានតួនាទីរៀបចំ កសាងជាងកងទ័ព​សម្ព័ន្ធជាតិភូមាតែម្តង ដើម្បីប្រយុទ្ធយកឈ្នះ បិទបញ្ចប់របបផ្តាច់ការយោធា។

ដោយឡែក នៅពេលអ្នកកាសែត ព្យាយាមទាក់ទង​ទៅកាន់អ្នកនាំពាក្យរដ្ឋាភិបាល​ក្រៅផ្លូវការនេះ គឺពុំមានចម្លើយទេ។ គ្មានការបញ្ជាក់លំអិតណាមួយ ស្តីអំពីការរៀបចំបង្កើតកងកម្លាំងពិសេសនេះ ដោយរបៀបណា ហើយថាតើ មានកាន់អាវុធដែរឬទេ។ ដូចគ្នា រហូតមកទល់ពេលនេះ ខាង​ក្រុមកងទ័ពជាតិភូមា ក៏មិនបាន​ប្រតិកម្មអ្វីនឹងការប្រកាសនេះដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលក្រៅ​ផ្លូវការ ឈ្មោះថា រដ្ឋាភិបាល​បង្រួបបង្រួមជាតិភូមា (GUN) ត្រូវបាន​បង្កើតឡើងក្នុងខែមេសាកន្លងទៅ ដោយ​ក្រុមសមាជិកសភាមួយចំនួន មកពីគណបក្សសម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យ ដែលត្រូវបាន​ក្រុមយោធាភូមាបណ្តេញចេញពីសភា។ សមាជិករដ្ឋាភិបាលក្រៅផ្លូវការនេះ ក៏មានផងដែរក្រុមតំណាងជនជាតិភាគតិចមួយចំនួន។

ក៏ប៉ុន្តែ លោក Khu Oo Reh អ្នកទទួល​បន្ទុកនយោបាយ​ម្នាក់ នៃ​ក្រុមកម្លាំងរំដោះជាតិការ៉ែន បានលើកឡើងប្រាប់អ្នកយកព័ត៌មានបារាំង ថាលោកនឹងតំណាងក្រុមការ៉ែនផ្សេងទៀត ពុំសូវមានទំនុកចិត្តទៅលើ​រដ្ឋាភិបាល​បង្រួមបង្រួមជាតិនេះទេ ព្រោះវាដឹកនាំទាំងស្រុក​ ដោយ​ពួកជនជាតិភូមា។ លោក​បានអះអាងថា មានសកម្មជនអ្នកប្រជាធិបតេយ្យជាច្រើន បានស្ម័គ្រចិត្តរត់ចូលព្រៃ ដើម្បីហ្វឹកហាត់ប្រយុទ្ធ ទៅតទល់ជាមួយ​របបសិក ពោលគឺពួកគេមិនមែនស្ម័គ្រ ដើរតាម​ការអំពាវនាវ ឬការរៀបចំបង្កើតកងកម្លាំង របស់​​រដ្ឋាភិបាល​ក្រៅផ្លូវការនេះទេ។

គួរកត់សំគាល់ថា ក្តីបារម្ភខ្លាចផ្ទុះជាសង្គ្រាមស៊ីវីលនៅភូមា មាន​កាន់តែខ្លាំង ខណៈសកម្មជន​ប្រឆាំងរបបសិក ក៏ដូចជាក្រុម​កម្លាំងជនជាតិភាគតិចកាន់តែច្រើន ​បានប្រកាស​ប្រមូលផ្តុំកម្លាំង ប្រយុទ្ធ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ មាន​ការដាក់បង្កៃគ្រាប់បែកឆ្នៃ បំផ្ទុះជាច្រើនគ្រាប់ ជាអាទិ៍នៅទីក្រុងរ៉ង់ហ្គូន តែពុំបានធ្វើ​ឲ្យ​មនុស្ស​របួសឬស្លាប់ទេ។ ការតស៊ូ រើបំរាស់ ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ដែលផ្តើមឡើងដោយ​ការធ្វើបាតុកម្​មដង្ហែរក្បួនអហិង្សា ពេលនេះបានក្លាយ​បន្តិចម្តងៗ ទៅជាសកម្មភាព​វាយ​ប្រហារដោយហិង្សា ទៅលើសមត្ថកិច្ចនិងកងទ័ពជាតិភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ