អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាហ្វហ្កានីស្ថាន

ក្រុមតាលីបង់​វាយដណ្តើមកាន់កាប់​ទីក្រុង​កាន់តែច្រើន​របស់​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន

បន្ទាប់ពីវាយដណ្តើមយកបានទីក្រុង​ទី២​របស់​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្នុង​រយៈពេល តែ​២៤​ម៉ោង ក្រុមតាលីបង់​បាន​ប្រកាស​នៅថ្ងៃ​អាទិត្យទី ៨ សីហាថា ខ្លួន​ទើប​វាយចូលគ្រប់គ្រង​ទីក្រុង​មួយទៀត គឺ​ទីក្រុងKunduz នៅប៉ែកខាងជើង​អាហ្វហ្កានីស្ថាន។ នៅថ្ងៃ​សៅរ៍ ស្ថានទូតអាមេរិក​ប្រចាំទីក្រុង​កាប៊ូល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋអាមេរិក​ចាកចេញជាបន្ទាន់ពី​អាហ្វហ្កានីស្ថាន ដោយយោង​ទៅលើ​ស្ថានភាពសន្តិសុខ និង​ការវិវឌ្ឍន៍ចុងក្រោយ នៅអាហ្វហ្កានីស្ថាន។

ទាហាន​អាហ្វហ្កានីស្ថាន​នៅមុន​ដកខ្លួន​ចេញពីទីក្រុង​Kuduz នៅចំពោះមុខការវាយប្រហារ​ខ្លាំង​របស់​ពួកតាលីបង់​ថ្ងៃទី ៨​សីហា ២០២១
ទាហាន​អាហ្វហ្កានីស្ថាន​នៅមុន​ដកខ្លួន​ចេញពីទីក្រុង​Kuduz នៅចំពោះមុខការវាយប្រហារ​ខ្លាំង​របស់​ពួកតាលីបង់​ថ្ងៃទី ៨​សីហា ២០២១ AP - Samiullah Quraishi
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ ៣ថ្ងៃ ក្រុមតាលីបង់ បាន​វាយដណ្តើម យកបាន​ទីក្រុង ចំនួន​៤ របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ នៅថ្ងៃ​អាទិត្យ បន្ទាប់ពី​ទីក្រុង Kunduz ទីក្រុងSar e Pul នៅប៉ែកពាយ័ព្យ​បានក្លាយ​ជាទីក្រុង​ទី​៤​របស់អាហ្វហ្កានីស្ថាន ដែលធ្លាក់ក្នុងដៃរបស់ពួកតាលីបង់។

តាម​ក្រុមប្រឹក្សា​ខេត្ត​Sar e Pul ទីក្រុង​ទាំងមូល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ពួកតាលីបង់​ដែល​កំពុងបន្ត​ឡោមព័ទ្ធ កងពល​អាហ្វហ្កានីស្ថាន នៅ​ជាយក្រុង។

ឆ្លៀតឱកាស​ដែល​កងទ័ពបរទេស ជាពិសេស កងទ័ពអាមេរិក​ត្រូវ​ដកចេញ​ពីអាហ្វហ្កានីស្ថាន យ៉ាងយូរបំផុត នៅថ្ងៃទី ៣១​សីហា ក្រុមតាលីបង់​បាន​បើក​ការវាយប្រហារ​ទៅលើ​កងទ័ព​រដ្ឋាភិបាល​៣ខែ​មកនេះ ដោយ​បាន​ចូល​ទៅ​ឡោមព័ទ្ធ​ទីក្រុងធំៗ របស់​អាហ្វហ្កានីស្ថាន

កាលពី​ថ្ងៃ​សុក្រ ក្រុមតាលីបង់​បានវាយចូល​គ្រប់គ្រងជា​លើកទី​១​ទីក្រុង Zaranj ជាប់ព្រំដែន​អ៊ីរ៉ង់។ តាម​សាក្សី​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង បាន​សម្ភាសន៍សាកសួរ បន្ទាប់ពីឮ​សន្ធឹកគ្រាប់កាំភ្លើង និង​គ្រាប់បែក គេ​ឃើញ​ពួកទាហាន​តាលីបង់​ដើរចូល​ទីក្រុង ដោយ​គ្មានការបាញ់តដៃច្រើន​ពី​កងទ័ព​រដ្ឋាភិបាល។ សាក្សី​ជាច្រើន​និយាយថា គេឃើញ​កងទ័ពរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ដកខ្លួនថយ​ចេញពីសមរភូមិប្រយុទ្ធ ដោយ​បណ្តោយទុក​ឲ្យ​ពួកតាលីបង់​ចូលកាន់កាប់ទីក្រុង។

ហេតុអ្វីបានជា​កងទ័ពរដ្ឋាភិបាល មិនតស៊ូប្រយុទ្ធតទល់​នឹង​ពួកតាលីបង់?

កន្លងមក មន្រ្តីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ធ្លាប់​អះអាងថា​ ប្រឈម​នឹង​ការវាយប្រហារ​របស់​ពួកតាលីបង់ នៅគ្រប់មុខព្រួញ កងទ័ពរដ្ឋាភិបាល​សម្រេចដកខ្លួន​មក​ការពារ​ទីក្រុង​ធំៗ​របស់​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ អ្នកជំនាញ​មួយចំនួន​យល់ថា យុទ្ធនាការ​ឃោសនា​របស់​ពួកតាលីបង់​ដែល​ផ្សព្វផ្សាយ​មិនឈប់​ពី​ជ័យជំនះ និង​ការវាយដណ្តើមយកបាន ជាបន្តបន្ទាប់​ទីតាំង​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បានធ្វើ​ឲ្យ​កងទ័ព​អាហ្វហ្កានីស្ថាន​បាក់ទឹកចិត្ត ដោយពេលខ្លះ ពួកគេ​មួយចំនួន បាន​ទម្លាក់អាវុធ រត់ចោល​សមរភូមិប្រយុទ្ធ។ ក្រុមតាលីបង់​បាន​វាយដណ្តើម​គ្រប់គ្រង​តំបន់ និង​ប៉ុស្តត្រួតពិនិត្យ​ព្រំដែន ជាច្រើន ដែល​សុទ្ធសឹង​ជា​ច្រកចេញចូល នាំប្រភពចំណូល​សំខាន់​សម្រាប់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដូចជា​នៅព្រំដែនអ៊ីរ៉ង់ ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន។

ការបោះជំហាន លឿនទៅមុខ របស់​ពួកតាលីបង់ ដោយ​វាយដណ្តើម​ចូលកាន់កាប់​ទីក្រុងកាន់តែច្រើន​របស់អាហ្វហ្កានីស្ថាន បាន​បង្កើត​ឲ្យ​មាន​ក្តីបារម្ភ​ពី​សន្តិសុខ សុវត្ថិភាព ក្នុង​រដ្ឋធានីកាប៊ូល។

ការវាយប្រហារ​ភេរវកម្ម រៀបចំ​ឡើង​ដោយ​ក្រុមតាលីបង់ នៅ​កាប៊ូល ដែល​បាន​សម្លាប់​ ប្រធានមជ្ឈមណ្ឌល​ព័ត៌មាន​របស់​រដ្ឋាភិបាល អាហ្វហ្កានីស្ថាន ជាសញ្ញា​នៃ​អសន្តិសុខ មួយទៀត  ដែល​ធ្វើ​ឲ្យ​ស្ថានទូតអាមេរិក​ចាត់វិធានការ​ដូច​ស្ថានទូត​អង់គ្លេស ដោយ​បាន​ប្រកាស​ឲ្យ​ពលរដ្ឋរបស់ខ្លួន​ចាកចេញ​ពីអាហ្វហ្កានីស្ថាន។ តាម​ការប្រកាស​របស់​ស្ថានទូត​អាមេរិក នៅទីក្រុង​កាប៊ូល ដោយ​យោង​ទៅលើ​ស្ថានភាព​អសន្តិសុខ ហើយ​និង​ កម្លាំងការពារ សន្តិសុខ​មានចំនួន​កំណត់ ពលរដ្ឋអាមេរិក​ត្រូវ​ចាកចេញ​ជាបន្ទាន់ពីអាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ