អានតួអត្ថបទ
មីស៊ីលកូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីលម្តងទៀត នៅមួយថ្ងៃមុន ក្រុមប្រឹក្សាសន្តិសុខ​កោះប្រជុំបន្ទាន់

កូរ៉េខាងជើង​បានអះអាង​នៅថ្ងៃ​សុក្រ​ទី​១​តុលាថា ​បាន​បាញ់​សាកល្បង​មីស៊ីល​ប្រឆាំង​យន្តហោះ ដែល​កូរ៉េខាងជើង​ទើប​បាន​អភិវឌ្ឍ​កាលពីពេលថ្មីៗនេះ។ តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មីស៊ីល​ប្រឆាំង​យន្តហោះ​ត្រូវ​បាន​គេ​តេស្ត​សាកល្បង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពោល​គឺ​នៅតែមួយ​ថ្ងៃ​មុន​ដែលក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​កោះប្រជុំបន្ទាន់​ដើម្បី​និយាយ​ពីកម្មវិធីផលិត​មីស៊ីល របស់​កូរ៉េខាងជើង។

នៅរំលង​តែ២​ថ្ងៃ កូរ៉េខាងជើង​បាញ់​មីស៊ីល​មួយដើមទៀត នោះគឺ​មីស៊ីលប្រឆាំង​យន្តហោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ៣០​កញ្ញា ២០២១
នៅរំលង​តែ២​ថ្ងៃ កូរ៉េខាងជើង​បាញ់​មីស៊ីល​មួយដើមទៀត នោះគឺ​មីស៊ីលប្រឆាំង​យន្តហោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ៣០​កញ្ញា ២០២១ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

ទៅតាម​ការស្នើសុំ​របស់​អាមេរិក បារាំង និង​អង់គ្លេស ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​បើកកិច្ចប្រជុំ​បន្ទាន់​នៅថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ រុស្ស៊ី និង​ចិន ដែលជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​បាន​ទាមទារ​ឲ្យ​លើកពេល​មកធ្វើ នៅថ្ងៃ​សុក្រនេះវិញ។

បារាំង អង់គ្លេស និង​អាមេរិក​ចង់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​បើកកិច្ចប្រជុំ​បន្ទាន់ ដើម្បី និយាយ​ពីបញ្ហា​​មីស៊ីល​អ៊ីពែរសូនិក មីស៊ីល​ហោះលឿនជាង​សំឡេង ដែល​កូរ៉េខាងជើង​បានធ្វើតេស្ត បាញ់​សាកល្បង កាលពី​ថ្ងៃ អង្គារ ដើម​សប្តាហ៍នេះ។

នៅថ្ងៃ​សុក្រនេះ នៅប៉ុន្មាន​ម៉ោង មុន​ក្រុមប្រឹក្សាសន្តិសុខ​បើកកិច្ចប្រជុំ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ស្រាប់តែ​ចុះ​ផ្សាយ​ថា កូរ៉េខាងជើង​ទើបបាន​បាញ់សាកល្បង មីស៊ីលមួយប្រភេទទៀត គឺ​មីស៊ីល​ប្រឆាំង​យន្តហោះម្តង កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

តាម​ទីភ្នាក់ងារ​KCNA ការបាញ់​សាកល្បង​បាន​បង្ហាញថា មីស៊ីល​ប្រឆាំង​យន្តហោះ ពិតជាមាន​សមត្ថភាព​វាយប្រហារ ជាមួយ​នឹង​ការដាក់បញ្ចូល​បច្ចេកវិទ្យា​គន្លឹះថ្មី។

ក្នុងរយៈពេល​តែ​១សប្តាហ៍ នេះជា​លើកទី២ ដែល​កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីល ពោល​គឺ​បន្ទាប់ពី​បានបាញ់​សាកល្បងដោយ​ជោគជ័យ មីស៊ីល​អ៊ីពែរសូនិក ប្រភេទមីស៊ីល​ដែលមានល្បឿនលឿន​ជាងសំឡេង​ដល់ទៅ​៥ដង ដែល​អ្នកជំនាញ​វាយតម្លៃ​ដែរ​ថា មាន​សមត្ថភាព​ដឹក​ក្បាល​គ្រាប់នុយក្លេអ៊ែរ។

នៅក្នុង​ខែ កញ្ញានេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង មីស៊ីល​របស់ខ្លួន​ដល់​ទៅ​៤ដង ដែលមានតាំង​ពី​មីស៊ីល​បាញ់​ចេញពី​ក្នុង​នាវាមុជទឹក មីស៊ីល​រយៈចម្ងាយឆ្ងាយ មីស៊ីល​អ៊ីពែរសូនិក និង​ចុងក្រោយ គឺ​មីស៊ីល​ប្រឆាំង​យន្តហោះ ដែល​កូរ៉េខាងជើង​បាន​បាញ់​បង្អួត កាលពីថ្ងៃ ព្រហស្បតិ៍ទី ៣០​កញ្ញា។

សម្រាប់អ្នកជំនាញ តាមរយៈ ការបាញ់​សាកល្បង មីស៊ីល​ដ៏ញឹកញាប់ របបព្យុងយ៉ាង​ចង់​បង្ហាញទៅកាន់​សហគមន៍​អន្តរជាតិថា ក្នុងនាមជាប្រទេស​មហាអំណាច​នុយក្លេអ៊ែរ កូរ៉េខាងជើង​បាន​បោះជំហាន​ទៅមុខ ខាងផ្នែក​បច្ចេកវិទ្យា ផលិត​សព្វាវុធ។ ម្យ៉ាង វា​ជា​អាច​ជា​តេស្ត​សាកល្បង ភាពអត់ធ្មត់​របស់​រដ្ឋបាល​លោក​ចូ បៃដិន។ កូរ៉េខាងជើង​អាច​ចង់ដឹងថា តើខ្លួន​អាច​បាញ់​សាកល្បង​មីស៊ីល រហូត​ដល់​ពេលណា ទើប​ធ្វើឲ្យ​រដ្ឋបាល​លោក​ចូ បៃដិន ចាប់បន្ទន់​ជំហរ មក​ចរចា និង​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីកូរ៉េខាងជើង។

ចាប់តាំង ពី ត្រូវ​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី​របស់​ក្រុមប្រឹក្សា​សន្តិសុខ នៅ​ឆ្នាំ ២០១៧ ដោយសារ​ផ្គើន​បាញ់មីស៊ីល​បាលីស្ទិក កូរ៉េខាងជើង បាន​សាកល្បង​បាញ់​មីស៊ីល​ជាច្រើន​លើក ប៉ុន្តែ  កូរ៉េខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល ចម្ងាយជិត ឬ​ចម្ងាយឆ្ងាយ ពោល​គឺ​មិនដែល​ប្រកាស​ថា ខ្លួន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក ដែល​ហាម​ដាច់ខាត ដោយ​ប្រឹក្សា​សន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ