អានតួអត្ថបទ
បារាំង-អ៊ុយហ្គួរ

តុលាការបារាំង​អង្កេត​លើក្រុមហ៊ុនលក់សំលៀកបំពាក់ដែលជាប់សង្ស័យ​​បិទបាំង​ឧក្រិដ្ឋកម្ម​លើជនជាតិអ៊ុយហ្គួរ

នាយកដ្ឋាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៃ​អយ្យការជាតិបារាំង​ប្រឆាំង​ភេរវនិយម​បាន​សម្រេច​បើក​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុនលក់សំលៀកបំពាក់​ចំនួន ៤ ក្នុងបទ​ចោទប្រកាន់​លាក់បាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ប្រព្រឹត្តទៅលើ​ជនជាតិ អ៊ុយហ្គួរក្នុង​ខេត្ត​ស៊ីនជាំង ភាគពាយ័ព្យ​ប្រទេស​ចិន។ នៅថ្ងៃ​ព្រហស្បតិ៍ទី ១​កក្កដា មេធាវី​របស់​ដើមបណ្តឹង បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា ក្រុមហ៊ុន​លក់សំលៀកបំពាក់​ម៉ាកជប៉ុន​Uniqlo ប្រចាំប្រទេស​បារាំង និង​ក្រុមហ៊ុន​ម្ចាស់ហាង​សំលៀកបំពាក់​ ស្បែកជើង ចំនួន ៣ទៀត បានក្លាយជាផ្ទាំងស៊ីបស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​បារាំង តាំង​ពី​ចុងខែ មិថុនា។

កម្មការនី​ម្នាក់ធ្វើការ​នៅរោងចក្រ​ផលិតសរសៃអំបោះ​នៅ​ខេត្ត​ស៊ីនជាំង
កម្មការនី​ម្នាក់ធ្វើការ​នៅរោងចក្រ​ផលិតសរសៃអំបោះ​នៅ​ខេត្ត​ស៊ីនជាំង AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

តាម​មេធាវី​របស់​ក្រុមដើមបណ្តឹង គឺ​លោក​ William Bourdon ក្រុម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិនៃ​អយ្យការ​ជាតិ​បារាំង​បាន​សម្រេច​បើកការស៊ើបអង្កេត​លើ​ក្រុមហ៊ុន​សំលៀកបំពាក់​ ៤ នៅបន្ទាប់ពីបានទទួលពាក្យបណ្តឹង ពី សមាគម​​ប្រឆាំង​អំពើពុករលួយ ក្រុមការពារ​វិជ្ជាជីវៈ វិទ្យាស្ថានអ៊ុយហ្គួរ​នៅអឺរ៉ុប និង​ស្រ្តីអ៊ុយហ្គួរម្នាក់ ដែលធ្លាប់​ជាប់​ក្នុង​មណ្ឌលលត់ដំ​ក្នុង​ខេត្ត​ស៊ីនជាំង។

នៅក្នុង​ពាក្យ​បណ្តឹង​ទៅកាន់​អយ្យការបារាំង ក្រុមសមាគម និងជនជាតិ​អ៊ុយហ្គួរ​ខាងលើ​បាន​ចោទប្រកាន់ ក្រុមហ៊ុន​នាំចូល និងលក់សំលៀកបំពាក់ ស្បែកជើង ទាំង​៤​ ពីបទ​លាក់បាំង ឧក្រិដ្ឋកម្ម​ដែល​បាន​ចាប់បង្ខំមនុស្ស​ឲ្យធ្វើការ​ធ្ងន់ធ្ងរ ឧក្រិដ្ឋកម្ម​រៀបចំជា​ក្រុម ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ឧកិ្រដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ដោយ​ពឹងផ្អែក​លើ​របាយការណ៍​របស់​វិទ្យាស្ថាន​អូស្រ្តាលី ឈ្មោះ Australian Strategic Policy Institute សមាគម​ខាងលើ​ស្តីបន្ទោស​ក្រុមហ៊ុន​ ៤ ដូចជា​ក្រុមហ៊ុន សំលៀកបំពាក់​ម៉ាកជប៉ុន Uniqlo ក្រុមហ៊ុន​Inditex ដែលជាម្ចាស់ម៉ាក​Zara Massimo Duti ក្រុមហ៊ុន SMCP ម្ចាស់​ម៉ាក Sandro Maje  និង​ក្រុមហ៊ុន​ស្បែកជើង Skechers ថា ធ្វើជំនួញ លក់​ផលិតផល ដែល​ផលិតឡើង​ទាំងស្រុង ឬ មួយផ្នែក នៅ​តាម​រោងចក្រ ដែល​ជនជាតិ​អ៊ុយហ្គួរធ្វើការ​ដោយ​ចាប់បង្ខំ។

សម្រាប់​សមាគម​ដើម្បី​បុព្វហេតុ​ជនជាតិ​អ៊ុយហ្គួរ ក្រុមហ៊ុន​ជប៉ុន អេស្ប៉ាញ បារាំង អាមេរិកាំង​ទាំង ៤​មិនបាន​យកចិត្តទុកដាក់ ឬ​ប្រឹងប្រែង​ត្រួតពិនិត្យ ដើម្បី​ធានាថា ផលិតផល​សំលៀកបំពាក់របស់ខ្លួន គ្មានជាប់ពាក់ព័ន្ធ​នឹង​ការរំលោភ ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិអ៊ុយហ្គួរ។

សម្រាប់​សមាជិកសភាអឺរ៉ុប លោក Raphaël Glucksmann ក្រុមហ៊ុន​ពហុជាតិ​ខាងលើបានរកប្រាក់ចំណេញ​លើ​ខ្នងជនជាតិភាគតិចអ៊ុយហ្គួរ ដែលត្រូវ​ធ្វើការងារ​ដោយបង្ខំ​នៅប្រទេស​ចិន។ ក្រុមហ៊ុន​ដែលរងការចោទប្រកាន់​ដូចជា Uniqlo បានរុញច្រាន​ការចោទប្រកាន់។ ក្រុមហ៊ុន​Uniqlo ផ្ទាល់​ ធ្លាប់បាន​ចូល​រួម ជាមួយ ក្រុមហ៊ុន​សំលៀកបំពាក់​ដទៃទៀត ដូចជា H&M Nike Adidas​ដើម្បី​ធ្វើ​ពហិការ​មិនប្រើ​សរសៃកប្បាស​ដាំ នៅ​ខេត្ត​ស៊ីនជាំង ដើម្បី​ប្រឆាំង​នឹង​ការងារ​ចាប់បង្ខំលើ​ប្រជាជនអ៊ុយហ្គួរ។ ប៉ុន្តែ ជាលទ្ធផល​ទទួលបានមកវិញ ក្រុមហ៊ុន​អឺរ៉ុប និង​អាមេរិកាំង​ខាងលើ​បានក្លាយ​ជា​ផ្ទាំងស៊ីប​របស់​ក្រុមជាតិនិយម​ចិន​ដែលបាន​អំពាវនាវ​ឲ្យ​គេ​ធ្វើ​ពហិការ​មិនទិញ ផលិតផល​​របស់​ក្រុមហ៊ុន​អឺរ៉ុប ក្រុមហ៊ុន​អាមេរិកាំង។

អង្គការ​ការពារ​សិទ្ធិមនុស្ស​បានចោទ​រដ្ឋអំណាច​ប៉េកាំង​ថា បាន​ចាប់ឃុំ​ជនជាតិ​អ៊ុយហ្គួរ ជាង​១លាននាក់ ក្នុង​មណ្ឌលលត់ដំ និងចាប់​ធ្វើការដោយ​បង្ខំ នៅតាមរោងចក្រ​នានា​ក្នុង​ប្រទេស​ចិន។​ របបកុម្មុយនិស្ត​ចិន​បានបដិសេធការចោទប្រកាន់ និង​អះអាងថា​ មណ្ឌល​អប់រំ​ជួយ​ប្រជាជន​អ៊ុយហ្គួរ​ឲ្យឃ្លាតឆ្ងាយ​ពី​ចលនា​ភេរវនិយម និង​ក្រុមអ៊ីស្លាមជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ