អានតួអត្ថបទ
ហុងកុង-ផែនការភេរវកម្ម

ប៉ូលិស​ហុងកុង​ចាប់​ខ្លួន​ជន​សង្ស័យ​ ៩​នាក់​ពី​បទ​រៀប​ចំ​​ផែន​ការ​បង្ក​ភេរវកម្ម

នៅហុងកុង​ ប៉ូលិស​បាន​ប្រកាស​នា​ថ្ងៃអង្គារ​ ទី៦​ កក្កដា​នេះ​ អំពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៩នាក់​ពី​បទ​ព្យាយាម​ផលិត​គ្រឿងផ្ទុះ​ដើម្បី​ត្រៀម​បង្ក​សកម្មភាព​ភេវរកម្ម។ ​ក្នុង​ចំណោម​ជន​សង្ស័យទាំងអស់​ មាន​ ៦ នាក់​ គឺជា​សិស្ស​អនុវិទ្យាល័យ​​។

សម្រាប់ប្រតិបត្តិការចុងក្រោយនេះ ប៉ូលិសហុងកុង បានឲ្យដឹងថា ពួកគេរឹបអូសយកវត្ថុតាងផ្សេងៗរួមមាន វត្ថុមានជាតិផ្ទុះ វត្ថុធាតុដើម ដើម្បីផលិតគ្រឿងផ្ទុះ TATP កាំភ្លើងខ្យល់ ទូរស័ព្ទចល័ត និង ស៊ីមកាតជាដើម។
សម្រាប់ប្រតិបត្តិការចុងក្រោយនេះ ប៉ូលិសហុងកុង បានឲ្យដឹងថា ពួកគេរឹបអូសយកវត្ថុតាងផ្សេងៗរួមមាន វត្ថុមានជាតិផ្ទុះ វត្ថុធាតុដើម ដើម្បីផលិតគ្រឿងផ្ទុះ TATP កាំភ្លើងខ្យល់ ទូរស័ព្ទចល័ត និង ស៊ីមកាតជាដើម។ AFP - PETER PARKS
ផ្សាយពាណិជ្ជកម្ម

បើតាម​ប៉ូលិស​ហុងកុង​ មនុស្ស​ប្រុស​ ៥នាក់ និងស្រី ៤ នាក់​មាន​​អាយុ​ចន្លោះពី ១៥ ទៅ ៣៩ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទម្សិលមិញ​ពី​បទ​សមគំនិតគ្នា​ក្នុង​ការប៉ុនប៉ង​ប្រើ​ប្រាស់​អាវុធ​ជាតិ​ផ្ទុះ​សម្រាប់​សកម្មភាព​ភេរវកម្ម​។

“ប្រតិបត្តិការចាប់ខ្លួន​ធ្វើឡើង​​ដើម្បី​ប្រឆាំងនឹង​ក្រុម​ក្មេង​ទំនើងដែល​បានព្យាយាម​ផលិត​គ្រឿងផ្ទុះ​ TATP​ នៅក្នុង​បន្ទប់​ពិសោធន៍​មួយដែល​គេ​បង្កើតឡើង​ខាងក្នុង​អគារ​សម្រាប់​ជួលស្នាក់នៅមួយកន្លែង​”។ នេះ​គឺជា​ប្រសាសន៍​របស់​លោក ស្ទីវ លី (Steve Li) ដែលជា​មេដឹកនាំប្រតិបត្តិការ​ មកពី​អង្គភាព​សន្តិសុខ​ជាតិ​ថ្មី​របស់​ក្រុង​ហុងកុង​។ លោកបាន​ប្រាប់ក្រុមអ្នកយកព័ត៌មានថា​ TATP​ គឺជា​ប្រភេទ​គ្រឿងផ្ទុះ​ដែល​មាន​ថាមពល​ខ្លាំង​។

ប៉ូលិសហុងកុង​បាន​និយាយថា​ជនសង្ស័យទាំង៩ នាក់គឺជា​សមាជិក​របស់​ក្រុម​គាំទ្រ​ឯករាជ្យ​មួយ​ ដែលបានហៅខ្លួនឯងថា​ “Returning Valiant” ឬ​ប្រែជាភាសាខ្មែរថា​ “ការ​ត្រឡប់​មកវិញ​នៃ​ភាពក្លាហាន​”។ ជន​ដែល​ត្រូវបានចាប់ខ្លួន​រួម​មាន​សិស្សវ័យជំទង់​ ៦ នាក់ និង​មនុស្ស​ពេញវ័យ​ ៣ នាក់​ ដែលពីរ​នាក់​ធ្លាប់​ធ្វើការ​នៅ​សាកល​វិទ្យាល័យ​និង​អនុវិទ្យាល័យ​មួយកន្លែង​ ហើយ​ម្នាក់​ចុង​ក្រោយគេមានមុខរបបរជាអ្នកបើកបរ​។

ប្រធានដឹកនាំ​ប្រតិបត្តិការបង្ក្រាប​ លោកលី បានឲ្យដឹងថា​ ពួកគេទាំង៩ នាក់ បាន​រៀប​គម្រោង​វាយប្រហារទីតាំង​សាធារណៈ​ជាច្រើន​ មានដូចជា ​ផ្លូវរូងក្រោមដី​ បណ្តាញផ្លូវដែក​ និង​បន្ទប់​សវនាការ​។

គួរជ្រាបថា​ ដំណឹងអំពីការចាប់ខ្លួនជនសង្ស័យទាំង​ ៩នាក់​ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពីបុរសវ័យ​ ៥០ ឆ្នាំម្នាក់​បានសម្លាប់ជីវិតខ្លួនឯង​ បន្ទាប់ពីបានធ្វើសកម្មភាព​ចាក់ទៅលើ​ប៉ូលិសម្នាក់​រួចមក​។ គួរជ្រាបដែរថា​ អាជ្ញាធរហុងកុង​ បាន​ចេញ​ប្រតិបត្តិការ​ចាប់ខ្លួន​ជាច្រើនដង​ក្នុងរយៈពេលពីរ​ឆ្នាំចុង​ក្រោយ​នេះ​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​បំផ្ទុះគ្រាប់បែក​ ទោះបីជាគ្មានការវាយប្រហារ​ធំណា​មួយត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​ក៏ដោយ​។

សម្រាប់ប្រតិបត្តិការចុងក្រោយនេះ​ ប៉ូលិសហុងកុង​បានឲ្យដឹងថា​ពួកគេ​រឹបអូសយក​វត្ថុតាងផ្សេងៗ​រួមមាន​ វត្ថុមានជាតិផ្ទុះ​ វត្ថុធាតុដើម​ដើម្បីផលិតគ្រឿងផ្ទុះ​ TATP កាំភ្លើងខ្យល់ ទូរស័ព្ទចល័ត​ និងស៊ីមកាតជាដើម​។ ក្រៅពីនេះ​ ពួកគេក៏បាន​រកឃើញ​សាច់ប្រាក់​ចំនួន​ប្រមាណ ១១ ៥៨៥ ដុល្លារ និងលុយ​បង្កក​ក្នុង​គណនីធនាគារ​ប្រមាណ ៧ ៧២៥ ដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ