អានតួអត្ថបទ
រ៉ូហ៊ីងយ៉ា-វ៉ាក់សាំងបង្ការកូវីដ

បង់ក្លាដែស​ចាប់ផ្តើម​ចាក់វ៉ាក់សាំង បង្ការកូវីដនៅក្នុងជំរំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

ប្រឈមនឹង​សន្ទុះឆ្លងរាលដាលខ្លាំង​នៃជំងឺកូវីដ ក្នុង​ជំរំ​ជនភៀសខ្លួន អាជ្ញាធរ​បង់ក្លាដែស រួមជាមួយ​ទីភ្នាក់ងារ​អន្តរជាតិ​ចាប់ផ្តើម នៅថ្ងៃ​អង្គារនេះ យុទ្ធនាការ ចាក់វ៉ាក់សាំង​ រយៈពេល ៣ថ្ងៃ ​ដល់​ប្រជាជន​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់នៅ​ភៀសខ្លួន ក្នុងទឹកដី​បង់ក្លាដែស។ ក្រៅតែពី​ជំរំភៀសខ្លួន នៅស្រុក​Cox’s Bazar យុទ្ធនាការ​ចាក់វ៉ាក់សាំង​ត្រូវ​ចាប់ផ្តើម​ផងដែរ សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ជិត ២ពាន់នាក់ ដែល​អាជ្ញាធរ​បង់ក្លាដែស បាន​ចាប់បញ្ជូន​យកទៅដាក់​នៅ​កូនកោះ Bhashan Char។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ានៅជំរំ Cox's Bazar ប្រទេស​បង់ក្លាដែស បានទទួល​វ៉ាក់សាំង​បង្ការកូវីដ លើកដំបូង នៅថ្ងៃទី ១០​សីហា ២០២១
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ានៅជំរំ Cox's Bazar ប្រទេស​បង់ក្លាដែស បានទទួល​វ៉ាក់សាំង​បង្ការកូវីដ លើកដំបូង នៅថ្ងៃទី ១០​សីហា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

មាន​ករណី​ឆ្លងកូវីដ សរុប​ជាង ១លាន ៣សែននាក់ និង​មានមនុស្ស​ស្លាប់​២២ ៨៩៧នាក់ បង់ក្លាដែស កំពុង​ប្រឈម​នឹង​រលកឆ្លងថ្មី នៅគ្រប់ទីកន្លែង ដោយ​សារ​មេរោគបំប្លែងខ្លួន “ដែលតា”។

ក្នុង​ជំរំជនភៀសខ្លួន​ ក្នុង​ស្រុក​Cox’s Bazar ដែល​ប្រមូលផ្តុំជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ជាង​៨សែននាក់ មេរោគកូវីដ បាន​ឆ្លងរាតត្បាត​ទៅ​មនុស្ស​ជាង ២ម៉ឺននាក់ និង​សម្លាប់​មនុស្ស​២០០០នាក់។ ដើម្បី​ទប់ស្កាត់ ការឆ្លងរាលដាលលឿន នៃមេរោគកូវីដ រដ្ឋាភិបាល​បង់ក្លាដែស បានរួមគ្នា​ជាមួយ​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកជនភៀសខ្លួន អង្គការគ្រូពេទ្យគ្មានព្រំដែន និង​កាកបាទក្រហមអន្តរជាតិ ដើម្បី​ផ្តើមយុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ក្នុង​ជំរំភៀសខ្លួន នៅ​ស្រុក Cox’s Bazar។

តាម​អ្នកទទួលខុសត្រូវ​ផ្នែកសុខភាព​របស់​ស្រុក Cox’sBazar ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង រយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើម នៅថ្ងៃអង្គារនេះ គេ​គ្រោង​នឹងចាក់វ៉ាក់សាំង​ដល់ជនជាតិរ៉ូហ៊ីងយ៉ា ឲ្យ​បាន ជាង ៤ម៉ឺននាក់។ ប្រធាន​សហគមន៍ រ៉ូហ៊ីងយ៉ា បុគ្គលិកស្ម័គ្រចិត្ត​ដែលធ្វើការ​នៅ​ក្នុងជំរំ ហើយនិង​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែលមាន​អាយុ​ចាប់ពី ៥៥​ឆ្នាំឡើងទៅ ជា ក្រុមមនុស្សដែល​ត្រូវ​ទទួល​ថ្នាំបង្ការជំងឺកូវីដ Sinopharmដែល​ផលិតឡើង​នៅប្រទេស​ចិន។

អ្នកទទួលខុសត្រូវ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន ប្រចាំនៅបង់ក្លាដែស លោក Romain Briey បាននិយាយថា អ្នកដែល​បញ្ហាសុខភាព ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម រោគហឺត ឬជំងឺធាត់ជ្រុល​នឹងទទួល​បាន​អាទិភាព ចាក់វ៉ាក់សាំង​បង្ការកូវីដ។ សម្រាប់​លោក ការចាក់វ៉ាក់សាំង​ដល់​មនុស្ស​គ្រប់អាយុ នឹង​ជួយ​ទប់ស្កាត់ ការរីករាតត្បាត​ជំងឺកូវីដ​ក្នុង​ចំណោមប្រជាជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។

នៅក្នុង​សេចក្តីប្រកាស នៅថ្ងៃ​អង្គារ​នេះ អង្គការ​កាកបាទក្រហម បាន​អះអាងថា វ៉ាក់សាំង​បង្ការកូវីដ អំណោយ​ដ៏សំខាន់ សម្រាប់​ឲ្យគ្រួសាររ៉ូហ៊ីងយ៉ា ត្រលប់​ទៅ​រស់នៅក្នុង​ភាពថ្លៃថ្នូរ ព្រោះថា ដោយសារ​កូវីដ ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវរស់នៅ​បិទខ្ទប់ គ្មាន​សេរីភាព នៅក្នុង​ជំរំ​មួយ ដែល​ពួកគេ ពិបាក​នឹង​ទទួល​បាន​ទឹកស្អាត និងសេវាពេទ្យ រួចស្រាប់ហើយនោះ។

មកជ្រកកោន​ក្នុងជំរំភៀសខ្លួន ក្នុងទឹកដី​បង់ក្លាដែស នៅក្រោយ​រត់គេចចេញពីអំពើហិង្សា ការធ្វើទុក្ខម្នេញ ក្នុង​រដ្ឋរ៉ាឃីន ប្រទេស​ភូមា ប្រជាជន​រ៉ូហ៊ីងយ៉ា​កាន់សាសនា​អ៊ីស្លាម​ជាង ១លាននាក់ គ្មាន​សង្ឃឹម​នឹង​ត្រលប់​ទៅរស់នៅ ក្នុង​ទឹកដីភូមា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះទេ។

ជាមួយ​យន្តការកូវ៉ាក់ ដែល​សន្យា​ផ្តល់​វ៉ាក់សាំង​ជាង​១០លានដូស​ដល់​បង់ក្លាដែស  អង្គការ​អន្តរជាតិ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង់ក្លាដែស រក្សា​ទុកវ៉ាក់សាំង មួយផ្នែក​សម្រាប់​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា។ ប៉ុន្តែ យុទ្ធនាការ​ចាក់វ៉ាក់សាំង បង្ការកូវីដ​ដល់​ប្រជាជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​លើកពេល ជាច្រើនដង ដោយសារ បង់ក្លាដែស ខ្វះខាត មិន​ដែល​បាន​ទទួលវ៉ាក់សាំង​ពីយន្តការកូវ៉ាក់ ឬ​វ៉ាក់សាំង ដែល​បង់ក្លាដែស​បាន​កុម្ម៉ង់ទិញពីឥណ្ឌា នៅក្រោយ ឥណ្ឌា​ប្រកាស​ផ្អាក នាំចេញ​វ៉ាក់សាំង សម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក កាលពី​ខែមេសា​កន្លងទៅ។

គិតរហូតមកដល់​ពេលនេះ មាន​តែ ៥%នៃប្រជាជន​ សរុប ១៦០លាននាក់ របស់​បង់ក្លាដែស ដែល​បាន​ទទួល​ថ្នាំបង្ការកូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ