អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​បង្ហាញ​សមត្ថភាព​មីស៊ីល​រយៈចម្ងាយឆ្ងាយ​​របស់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយឆ្ងាយ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដែល ជាអ្នកប្រភព​បញ្ចេញ​ព័ត៌មាន នៅថ្ងៃ​ចន្ទទី ១៣ កញ្ញា  កូរ៉េខាងជើង បាន​បាញ់​សាកល្បង ដោយ​ជោគជ័យ មីស៊ីល​ចម្ងាយឆ្ងាយរបស់ខ្លួន។ សកម្មភាព​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​រិះគន់ភ្លាមភ្លែត ពី​អាមេរិក និង​ជា​ពិសេស ជប៉ុន ដែល​អាច​ជា​គោលដៅ ផ្ទាំងស៊ីប​របស់​មីស៊ីល​រយៈ​ចម្ងាយឆ្ងាយ របស់​កូរ៉េខាងជើង។

រូបភាពផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាងជើង​បង្ហាញ​មីស៊ីល​ដែលត្រូវ​បាញ់ចេញ​ពីជើងទ្រ ចល័ត និង​មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមាន​សមត្ថភាព​ហោះ​បាន​ចម្ងាយ ១៥០០គីឡូម៉ែត្រ។ មីស៊ីល​បាន​ហោះឆ្លងកាត់​ដីកូរ៉េខាងជើង និងទៅដល់​គោលដៅ មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រ
រូបភាពផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាងជើង​បង្ហាញ​មីស៊ីល​ដែលត្រូវ​បាញ់ចេញ​ពីជើងទ្រ ចល័ត និង​មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមាន​សមត្ថភាព​ហោះ​បាន​ចម្ងាយ ១៥០០គីឡូម៉ែត្រ។ មីស៊ីល​បាន​ហោះឆ្លងកាត់​ដីកូរ៉េខាងជើង និងទៅដល់​គោលដៅ មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើងទើបបានផ្សព្វផ្សាយ ​នៅថ្ងៃ​ចន្ទទី ១៣ កញ្ញាថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ មីស៊ីល​ចម្ងាយឆ្ងាយ​របស់ខ្លួន នៅថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យកន្លងទៅ។ ការបាញ់​សាកល្បង​មីស៊ីល ធ្វើឡើង ក្រោម​ការតាមដាន​ផ្ទាល់​របស់​មន្រ្តីយោធា​ជាន់ខ្ពស់​កូរ៉េខាងជើង គឺ​លោក Pak Jong Chon ប៉ុន្តែ មិនមែនមេដឹកនាំ​កូរ៉េខាជើង លោក​គីម ជុងអ៊ុន​នោះទេ។

នៅក្រោយ ការចូលកាន់តំណែង​របស់លោក​ប្រធានាធិបតី អាមេរិក ចូ បៃដិន កូរ៉េខាងជើង​ធ្លាប់​បាន​បាញ់​អាវុធ​ទំនើបម្តង កាលពី​ខែ មីនា ឆ្នាំ ២០២១។ ជប៉ុន និង​កូរ៉េខាងត្បូង​ធ្លាប់វាយតម្លៃថា អាវុធ​ទំនើប​នោះ ជា​មីស៊ីល​បាលីស្ទិក ដែលត្រូវ​ហាម​ដោយ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ។

មន្ទីរបញ្ចកោនបាន​ចេញមុខ​ រិះគន់ ចាត់ទុក​ការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង ថា​ជា​ការគំរាមកំហែង ប្រទេស​ជិតខាង និង​ប្រទេស​ក្នុង​តំបន់។ នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ បញ្ជាការដា្ឋនអាមេរិក​ប្រចាំ ឥណ្ឌូប៉ាស៊ីហ្វិក​បាន​លើកឡើងថា សកម្មភាព របស់​កូរ៉េខាងជើង បញ្ជាក់ពីការផ្តោតរបស់​កូរ៉េខាងជើង​លើ​ការអភិវឌ្ឍ​កម្មវិធីយោធា និងការគំរាមកំហែង​ដល់​ប្រទេស​ជិតខាង និង​សហគមន៍អន្តរជាតិ។

សកម្មភាព​បាញ់មីស៊ីលនេះបាន​បង្ហាញដែរថា កូរ៉េខាងជើង នៅតែ​មាន​សមត្ថភាព ផលិតអាវុធ​បើទោះបីជាកំពុង​ជួប​វិបត្តិសេដ្ឋកិច្ច វិបត្តិ​ខ្វះស្បៀង ដោយសារ​គ្រោះធម្មជាតិ និង​ការបិទព្រំដែន​ជាមួយ ចិន ក្នុង​កាលៈទេសៈ​កូវីដក្តី។

ទាញ​ចំណាប់អារម្មណ៍​របស់​អាមេរិក

គោលដៅសំខាន់ នៃ​ការបាញ់​សាកល្បង​មីស៊ីល ឬ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅតែដូចដើម មាន​តែមួយ គឺ ទាមទារ ចំណាប់​អារម្មណ៍ ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស អាមេរិក និង​ប្រទេស​ជិតខាង ដូចជា ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម ឲ្យឃើញ​ថា កូរ៉េខាងជើង នៅតែ​មាន​សមត្ថភាព ផលិតអាវុធ បើទោះបី​កម្មវិធី​ផលិតអាវុធ របស់​ប្រទេស​កុម្មុយនិស្ត​មួយនេះ ត្រូវ​គេប្រឆាំង រងការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអង្គការ​សហប្រជាជាតិ​ក្តី។

តាមរយៈ​ការបាញ់​សាកល្បង​មីស៊ីល លើកនេះ កូរ៉េខាងជើង​ចង់​ទាញ​ចំណាប់អារម្មណ៍ និង​ដាក់សម្ពាធ​អាមេរិក​តែម្តង ដើម្បី ឲ្យ​ឆាប់​ពិចារណា ត្រលប់មក​ចរចា និង​ធ្វើសម្បទាន ទៅតាម​ការចង់​បាន​របស់​កូរ៉េខាងជើង។ ជាក់ស្តែង ការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង ធ្វើ​ឡើង​នៅតែប៉ុន្មាន​ថ្ងៃ​មុន​ដែល ប្រេសិត​របស់អាមេរិក​ទទួលបន្ទុកកម្ម​វិធីនុយក្លេអ៊ែរ​ត្រូវ​ជួប​ សមភាគី កូរ៉េខាងត្បូង និង​ជប៉ុន នៅទីក្រុង​តូក្យូ ដើម្បី​ស្វែងរក​ផ្លូវ​ដោះស្រាយ​ភាពទ័លច្រក​ជាមួយ​កូរ៉េខាងជើង។ ត្រូវ​ដឹងថា ការចរចា រវាង​អាមេរិក និង​កូរ៉េខាងជើង​ដើម្បីបញ្ចុះ​បញ្ចូល​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធីនុយក្លេអ៊ែរ​បាន​ជាប់គាំង តាំង​ពី​ឆ្នាំ ២០១៩ នៅក្រោយ ជំនួប​ទ្វេភាគី រវាង​មេដឹកនាំ អាមេរិក និង​កូរ៉េខាងជើង បាន​បរាជ័យ​ធ្លាក់ទឹក ទាំងពីរលើក។  ម្យ៉ាងទៀត ​វា​ធ្វើឡើង​នៅ​មុន​ពេល​រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី ត្រូវ​ធ្វើ​ទស្សនកិច្ចទៅ​ទីក្រុង​សេអ៊ូល ដើម្បី​ជួបពិភាក្សា​ជាមួយ សមភាគី​កូរ៉េខាងត្បូង នៅថ្ងៃ​អង្គារ​ទី ១៤ កញ្ញា។

អាមេរិក និង​ជាពិសេស​ជប៉ុន​ បង្ហាញ ក្តី​បារម្ភ

អ្នកដែលភ័យព្រួយ​ជាងគេ គឺ ជប៉ុន ប៉ុន្តែ មិនមែន​អាមេរិកទេ ព្រោះថា មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់សាកល្បង លើកនេះ ជា​មីស៊ីល​ចម្ងាយ​ឆ្ងាយ ដែលមាន​សមត្ថភាព​រត់​ដល់​ប្រទេស​ជប៉ុន ប៉ុន្តែ មិន​ដល់​ទឹកដី​អាមេរិក។ ប៉ុន្តែ អាមេរិក​ក៏ត្រូវ​ចេញមុខ ថ្កោលទោស សកម្មភាព​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​ដែរ ព្រោះថា មីស៊ីល​របស់​កូរ៉េខាងជើង មាន​សមត្ថភាព​គំរាមកំហែង សន្តិសុខ​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ គំរាមកំហែង​សន្តិសុខ ជប៉ុន និង​កូរ៉េខាងត្បូង គឺ​ដូចជា​គំរាមកំហែង​អាយុជីវិត​ទាហាន​អាមេរិកាំង ដែលមានចំនួន ជិត ៣ម៉ឺននាក់ កំពុង ឈរជើងប្រចាំការ នៅ​កូរ៉េខាងត្បូង។

បើតាម​ការរៀបរាប់​របស់​ទីភ្នាក់ងារ ព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA នេះ​ជា​លើកដំបូង ដែល​កូរ៉េខាងជើង ទើប​អភិវឌ្ឍ​ផលិតបាន​មីស៊ីល​ចម្ងាយឆ្ងាយ។ តាមការរៀបរាប់​របស់​ទីភ្នាក់ងារ​រដ្ឋ​កូរ៉េខាងជើង មីស៊ីល​ហោះ​បាន​ចម្ងាយ ១៥០០​គីឡូម៉ែត្រ ក្នុង​រយៈពេល ២ម៉ោង និង​៦​នាទី។ ការបាញ់​សាកល្បង បាន​បង្ហាញថា ទាំង​បច្ចេកទេស បាញ់បញ្ចេញ​ពីជើងទ្រ ហើយ​និង​ការតាមដាន គ្រប់គ្រង ដំណើរហោះរបស់​មីស៊ីល រហូត​ដល់​គោលដៅ គឺ​មានប្រសិទ្ធិភាព ឆ្លើយតប​ទៅនឹង​​គោលដៅ​ចង់បាន​របស់​អ្នកអភិវឌ្ឍមីស៊ីល​កូរ៉េខាងជើង។

តាម​អ្នកជំនាញ​កូរ៉េខាងត្បូងម្នាក់ នៃ​សកលវិទ្យាល័យ Ewha Womans University ក្នុងទីក្រុង​សេអ៊ូល មីស៊ីលចម្ងាយឆ្ងាយ​របស់​កូរ៉េខាងជើង អាច​ជា​គ្រោះថ្នាក់​ធំសម្បើមមួយ។ មានន័យថា បើសិន​កូរ៉េខាងជើង​អាច​ផលិតក្បាលគ្រាប់​នុយក្លេអ៊ែរធុនតូច នោះ កូរ៉េខាងជើង​ពិតជា​បំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ​លើ​មីស៊ីល​រយៈ ចម្ងាយឆ្ងាយ ហ្នឹង​មិនខាន។

ម្យ៉ាង អ្វីដែល​គេ​បារម្ភខ្លាំង ដែរ គឺ​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ នេះ អាច​ហោះ​ក្នុង​កំពស់​ទាប អាច​គេចផុត​ពី​ការចាប់បាន​របស់​រ៉ាដា នៃ​ប្រព័ន្ធ​ខែលមីស៊ីល​របស់​គូសត្រូវ។

ហេតុអ្វី​កូរ៉េខាងជើង នៅតែ​ផ្គើន​បាញ់សាកល្បង​មីស៊ីល?

មីស៊ីល ដែល​កូរ៉េខាងជើង បាន​បាញ់​សាកល្បង កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​កន្លងមក គឺ ជា​មីស៊ីល រយៈ​ចម្ងាយឆ្ងាយ ប៉ុន្តែ មិនមែន​មីស៊ីល​បាលីស្ទិក ដែលហាម​ដោយ​អង្គការ​សហប្រជាជាតិ​នោះទេ។ ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ហាម​តែ​មីស៊ីល បាលីស្ទិក និង​ការផលិតគ្រាប់បែក​នុយក្លេអ៊ែរ​តែប៉ុណ្ណោះ។ ដូច្នេះ រាល់​ការបាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក និងបាញ់​សាកល្បង គ្រាប់បែក​នុយក្លេអ៊ែរ កន្លងមក គឺ​តែងតែ​ធ្វើ​ឲ្យ​កូរ៉េខាងជើង ត្រូវ​រង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច។

តាំង​ពី​ឆ្នាំ ២០១៧មក កូរ៉េខាងជើង​បាន​ផ្អាក​ការបាញ់​មីស៊ីល​បាលីស្ទិក  ប៉ុន្តែ បាញ់សាកល្បង​មីស៊ីល​ចម្ងាយជិត ចម្ងាយឆ្ងាយ ដើម្បី​គេចផុត​ពីការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ។ ជាទូទៅ វាធ្វើឡើង នៅពេល​កូរ៉េខាងជើងមាន​ភាពតានតឹង​ជាមួយ កូរ៉េខាងត្បូង ដោយសារ​សមយុទ្ធយោធាអាមេរិក កូរ៉េខាងត្បូង ដែល​កូរ៉េខាងជើង ចាត់ទុក​ថា ជា​ការត្រៀម ប្រយុទ្ធ​ឈ្លានពាន​ចូលទឹកដី​កូរ៉េខាងជើង។

ការបាញ់​សាកល្បង មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ គឺ​រមែង ធ្វើឲ្យ​កូរ៉េខាងជើង​រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ពីសហគមន៍អន្តរជាតិ ប៉ុន្តែ កូរ៉េខាងជើង​មិនរអា ​ឈប់នោះទេ។ គេជឿថា មាន​ហេតុផល​៤ ដែលធ្វើ​ឲ្យ​កូរ៉េខាងជើង នៅតែ​មិនព្រម​លះបង់ សកម្មភាព​ផលិតមីស៊ីល របស់ខ្លួន

ទី១ កូរ៉េខាងជើង​ចង់បង្ហាញថា ខ្លួន​មាន​សមត្ថភាព។ ក្នុង​រយៈពេល ៤០​ឆ្នាំ ប្រទេស​នេះ បាន​បាញ់​សាកល្បង​មីស៊ីល ដល់​ទៅ ១៥០ ដើម មិនថា មីស៊ីល​បាលីស្ទិក អន្តរទ្វីប មីស៊ីល​បាលីស្ទិក ឬ មីស៊ីល​រយៈ​ចម្ងាយជិត និង​ចុងក្រោយគឺ​មីស៊ីល​រយៈចម្ងាយឆ្ងាយ។ ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ច្របាច់ក​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង មិនបាន​បន្ទុចបង្អាក់​សកម្មភាព​អភិវឌ្ឍ​សព្វាវុធ​របស់​កូរ៉េខាងជើង​នោះទេ។ មីស៊ីល​របស់​កូរ៉េខាងជើង កាន់តែ លឿន ឆ្ងាយ និង​ខ្លាំងក្លា​ជាងមុន ពោល​គឺ​អាច​ពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ។ ការបាញ់​សាកល្បង​មីស៊ីល ចុងក្រោយនេះ បាន​បង្ហាញ​ពី​ការបោះជំហាន​ទៅមុខលឿន គួរ​ឲ្យ​កត់សំគាល់ ខាង​បច្ចេកវិទ្យា​ផលិត​អាវុធ​របស់​កូរ៉េខាងជើង។

គោលដៅ​ទី២​នៃ​ការបាញ់សាកល្បង​មីស៊ីល គឺ​បញ្ចុះបញ្ចូលស្វែងរក​មតិគាំទ្រ ក្នុង​ចំណោម​ប្រជាជន​ក្នុង​ស្រុក ជាពិសេស នៅក្នុងកាលៈទេសៈ ដែលប្រជាជន​កូរ៉េខាងជើង​កំពុង​ជួបគ្រោះអត់ឃ្លាន មានជីវភាព​លំបាក ដោយសារ​តែ​វិធានការ​បិទខ្ទប់ បិទព្រំដែនជាមួយ​ចិន ក្នុង​អំឡុងវិបត្តិកូវីដ។ មេដឹកនាំ​កូរ៉េខាងជើង​ចង់បង្ហាញ​ទៅប្រជាជន​របស់ខ្លួនថា ទោះជា​កូរ៉េខាងជើង កំពុង​ជួប​ការលំបាក ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីខាងក្រៅ តែ​ប្រជាជន​កូរ៉េខាងជើង ត្រូវ​តែ​មានមោទនភាព ដែល​ខ្លួន​បាន​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ មាន​មីស៊ីល សម្រាប់​ការពារខ្លួន ពី​ការឈ្លានពាន​របស់​សត្រូវបរទេស។ ដោយ​បន្ត​បាញ់​សាកល្បង​មីស៊ីល​ជារឿយៗ កូរ៉េខាងជើង មានបំណងទី ៣ ចង់​ឲ្យ​ប្រទេស​ជិតខាង ចិញ្ចឹមចិត្ត​ភ័យខ្លាចជាប់ជានិច្ច។

ហេតុផល​ទី ៤ គឺ​កូរ៉េខាងជើង បង្ហាញ ទៅ​ប្រជាជន​របស់ខ្លួន និង​សហគមន៍​អន្តរជាតិ ជាពិសេស​អាមេរិកថា កូរ៉េខាងជើង​មិនបាន​លេងសើចនោះទេ។ ចង់ ឬ​មិនចង់ កូរ៉េខាងជើងបាន​ដៅមហិច្ឆតា របស់ខ្លួន​រួចហើយ នោះ គឺ ចង់ក្លាយជា មហាអំណាច​នុយក្លេអ៊ែរ មួយនឹងគេដែរ។ ដូច្នេះ គេ​មិន​ចាំបាច់ មករារាំង​អ្វីទៀតនោះទេ។ ជាក់ស្តែង ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្មាន​ទសវត្សរ៍មកនេះ មិន​បានបន្ទុចបង្អាក់​ផែនការ​របស់កូរ៉េខាងជើង​នោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើង​នៅតែ​សម្រេច​អភិវឌ្ឍ ផលិត​បាន​មីស៊ីល​កាន់តែ​ទំនើប។ ដើម្បី ចង់​ក្លាយ ជាមហាអំណាច​នុយក្លេអ៊ែរ កូរ៉េខាងជើងបាន​ចំណាយ​គ្រប់​ធនធាន គ្រប់​មធ្យោបាយ នោះបើទោះបីជា​ប្រជាជន​របស់ខ្លួន ត្រូវ​រង​ទុក្ខវេទនា  ជួប​គ្រោះអត់ឃ្លានក្តី​ដោយសារ​មហិច្ឆតា នុយក្លេអ៊ែរ​របស់​មេដឹកនាំក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ