អានតួអត្ថបទ

ចិនបានដាក់ពាក្យសុំចូលជាសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក

នៅ​ក្នុង​ប្រទេស​ចិន ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី១៧ កញ្ញា​ពី​ការ​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ទូលំទូលាយ និង​វឌ្ឍនភាព​សម្រាប់​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស CPTPP មួយ​នេះ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៨ និង​មាន​សមាជិក​ចំនួន ១១ប្រទេស ក្នុង​នោះ​ក៏​មាន​អូស្រ្តាលី​មួយ​ដែរ។ អូស្រា្តលី​ដែល​គេ​ដឹង​ថា​កំពុង​មាន​ទំនាក់ទំនង​មិន​សូវ​ល្អ​ជាមួយ​ចិន។

ចិនបានដាក់ពាក្យសុំចូលជាសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក
ចិនបានដាក់ពាក្យសុំចូលជាសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក AP - Esteban Felix
ផ្សាយពាណិជ្ជកម្ម

តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក​វ៉ាង វេនតាវ ចិន​បាន​ផ្ញើ​ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ទូលំទូលាយ និង​វឌ្ឍនភាព​សម្រាប់​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក CPTPP ទៅ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នូវែលសេឡង់​លោក​ដាមៀង អូខុនន័រ។ ចំណែក​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​អះអាង​ថា នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ លោក​វ៉ាង វេនតាវ និង​សមភាគី​នូវែលសេឡង់​លោក​ដាមៀង អូខុនន័រ​បាន​ជជែក​គ្នា​ពី​ដំណាក់ការ​បន្ទាប់​នៃ​ពាក្យ​សុំ​ចូល​របស់​ចិន​ទៅ​ក្នុង CPTPP។ ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៨ CPTPP មាន​សមាជិក​ចំនួន ១១ប្រទេស គឺ​ជប៉ុន កាណាដា អូស្រា្តលី វៀតណាម នូវែលសេឡង់ សិង្ហបុរី ម៉ិចស៊ិក ប៉េរូ ព្រុយណេ ឈីលី និង​ម៉ាឡេស៊ី។

CPTPP តំណាង​ឲ្យ​ប្រមាណ​ជា ១៣,៥% នៃ​សេដ្ឋកិច្ច​សកល ហើយ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​ទទួល​បាន​ការ​រួច​ពន្ធ​ចំនួន ៩៥%។ គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ចិន​បាន​បង្ហាញ​ពី​ចំណាប់អារម្មន៍ និង​ឆន្ទៈ​ចង់​ចូល​ខ្លួន​ទៅ​ក្នុង CPTPP។ ក្នុង​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ នាយករដ្ឋមន្រ្តី​ចិន​លោក​លី ខឺជាំង​បាន​ថ្លែង​ថា ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក​កំពុង​គិតគូរ​យ៉ាង​សកម្ម​ដើម្បី​ចូល​ជា​សមាជិក​របស់ CPTPP។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ចិន​បាន​បង្កើន​គំនាប​ដាក់​ប្រទេស​សមាជិក​ផ្សេង​ឲ្យ​ទទួល​យក​បេក្ខភាព​របស់​ខ្លួន​ដោយ​គូសបញ្ជាក់​ថា សេដ្ឋកិច្ច​ចិន និង​អូស្រា្តលី​មានសក្តានុពល​ធំធេង​សម្រាប់​កិច្ចសហប្រតិបត្តិការ។

គួរ​បញ្ជាក់​ថា ដើម្បី​អាច​បន្ថែម​សមាជិក​ថ្មី​បាន លុះ​ត្រា​ណា​តែ​សមាជិក​ទាំង ១១ប្រទេស​របស់ CPTPP រក​ឃើញ​កុងសង់ស៊ុស​រួម​មួយ។ តែ​នៅ​ក្នុង​ជំហាន​ដំបូង ចិន​ត្រូវ​សម្រុះសម្រួល​ជាមួយ​អូស្រា្តលី​ជា​មុន​សិន ព្រោះ​ខណៈ​នេះ ទំនាក់ទំនង​រវាង​ចិន និង​អូស្រា្តលី​កំពុង​បំពុល​ដោយ​រឿងរ៉ាវ​មួយ​ចំនួន ពិសេស​ការ​ដែល​ចិន​បាន​ដំឡើង​ពន្ធ​លើ​ផលិត​អូស្រ្តាលី​នាំ​ចូល​ចិន ពិសេស​ស្រា និង​គ្រាប់ធញ្ញជាតិ​ខ្លះ។ នៅ​ក្នុង​រឿង​ចម្រូងចម្រាស​មួយ​នេះ អូស្ត្រាលី​ថែម​ទាំង​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ