អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖គណៈប្រតិភូ AIEA ទៅហ្វូគូស្ហ៊ីម៉ាដើម្បីវាយតម្លៃលើទឹកមានវិទ្យុសកម្មដែលជប៉ុនចង់បង្ហូរចូលសមុទ្រ

នៅ​ក្នុង​ប្រទេស​ជប៉ុន រដ្ឋាភិបាល​បាន​សម្រេចចិត្ត​ចាក់​ទឹកចំនួន​ជាង ១លានតោន​ដែល​មាន​សារធាតុ​វិទ្យុសកម្ម​ទៅ​ក្នុង​សមុទ្រ។ ទឹក​មាន​វត្តមាន​វិទ្យុសកម្ម​នេះ​ត្រូវ​បាន​ជប៉ុន​ប្រមូល​ទុក​នៅ​ក្រោយ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល​ហ្វូគូស្ហ៊ីម៉ា​កាល​ពី​ឆ្នាំ ២០១១។ ប្រតិបត្តិការ​ចាក់​ទឹក​ទាំង​នេះ​ទៅ​ក្នុង​សមុទ្រ​ត្រូវ​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០២៣ ក្រោម​ការ​ត្រួតពិនិត្យ​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ។ គណៈប្រតិភូ​មួយ​ក្រុម​របស់​ទីភ្នាក់ងារ​ថាមពលបរិមាណូ​អន្តរជាតិ​បាន​ទៅ​ដល់​ក្រុង​តូក្យូ​ដើម្បី​វាយតម្លៃ​លើ​គម្រោង​ផែនការ​មួយ​នេះ​របស់​ជប៉ុន។

គណៈប្រតិភូ AIEA ទៅហ្វូគូស្ហ៊ីម៉ាដើម្បីវាយតម្លៃលើទឹកមានវិទ្យុសកម្មដែលជប៉ុនចង់បង្ហូរចូលសមុទ្រ
គណៈប្រតិភូ AIEA ទៅហ្វូគូស្ហ៊ីម៉ាដើម្បីវាយតម្លៃលើទឹកមានវិទ្យុសកម្មដែលជប៉ុនចង់បង្ហូរចូលសមុទ្រ AP - Tomohiro Ohsumi
ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​របស់​ទីភ្នាក់ងារ​ថាមពលបរិមាណូ​អន្តរជាតិ​មាន​សមាជិក​ជា​អ្នកជំនាញ​បស្ចិមលោក អ្នក​ជំនាញ​ចិន និង​អ្នកជំនាញ​កូរ៉េខាងត្បូង។ ក្រុម​ការងារ​របស់​អ្នកជំនាញ​នេះ​មាន​តួនាទី​ផ្ទៀងផ្ទាត់​ពី​តម្លាភាព និង​សន្តិសុខ​នៃ​គម្រោង​របស់​ជប៉ុន។ នៅ​ក្នុង​គម្រោង​នោះ ជប៉ុន​នឹង​បង្ហូរ​ចូល​សមុទ្រ​នូវ​ទឹក​ជាង ១លានតោន​ដែល​ប្រមូល​បាន​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​នៅ​ក្រោយ​គ្រោះថ្នាក់​កាល​ពី​ឆ្នាំ ២០១១។ ទឹក​ដែល​ប្រមូល​បាន គឺ​សុទ្ធសឹង​ជា​ទឹក​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​ឲ្យ​ត្រជាក់​ម៉ាស៊ីនប្រតិកម្ម និង​ទឹក​ក្រោម​ដី​ដែលជ្រាប​ចូល​ទៅ​ក្រោម​អគារ​របស់​ម៉ាស៊ីនប្រតិកម្ម។

ក្រុមហ៊ុន Tepco ដែល​ជា​អ្នក​ទទួល​បន្ទុក​សំអាត និង​រុះរើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​បាន​ប្រកាស​នា​ដំណាច់​ខែ​សីហា​ថា គម្រោង​នៃ​ការ​បង្ហូរ​ទឹក​ជាង ១លានតោន​ទៅ​ក្នុង​សមុទ្រ​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​បំពង់​មួយ​ដែល​មាន​វិជ្ជមាត្រ ២,៥ម៉ែត្រ ហើយ​បំពង់​នេះ​នឹង​ត្រូវ​ទាញ​ទម្លាក់​ចូល​បាត​សមុទ្រ​ឲ្យ​បាន​ចម្ងាយប្រមាណ ១គីឡូម៉ែត្រ។ តាម​ក្រុមហ៊ុន Tepco ដដែល ដំណើរការ​សាងសង់​បំពង់​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ពេល​នេះ​ទៅ​ខែ​មីនា​ឆ្នាំ ២០២២។ គួរ​បញ្ជាក់​ថា​ពេល​នេះ បរិមាណ​ទឹក​នៅ​មជ្ឈមណ្ឌល​ហ្វូគូស្ហ៊ីម៉ា​បាន​កើន​ប្រមាណ ១៤០តោន​ក្នុង​មួយ​ថ្ងៃៗ។

តែ​មុន​នឹង​បង្ហូរ​ចូល​សមុទ្រ ទឹក​ទាំង​នោះ​នឹង​ត្រូវ​បន្សាប​ចម្រោះ​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ទាំង​អស់។ វា​លើកលែង​តែ​សារធាតុ​ទ្រីត្យូម (Tritium) មួយ​ចេញ​ដែល​នឹង​បន្ត​មាន​វត្តមាន។ នៅ​ត្រង់​ចំណុច​នេះ ទីភ្នាក់ងារ​ថាមពលបរិមាណូ​អន្តរជាតិ​ចង់​ធានា​ថា ទឹក​ដែល​បាន​ច្រោះ​យក​ធាតុ​វិទ្យុសកម្ម​រួច​នឹង​មាន​កម្រិត​អត្រា​សារធាតុ​ទ្រីត្យូម​កាន់​តែ​តិច​នៅ​ពេល​រលាយ​ចូល​ជាមួយ​ទឹកសមុទ្រ។ គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​ចាក់​ទឹក​ទាំង​ជាង ១លានតោន​ទៅ​ក្នុង​សមុទ្រ​ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០២៣​នឹង​ត្រូវ​ប្រើ​ពេល ៣០ឆ្នាំ ឬ ៤០ឆ្នាំ​ដែល​ជា​រយៈពេល​នៃ​ការ​រុះរើ កម្ទេច​មជ្ឈមណ្ឌល​ហ្វូគូស្ហ៊ីម៉ា។

សម្រាប់​ជប៉ុន វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ត្រូវ​ជម្លៀស​ទឹក​ចេញ​ពី​មជ្ឈមណ្ឌល​ហ្វូគូស្ហ៊ីម៉ា ព្រោះ​ទី១ ជិត​អស់​កន្លែង​ស្តុក​ទុក និង​ទី២ ក្រុមហ៊ុន Tepco បាន​ចំណាយ​ជិត ៨០០លានអឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ថែរក្សា និង​តាមដាន​លើ​ការ​ស្តុកទឹក​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ