អានតួអត្ថបទ
ថៃ-បាតុកម្ម

ពលរដ្ឋ​ថៃ​ចេញ​​ធ្វើ​បាតុកម្ម​ជា​ថ្មី ទាំង​ប្រទេសកំពុង​ផ្ទុះ​រលកចម្លង​កូវីដ​១៩​ខ្លាំង

មានការប្រមូលផ្តុំធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៤​មិថុនា ២០២១​នេះ។ សកម្មជន​អ្នក​ប្រជាធិបតេយ្យ​រាប់​ពាន់​នាក់ បាន​នាំគ្នាដង្ហែក្បួន​ទៅ​ប្រជុំគ្នានៅ​មុខ​សភា​ជាតិ ដើម្បី​រំលឹកខួប​៨៩​ឆ្នាំ​នៃ​ការ​ងើប​បះបោរ​ធ្វើ​បដិវត្ត​បិទ​បញ្ចប់​​របប​រាជនិយម​ផ្តាច់ការ​ កាលពី​ឆ្នាំ​១៩៣២។

សកម្មជនប្រជាធិបតេយ្យ​នាំគ្នាចុះធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំ​ជា​ថ្មី ថ្ងៃទី ២៤ មិថុនា ២០២១
សកម្មជនប្រជាធិបតេយ្យ​នាំគ្នាចុះធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំ​ជា​ថ្មី ថ្ងៃទី ២៤ មិថុនា ២០២១ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរថៃ​បាន​​ហាមឃាត់​មិន​ឱ្យ​មានការ​​ជួប​ជុំ​គ្នាទេ​ ព្រោះ​​តាំងពី​ខែ​មេសា​មក​ សន្ទុះចម្លង​ជំងឺ​កូវីដ​១៩​បានកើន​ឡើង​ខ្លាំង លំដាប់​ជាង​បីពាន់នាក់​ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​​ចលនាបាតុកម្មនៅ​តែ​​ហ៊ានល្មើស​​បម្រាម​ ​មកប្រមូលផ្តុំ​​គ្នា ក្នុង​ចំនួន​ដ៏​​ច្រើនរយ​នាក់​។ ក្នុង​ចំណោម​បាតុករ​ មាន​ច្រើន​នាក់​​ជា​មេដឹកនាំចលនា​ប្រជាធិបតេយ្យ ដែល​ជាប់​ចោទ​ពី​បទ​ប្រមាថព្រះចេស្តា​ព្រះ​មហាក្សត្រ តែ​បាន​ទទួល​សេរីភាព​បណ្តោះអាសន្ន។

ជាមួយ​បដាបរិហារ និង​ទាមទារ​ការ​រំលាយ​មាត្រា​១១២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញចែង​អំពី​ការ​ដាក់​ទោស​អ្នកប្រមាថ​រាជា​និយម​ដល់​១៥ឆ្នាំក្នុង​ពន្ធនាគារ ក្បួន​បាតុកម្ម​បាន​ដើរ​ដង្ហែ​កាត់ក្រុង​បាងកក​សំដៅ​រដ្ឋ​​សភា។​ ទី​ដែល​តំណាងរាស្ត្រ​ត្រូវ​បោះឆ្នោត​លើគម្រោង​វិសោធនកម្ម​​ច្បាប់​ រដ្ឋធម្មនុញ្ញ​​ចំនួន​១៣ នៅ​ពេល​យប់​ជ្រៅ​ថ្ងៃទី ២៤​មិថុនា​នេះ​ផង។

ចលនា​ប្រជាធិបតេយ្យ​​បាន​ទាមទារ​ឱ្យ​លោក ​ ​ប្រាយុទ្ធ​ចាន់អូចា ដែល​ជា​អតីត​ឧត្តមសេនីយ៍​បាន​ឡើង​ជា​នាយករដ្ឋមន្ត្រីតាមរយៈ​រដ្ឋប្រហារ​ កាលពី​ឆ្នាំ​២០១៤ និង​តាមរយៈ​ការ​បោះឆ្នោត​សភា នៅ​៥ឆ្នាំបន្ទាប់ លាលែង​ចេញ​ពី​តំណែង។ ក្រុមបាតុករ​ក៏​បាន​ទាមទារ​ទៀត ឱ្យ​មានការ​សើរើ​រដ្ឋធម្មនុញ្ញ ដែល​ការពារ​ក្រុមយោធា​ជ្រុល ព្រមទាំង​ចង់​បាន​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ប្រព័ន្ធ​រាជានិយម​ ដែលការពារ​គ្រួសាររាជវង្ស​បំផុត និងដែល​​​គ្មាន​នរណា​ហ៊ាន​និយាយ​ប៉ះពាល់សោះ​ពី​មុន​មក​។

លោក ផាឡង ប្រាចារ៉ាត តំណាងរាស្ត្រម្នាក់​ នៃ​បក្ស​កាន់អំណាច​បាន​ចេញ​មុខ មក​​ធានា​អះអាងប្រាប់​​​បាតុករ ថា រដ្ឋាភិបាលដែល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​សេដ្ឋកិច្ច​និង​វិបត្តិ​កូវីដ១៩ ត្រៀមខ្លួន​​ស្តាប់​សំណើ​របស់​បាតុករ​ហើយ។

ចលនាបាតុកម្ម​ប្រជាធិបតេយ្យ​ បាន​ឡើងសន្ទុះ​ខ្លាំង កាលពី​ឆ្នាំទៅ ដោយ​​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ ជា​ច្រើន​ម៉ឺននាក់ នៅទីក្រុង​បាងកក។ បាតុកម្ម​ដែល​រងការ​បង្ក្រាប​ និង​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើននាក់ ក្នុងនោះ​ប្រមាណ​១៥០នាក់​ រងការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​រាជានិយម។ ចលនាប្រឆាំង​បាន​ចុះ​ថយ​ឥទ្ធិពលបន្តិច​នា​រយៈ​ពេល​​ចុងក្រោយ​​ដោយ​ហេតុ​អាជ្ញាធរ​យក​ច្បាប់​ការពារ​រាជានិយម​មកធ្វើ​ជាអាវុធផង និង​ដោយ​ហេតុ​មាន​ការ​ផ្ទុះ​កូវីដ​១៩​ខ្លាំង​ផង។ ប៉ុន្តែ​បាតុកម្ម​នៅ​តែបន្តមាន​យូរៗ​ម្តង​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ