អានតួអត្ថបទ
ថៃ-ទឹកជំនន់

នៅប្រទេស​ថៃ គ្រោះទឹកជំនន់​ទឹកភ្លៀងកំពុង​គំរាម ជន់លិចរាជធានី​បាងកក

ប្រឈម​នឹង​ទឹកជំនន់ ដែល​បាន​សម្លាប់​មនុស្ស​៦នាក់ ក្នុងទូទាំងប្រទេស អាជ្ញាធរ​ថៃ កំពុង​ព្យាយាម​ការពារ​សង្កាត់ ជាច្រើន​ក្នុង​ក្រុង​បាងកក។ នៅ​ថ្ងៃអង្គារ​ទី​២៨កញ្ញា ក្រៅពីក្រុង​បាងកក កងទ័ព​បាន​ដាក់ពង្រាយ របាំងបាវដីខ្សាច់ ដើម្បី​ការពារ​ទីតាំងបុរាណវិទ្យា ដូចជា ទីក្រុង​បុរាណ អាយុធ្យា ដែលស្ថិតនៅ​ចម្ងាយ ៦០គីឡូម៉ែត្រ ភាគខាងជើង ក្រុង​បាងកក។

ព្រះពុទ្ធរូប​ជន់លិច​ដោយសារ​ទឹកជំនន់ទឹកភ្លៀង នៅ​ទីក្រុង​អាយុធ្យា កាលពីថ្ងៃទី ២៦ កញ្ញា ២០២១
ព្រះពុទ្ធរូប​ជន់លិច​ដោយសារ​ទឹកជំនន់ទឹកភ្លៀង នៅ​ទីក្រុង​អាយុធ្យា កាលពីថ្ងៃទី ២៦ កញ្ញា ២០២១ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

រាជធានី បាងកកកំពុង​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះអាសន្នទឹកជំនន់ ដែល​បាន​សម្លាប់​មនុស្ស​៦នាក់ និង​ជន់លិច​ខេត្ត ចំនួន ៣០​របស់​ប្រទេសថៃ។ តាម​នាយកដ្ឋាន បង្ការ និង​កាត់បន្ថយ គ្រោះមហន្តរាយ ថៃ គ្រោះ​ទឹកជំនន់ ដែល​បង្ក​ឡើង​ដោយ ​ខ្យល់ព្យុះ​ត្រូពិក Dianmu បាន​ប៉ះពាល់​ខ្លាំង​ជាងគេ តំបន់​កណ្តាល និង​ភាគខាងត្បូង ប្រទេស​ថៃ ដោយ​បាន​ជន់លិច​ផ្ទះសម្បែង ជាង ៧ម៉ឺនខ្នង នៅទូទាំង​ប្រទេស​ថៃ។

ចាប់តាំង​ពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​ក្នុង​ក្រុង​បាងកក​ចាប់ផ្តើម ដាក់​របាំង ការពារ សង្កាត់​ពាណិជ្ជកម្ម មួយចំនួន ដោយ​ដាក់ គរ​ត្រួតបាវដី​ខ្សាច់ នៅ​តាម​មាត់ទន្លេ ចៅប្រាយ៉ា ជាទី​ដែលកំពស់ទឹក ចាប់ឡើងស្រឺតៗ ដោយសារ ការបើក​បង្ហូរ រំដោះទឹកចេញ​ពី តំបន់​ជន់លិច ភាគខាងជើង ក្រុង​បាងកក។ អាជ្ញាធរក្រុង​បាងកក​សង្ឃឹម​ថា នឹងអាច​ជៀសផុត​ពី​វិបត្តិ​គ្រោះទឹកជំនន់ ដូច​ដែល​បាងកកធ្លាប់​ជួបប្រទះ កាលពី ១០ឆ្នាំមុន។ នៅ​ឆ្នាំ ២០១១ ទឹកជំនន់​បាន​ជន់លិច​ទឹកដី ១ភាគ​៥​របស់​ក្រុង​បាងកក និង​បាន​សម្លាប់​មនុស្ស​ជាង ៥០០នាក់។

នៅ​ថ្ងៃ​អង្គារ ចៅហ្វាយក្រុង​បាងកក លោក​អាស្វីន ក្ខាន់មួង បានសរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា ឧតុនិយម​ថៃ បាន​ព្រមាន​ពីភ្លៀងធ្លាក់ជោគជាំ ពីពេលនេះ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍។ តាម អភិបាល​ក្រុងបាងកក គេ​នឹង​ប្រកាស​ជូនដំណឹង​ទៅ​ប្រជាជន​ភ្លាម បើសិន​ជា​ឃើញ​មានសញ្ញា ទឹកជោរជន់ ហៀរចេញពី ទន្លេចៅប្រាយ៉ា។ នៅក្នុង​ដំណាក់កាលនេះ ក្រុង​បាន​ត្រៀមរៀបចំជាស្រេច ម៉ាស៊ីន​បូមទឹក និង​បាវខ្សាច់ សម្រាប់​ទប់ទល់​ទឹកជំនន់ទឹកទន្លេ។ ក្នុង​អតីតកាល ទឹកជំនន់​ទឹកភ្លៀង តែងហូរ ចាក់ចូល​ទៅតាមដី ចំការ ដី​ស្រែ វាលទំនាប ប៉ុន្តែ ការអភិវឌ្ឍ​ក្រុង​បាន​ប្រែក្លាយ​ទីតាំង​ស្រូប ស្តុក​ទឹក​ទាំងអស់ ជា​តំបន់​អចលនទ្រព្យ​ដ៏មាន​តម្លៃ។

តាម​កាសែត​ក្នុង​ស្រុកថៃ ផែនការ​មេ សម្រាប់ បង្កើត​អាងស្តុក ទឹក​ក្រោមដី សម្រាប់​បញ្ជៀសទឹកជំនន់​ក៏ត្រូវ​ជាប់គាំង ដោយសារ​បញ្ហា​ដីធ្លី​ជាមួយ​ប្រជាជន។

ជាប់ឈ្មោះ ជា​ទីក្រុង​វឺនីស ខាងកើត រាជធានី​បាងកក​របស់​ប្រទេស​ថៃ ត្រូវ​បាន​សាងសង់ ឡើង​នៅលើ​ដីវាលភក់ល្បាប់ និង​មាន​កំពស់​ខ្ពស់ជាង កំពស់​ទឹកសមុទ្រ​តែ ១,៥ម៉ែត្រ​ប៉ុណ្ណោះ។

បាងកក​ផ្ទាល់​ជាប់ឈ្មោះ​ក្នុង​បញ្ជីក្រុង ក្នុង​ពិភពលោក ដូចជា ក្រុង​ហ្សាការតា សិង្ហបុរី ហូជីមិញ សៀងហៃ ដាកា និង​តូក្យូជាដើម ដែលត្រូវ​​ប្រឈម​នឹង​ការជន់លិចលង់ នៅពេលកំពស់ទឹកសមុទ្រ​កើនឡើង ដោយសារ​ការឡើងកំដៅ​ផែនដី ១,៥អង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ