អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កាប្រកាសអាសន្នពីកង្វះស្បៀងអាហារ ខណៈដែលប្រទេសបន្តផុងខ្លួនក្នុងវិបត្តិសេដ្ឋកិច្ច

នៅ​ថ្ងៃ​អង្គារ ទី៣១ សីហា ប្រធានាធិបតី​ស្រីលង្កា​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ស្បៀងអាហារ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ធ្ងន់ធ្ងរ។ នៅ​ក្នុង​វិធានការ​បន្ទាន់​ពេល​នេះ លោក​រ៉ាយ៉ាប៉ាក់សា​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ប្រមូល​ស្តុក​ទុក​នូវ​ផលិតផល​ចាំ​បាច់​មួយ​ចំនួន ដូច​ជា​ស្ករ អង្ករ និង​ផលិត​ចាំ​បាច់​ផ្សេង​ទៀត។

ប្រធានាធិបតីស្រីលង្កាលោកហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា
ប្រធានាធិបតីស្រីលង្កាលោកហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ប្រឈម​ទប់​នឹង​កង្វះ​ស្បៀងអាហារ ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​បញ្ជាក់​ថា លោក​បាន​បញ្ជា​ឲ្យ​បង្កើត​វិធានការ​បន្ទាន់​មួយ​ចំនួន​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​ប្រមូល​ស្តុកទុក​នូវ​ផលិតផល​ស្ករ អង្ករ និង​ផលិតផល​ចាំ​បាច់​ផ្សេង​ទៀត។ ទន្ទឹម​នឹង​ប្រឆាំង​នឹង​ការ​ប្រមូល​ស្តុក​ទុក រដ្ឋាភិបាល​ក៏​បាន​សម្រេច​រឹតបន្តឹង​ទណ្ឌកម្ម​លើ​ការ​ស្តុកទុក​នូវ​គ្រាប់​ធញ្ញជាតិ​ដែរ ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​តម្រង់​ជួរ​នៅ​តាម​ហាង​លក់ទំនិញ។ ចំណាត់ការ​របស់​រដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​តម្លៃ​ស្ករ អង្ករ ខ្ទឹមបារាំង និង​ដំឡូងបារាំង​បាន​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង។ ទន្ទឹម​គ្នា​នេះ ប្រទេស​ដែល​មាន​ពលរដ្ឋ​ចំនួន ២១លាននាក់​ក៏​កំពុង​ជួប​ការ​ខ្វះខាត​ទឹកដោះគោម្សៅ និង​ហ្គាស​សម្រាប់​ចំអិន​អាហារ។

កង្វះ​ផលិតផល​ទាំង​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ១៩ ដោយ​មាន​អ្នក​ស្លាប់​ចំនួន ២០០នាក់​ក្នុង​មួយ​ថ្ងៃ។ តាំង​ពី​ថ្ងៃ​ផ្ទុះ​កូវីដ១៩ ដំបូង ស្រីលង្កា​មាន​ករណី​ឆ្លង​ផ្លូវការ​ចំនួន ៤៣៦ ០៨១ និង​មាន​អ្នក​ស្លាប់​ចំនួន ៨ ៩៩១នាក់។ ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​វិស័យ​ទេសចរណ៍​តាំង​ពី​ខែ​មីនា ឆ្នាំ ២០២០ ដោយសារ​វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ៣,៦% ក្រោម​សូន្យ​ក្នុង​ឆ្នាំ ២០២០ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្វះ​សាច់ប្រាក់​បរទេស។ ដើម្បី​សន្សំសំចៃ រដ្ឋាភិបាល​បាន​ហាម​ការ​នាំ​ចូល​នូវ​ផលិផល​មិន​ចាំ​បាច់​មួយ​ចំនួន ដូច​ជា​រថយន្ត ឬ​សម្ភារៈ​អនាម័យ។

ទន្ទឹម​គ្នា​នេះ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រើ​រថយន្ត​កុំ​ឲ្យ​ប្រើ​ប្រេង​ច្រើន​ពេក​ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​លុយ​ទៅ​ទិញ​របស់​របរ​ចាំ​បាច់​ផ្សេង ដូច​ជា​ថ្នាំពេទ្យ និង​វ៉ាក់សាំង។ អ្នក​ជំនួយការ​ប្រធានាធិបតី​ម្នាក់​បាន​ព្រមាន​ថា រដ្ឋាភិបាល​អាច​នឹង​ដំឡើង​តម្លៃ​ប្រេង​ពី​ពេល​នេះ​ទៅ​ចុង​ឆ្នាំ បើ​ការ​ប្រើប្រាស់​មិន​មាន​ការ​ធ្លាក់​ចុះ​ទេ​នោះ។ គួរ​រម្លឹក​ថា​កាល​ពី ២សប្តាហ៍​មុន ធនាគារកណ្តាល​បាន​ដំឡើង​អត្រា​ការប្រាក់​ក្នុង​គោលដៅ​ជួយ​គាំទ្រ​តម្លៃប្រាក់​រូពី។ តាម​ទិន្នន័យ​ផ្លូវការ ប្រាក់​រូពី​បាន​បាត់បង់​តម្លៃ​ជាង ២០% បើ​ធៀប​នឹង​តម្លៃ​ប្រាក់​ដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ