អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ក្រុមតាលីបង់​​បង្កើនការវាយប្រហារ និង​សម្លាប់បាន​មន្រ្តីជាន់​ខ្ពស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន

ក្រុមតាលីបង់​បាន​សម្លាប់ មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​វាយដណ្តើមយកបាន ជាលើកដំបូង ទីក្រុង​មួយ​របស់​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ កំពុង​ជាប់ដៃប្រយុទ្ធ​ជាមួយកងទ័ព​រដ្ឋាភិបាល ក្រុមតាលីបង់​ដែល​ចង់​បង្កើតរបបគ្រប់គ្រងបែប​អ៊ីស្លាមតឹងរ៉ឹង បាន​ប្រកាស​ទទួលខុសត្រូវលើ​ឃាតកម្ម​សម្លាប់​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន កាលពី​ថ្ងៃ​សុក្រ ទី ៦​សីហា។

យុវជនអាហ្វហ្កានីស្ថាន​នៅ​ប៉ុស្ត​ត្រួតពិនិត្យក្រុង​កាប៊ូល នៅខែ មេសា ២០២១
យុវជនអាហ្វហ្កានីស្ថាន​នៅ​ប៉ុស្ត​ត្រួតពិនិត្យក្រុង​កាប៊ូល នៅខែ មេសា ២០២១ REUTERS - Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

ប្រធាន​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ ព័ត៌មាន​របស់​រដ្ឋាភិបាល អាហ្វហ្កានីស្ថាន លោក​Dawa Khan Menapal ត្រូវ​បាន​ជនប្រដាប់អាវុធ​តាលីបង់ បាញ់​សម្លាប់ នៅក្នុង​ពិធី​សូត្រធម៌ នៅ​ព្រះវិហារ​អ៊ីស្លាម ក្នុង​រដ្ឋធានី​កាប៊ូល កាលពី​ល្ងាច​ថ្ងៃ​សុក្រ។ លោក​ជា​មន្រ្តី​ម្នាក់​ក្នុងចំណោម​មន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ជាច្រើននាក់​ដែល​បាន​ក្លាយជា​ផ្ទាំងស៊ីបវាយប្រហារ របស់​ពួកតាលីបង់ នៅប៉ុន្មាន​ថ្ងៃ​មកនេះ។ កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្រ្តីការពារ​ជាតិ​អាហ្វហ្កានីស្ថាន បាន​រួចរស់​ផុត​ពី​ការប៉ុនប៉ង​ធ្វើឃាត​បំផ្ទុះគ្រាប់បែក របស់​ពួកទាហាន​តាលីបង់ ដែល​បាន​បន្លំខ្លួន ចូល​វាយប្រហារក្នុងទីក្រុង​កាប៊ូល។

នៅ​ថ្ងៃ​សុក្រនេះ អ្នកនាំពាក្យរបស់​ពួក​តាលីបង់ បាន​ចេញមុខ​ប្រកាស​ទទួលស្គាល់​ឃាតកម្ម ទៅលើ​មន្រ្តីព័ត៌មាន​អាហ្វហា្កនីស្ថាន​ថា ជា​ស្នាដៃ​របស់​កងកម្លាំងពិសេស របស់តាលីបង់។ នៅក្រោយ​បរាជ័យ មិនអាច​សម្លាប់​រដ្ឋមន្រ្តីការពារជាតិអាហ្វហ្កានីស្ថាន ក្រុមតាលីបង់​ធ្លាប់​បាន​ព្រមាន​តាំង​ពីថ្ងៃ​ពុធ​ថា នឹងតាម​សម្លាប់​មន្រ្តីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដើម្បី​សងសឹក​នឹងការវាយប្រហារ របស់​កងទ័ពអាហ្វហ្កានីស្ថាន​ទៅលើ​ក្រុមតាលីបង់ នៅ​តំបន់ភាគខាងត្បូង អាហ្វហ្កានីស្ថាន។

នៅប៉ុន្មាន​សប្តាហ៍មកនេះ កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន រួម​ជាមួយ អាមេរិក​បាន​បង្កើន​ការវាយប្រហារ​តាមផ្លូវ​អាកាស ទៅលើ​ក្រុមតាលីបង់ ដែល កំពុង​វាយសម្រុក ចូល​កាន់តែ​កៀក ឡោមព័ទ្ធ ទីក្រុងធំៗ​នៅភាគខាងត្បូង អាហ្វហ្កានីស្ថាន ដូចជា Kandahar និង​Hérat ជាដើម។ នៅ​ថ្ងៃ​សុក្រ ទីក្រុង Zaranj ក្នុង​ខេត្ត​Nimroz ភាគនិរតី ជាប់ព្រំដែន​អ៊ីរ៉ង់​បានក្លាយ​ជា​ទីក្រុង​លើកដំបូង គេរបស់​រដ្ឋាភិបាល​ដែល​បានធ្លាក់ក្នុងដៃ​របស់​ពួកតាលីបង់។

បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អាហ្វហ្កានីស្ថាន​ធ្លាប់​បាន​សំដែងក្តីបារម្ភ ពី​សុវត្ថិភាព សន្តិសុខ​របស់​ប្រជាជន​ស៊ីវិល រាប់ម៉ឺននាក់​ដែលនៅជាប់គាំង ក្នុងសមរភូមិ ប្រយុទ្ធ​រវាង​ពួកតាលីបង់ និង​កងទ័ព​រដ្ឋាភិបាល។

ការវាយសម្រុក បោះជំហានទៅ​មុខ របស់​ពួកតាលីបង់ នៅអាហ្វហ្កានីស្ថាន ក៏ជាប្រធានបទ​សំខាន់​មួយដែរ នៃ​ជំនួបកំពូល​របស់​មេដឹកនាំ​បណ្តាប្រទេស​អាស៊ីកណ្តាល កាលពីថ្ងៃ​សុក្រ។ ថ្វីត្បិតថា ក្រុមតាលីបង់ ធ្លាប់​សន្យាថា នឹង​មិនគំរាមកំហែង​ប្រទេសជិតខាង នៅ​តំបន់​អាស៊ីកណ្តាល  ដោយ​បាន​កសាង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អ៊ូសបេគីស្ថាន និង​តួកមេនីស្ថានក្តី ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា ស្ថានភាព​សន្តិសុខ កាន់តែ​ធ្លាក់​ចុះអាក្រក់ នៅអាហ្វហ្កានីស្ថាន នឹង​គំរាមកំហែង​ទាំងស្រុង ដល់​តំបន់អាស៊ីកណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ