អានតួអត្ថបទ
ថៃ-កូវីដ១៩

ថៃ​ដាក់​ចេញ​វិធាន​ការ​រឹត​ត្បិត​ក្នុង​ក្រុង​បាង​កក​និង​ខេត្ត​៩​ផ្សេង​ទៀត​ដើម្បី​ទប់​ស្កាត់​កូវីដ

នៅក្នុងទីក្រុងបាងកកប្រទេសថៃ ប្រជាជនជាង ១០ លាន​នាក់​ ត្រូវ​បាន​អាជ្ញាធរ​​ដាក់​ឲ្យ​នៅ​ក្រោម​វិធាន​ការ​រឹតបន្តឹង​ និង​បម្រាម​គោចរ នាថ្ងៃចន្ទ ១២ កក្កដានេះ​។ ក្រៅពី​ក្រុង​បាងកក​ អាជ្ញាធរថៃ ក៏បាន​សម្រេច​ដាក់​ខេត្ត​ ​៩​ផ្សេងទៀត​នៅ​ក្រោម​វិធានការ​រឹតត្បិត​ដែរ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាលកូវីដ​ខ្លាំង​បង្កឡើង​ដោយ​មេរោគ​បំប្លែងខ្លួន​ “ដែលតា​” និង​ “អាល់ហ្វា”​។

រាជធានីនិងខេត្តចំនួន ៩ របស់ប្រទេសថៃកំពុងស្ថិតនៅក្រោមវិធានរឹតត្បិត ខណៈករណីឆ្លងកូវីដមានការកើនឡើងជាលំដាប់។ វិធានការទប់ស្កាត់ជំងឺកូវីដ១៩ បានចូលជាធរមាននាថ្ងៃចន្ទ ទី១២ កក្កដា ឆ្នាំ២០២១នេះ។
រាជធានីនិងខេត្តចំនួន ៩ របស់ប្រទេសថៃកំពុងស្ថិតនៅក្រោមវិធានរឹតត្បិត ខណៈករណីឆ្លងកូវីដមានការកើនឡើងជាលំដាប់។ វិធានការទប់ស្កាត់ជំងឺកូវីដ១៩ បានចូលជាធរមាននាថ្ងៃចន្ទ ទី១២ កក្កដា ឆ្នាំ២០២១នេះ។ Lillian SUWANRUMPHA AFP
ផ្សាយពាណិជ្ជកម្ម

គិតមកដល់ពេលនេះ​ ប្រទេសថៃ​បាន​កត់ត្រា​តួលេខ​ឆ្លង​កូវីដ​ជាង​ ៣២​៦ ០០០ ករណី​ និង​មាន​ស្លាប់​ចំនួន​ ២ ៧១១ នាក់​។ ករណីឆ្លង​និង​ស្លាប់ជាច្រើន​បាន​កើតឡើង​ក្រាយ​រលក​កូវីដ​ថ្មី​ចាប់​វាយ​លុក​ប្រទេសថៃ​ក្នុង​ខែ​មេសាមក​។

ការ​ផ្ទុះករណីឆ្លង​ជា​ថ្មី​ ត្រូវបាន​រកឃើញដំបូង​នៅក្នុង​ក្លឹបជាច្រើន​ស្ថិត​ក្នុង​មណ្ឌល​កម្សាន្ត​រាត្រី​ទីក្រុង​បាងកក​ដែលជា​កន្លែង​គេ​ឧស្សាហ៍​ក្រុម​អ្នក​មានលុយ​ និង​អ្នក​នយោបាយថៃ​។ ករណីឆ្លង​កូវីដនៅថៃ​បាន​កើន​ឡើង​ខ្លាំង​ដោយហេតុថា​ការ​ចាក់​វ៉ាក់សាំង​យឺត​ ហើយ​សមត្ថភាព​ធ្វើ​តេសត្ត​រក​កូវីដនៅ​មានកំណត់​។

ក្រៅពីរាជធានីបាងកក​ ខេត្តរបស់ថៃចំនួន​៩ផ្សេងទៀត​​ក៏កំពុង​ប្រឈមនឹង​ការ​កើនឡើង​នៃ​ករណី​ឆ្លងកូវីដ​ជាលំដាប់​ និង​ត្រូវបានដាក់ឲ្យស្ថិតនៅក្រោម​វិធានការរឹតត្បិតដែរ​។ វិធានការ​រឹតបន្តឹង​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ​ ទី១២ កក្កដា ឆ្នាំ ២០២១នេះ​។

ប៉ុស្តិ៍ត្រួតពិនិត្យ​របស់​ប៉ូលិសជាច្រើន​ ត្រូវបាន​ដំឡើងនៅ​ពាសពេញទីក្រុងបាងកក​នាព្រឹក​ថ្ងៃចន្ទនេះ​ ខណៈ​បម្រាមគោចរ​ចាប់ផ្តើមពីម៉ោង​ ៩ យប់​ ដល់​ម៉ោង​ ៤ ទៀបភ្លឺ​។ ប្រជាពលរដ្ឋ​មិនត្រូវ​បាន​អនុញ្ញាតឲ្យ​ប្រមូលផ្តុំគ្នាជាក្រុម​ដែល​មាន​មនុស្សច្រើនជាង ៥ នាក់នោះទេ​។ ចំណែក​បណ្តាញដឹកជញ្ជូនសាធារណៈវិញ​ នឹង​ត្រូវ​បិទ​ចាប់ពីម៉ោង​ ៩ យប់​។

ផ្សារទំនើប​ ភោជនីយដ្ឋាន ​ធនាគារ ​ឱសថស្ថាន និង​ហាងលក់គ្រឿង​អេឡិចត្រូនិក​នៅតាមផ្សារនានា​នឹងអាច​នៅបន្ត​បើកទ្វារបាន​ ប៉ុន្តែហាងផ្សេងទៀត​ត្រូវ​បាន​តម្រូវឲ្យ​បិទទ្វារ​។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់អូចា​ បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ ជុំវិញ​ចំណាត់​ការ​គ្រប់គ្រងជំងឺកូវីដ​ ហើយប្រជាជនថៃ​ជាច្រើន​កាន់តែ​មានកំហឹងខ្លាំង​ទៅទៀត​ ចំពោះវិធានការថ្មី​ដែល​ទើប​ដាក់​ចូល​ជាធរមាន​នៅថ្ងៃចន្ទនេះ​។ ពលរដ្ឋថៃ​មួយ​ចំនួន​បាននិយាយថា​អាជ្ញាធរ​ គួរណាស់​តែឆាប់​ចាត់​វិធាន​ការរឹតបន្តឹង​ឲ្យលឿន​​ជាងនេះ​ ពោលគឺមុន​ពេលដែល​ករណីឆ្លង​ថ្មី​ចាប់​ផ្ទុះ​រីក​រាល​ដាលខ្លាំង​ក្នុង​ចំណោម​ប្រជាជន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ