អានតួអត្ថបទ
កូរ៉េខាងជើង-មីស៊ីលបាលីស្ទិក

កងទ័ព​កូរ៉េខាងត្បូងថា កូរ៉េខាងជើង​ទំនង​បាញ់​មីស៊ីល​បាលីស្ទិក​ចេញពីនាវាមុជទឹក

បន្ទាប់ពីបាញ់សាកល្បងគ្រាប់មីស៊ីល​ជាបន្តបន្ទាប់គ្នា កាលពី​ប៉ុន្មានសប្តាហ៍មុន កូរ៉េខាងជើង​បានចាប់ធ្វើ​សកម្មភាព​សាជាថ្មី ដោយបាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក ចូល​ទៅក្នុង​ទឹកសមុទ្រ​ជប៉ុន នៅថ្ងៃ​អង្គារ​ទី ១៩​តុលានេះ។ តាម​កងទ័ព​កូរ៉េខាងត្បូង ដែលជាអ្នកជូនដំណឹង​នេះ កូរ៉េខាងជើង​ទំនង​ជា​បាន​បាញ់​មីស៊ីលបាលីស្ទិក​ចេញពី​នាវាមុជទឹក។ នៅក្នុងមហាសន្និបាត​បក្សពលករ​កូរ៉េខាងជើង នៅ​ដើម​ឆ្នាំនេះ មេដឹកនាំ​កូរ៉េខាងជើង​ធ្លាប់បានប្រកាស​ថា កូរ៉េខាងជើង​មាន​គំរូប្លង់​សាងសង់នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ។

ប្រជាជនកូរ៉េខាងត្បូង​មើលទូរទស្សន៍ ដែលមានព័ត៌មាននិយាយ​ពីការបាញ់មីស៊ីល​បាលីស្ទិក​ ចេញពីនាវាមុជទឹក​កូរ៉េខាងជើង​នៅថ្ងៃទី ១៩​តុលា ២០២១
ប្រជាជនកូរ៉េខាងត្បូង​មើលទូរទស្សន៍ ដែលមានព័ត៌មាននិយាយ​ពីការបាញ់មីស៊ីល​បាលីស្ទិក​ ចេញពីនាវាមុជទឹក​កូរ៉េខាងជើង​នៅថ្ងៃទី ១៩​តុលា ២០២១ REUTERS - KIM HONG-JI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃ​អង្គារនេះ នាយសេនាធិការ​កូរ៉េខាងត្បូង​បាន​អះអាងថា គេ​ចាប់​បាន​សញ្ញា​មីស៊ីល​បាលីស្ទិក​ចម្ងាយខ្លី ដែល​កូរ៉េខាងជើង​អាច​បាញ់​ចេញពីនាវា​មុជទឹក។

តាម​កងទ័ព​កូរ៉េខាងត្បូង មីស៊ីល​បាលីស្ទិក​បាន​ហោះ​ចេញពី​ទីក្រុង​កំពង់ផែ Sinpo ដែលមាន​មូលដ្ឋាន​កងទ័ពជើងទឹក​កូរ៉េខាងជើង។ រូបភាព​ផ្កាយរណប​របស់​អាមេរិក​ដែល​បង្ហាញ​វត្តមាន​នាវាមុជទឹក​នៅទីនោះ បាន​ធ្វើ​ឲ្យ​កូរ៉េខាងត្បូងជឿថា កូរ៉េខាងជើង បាញ់​មីស៊ីល​ចេញ​ពី​នាវាមុជទឹក។ យ៉ាងណាក៏ដោយ នាយសេនាធិការ​កូរ៉េខាងត្បូង អះអាងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់​កូរ៉េខាងត្បូង និងអាមេរិក​នឹងវិភាគបន្តទៀត ដើម្បី​បាន​ព័ត៌មាន​លម្អិតបន្ថែម។

ជាមហាអំណាច​នុយក្លេអ៊ែរ កូរ៉េខាងជើង​កំពុង​បង្កើនសមត្ថភាព​ផលិត​មីស៊ីល​បាញ់​ចេញ​ពី​នាវា​មុជទឹក​មួយទៀត។ នៅ ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៩ កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​សាកល្បង​មីស៊ីល ចេញ​ពី​ក្នុង​ទឹក ​ប៉ុន្តែ រហូតមក គេ​នៅមិនទាន់​ឃើញ កូរ៉េខាងជើង​សម្រេច​ផលិត​បាន​នាវាមុជទឹក ដែល​មាន​សមត្ថភាព​បាញ់​មីស៊ីល​បាលីស្ទិក​នៅឡើយទេ។

នៅក្នុង​ពិព័រណ៌​គ្រឿងសព្វាវុធ នៅទីក្រុង​ព្យុងយ៉ាង កាលពី​សប្តាហ៍មុន គេឃើញ មីស៊ីល​បាលីស្ទិក​ដ៏ធំ ដែល​មាន​សមត្ថភាព​ហោះដល់​ទឹកដី​អាមេរិក ដែល​កូរ៉េខាងជើង​ធ្លាប់បានបង្ហាញ​ក្នុង​ព្យុហយាត្រា​នៅឆ្នាំមុន។

ក្នុង​ករណី មីស៊ីលបាលីស្ទិក​របស់​កូរ៉េខាងជើង ពិតជា​ត្រូវ​បាញ់​ចេញ​ពី​នាវាមុជទឹក​មែន នោះ គេជឿថា កូរ៉េខាងជើង​ពិតជា​បាន​បោះជំហាន​លឿន មួយកម្រិតទៀត ក្នុងបច្ចេកវិទ្យា​ផលិត​សព្វាវុធ។ ព្យុងយ៉ាង​នឹង​អាច​បង្កើត​យុទ្ធសាស្រ្ត​ថ្មីៗ ដូចជា អាច​ចាប់ផ្តើម​ការវាយប្រហារ ទៅ​កន្លែង​ឆ្ងាយៗ ដោយ​មិន​ឲ្យ​សត្រូវ​ដឹងខ្លួនមុន ឬ​អាច​ប្រើ​នាវាមុជទឹក​របស់ខ្លួន សម្រាប់​វាយបក​វិញ ក្នុងករណី មូលដ្ឋាន​ទ័ព​របស់ខ្លួនរងការវាយប្រហារពី​សត្រូវ។

កូរ៉េខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក ដែលអង្គការ​សហប្រជាជាតិ បាន​ហាមនិង​ដាក់​ទណ្ឌកម្ម​រហូតមក។ ដំណឹង​ស្តីពីការបាញ់​មីស៊ីល​បាលីស្ទិក​ចេញ​ពី​នាវាមុជទឹក របស់​កូរ៉េខាងជើង ធ្វើ​ឲ្យ​គេ​បារម្ភ​ពីការប្រកួតប្រជែង​ផ្នែក​សព្វាវុធ នៅឧបទ្វីបកូរ៉េ។ កាលពី​ពេល​ថ្មីៗនេះ កូរ៉េខាងត្បូង​ក៏ទើប​សម្រេច​បាញ់​សាកល្បង​ដោយ​ជោគជ័យ​មីស៊ីល​ចេញ​ពី​នាវា​មុជទឹក ជា​លើកដំបូង​របស់​ខ្លួនដែរ។

កូរ៉េខាងជើង​បាញ់មីស៊ីល​នៅថ្ងៃ​អង្គារនេះ នៅ​ខណៈពេល​ដែល​ប្រធានភា្នក់ងារស៊ើបការណ៍សម្ងាត់​របស់​អាមេរិក​កំពុង​ស្ថិតនៅទីក្រុង​សេអ៊ូល ដើម្បីជួប​សមភាគី​កូរ៉េខាងត្បូង និង​ជប៉ុន។ សម្រាប់អ្នកស្រាវជ្រាវ​ នៅ​វិទ្យាស្ថានស្រាវជ្រាវ​យុទ្ធសាស្រ្ត​ជាតិ​កូរ៉េខាងត្បូង ការដែល​អាមេរិក​មិន​ព្រមប្តូរជំហរ ស្តីពីការចរចា ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ផ្គើន​បាញ់មីស៊ីល។ ដោយ​បាញ់​សាកល្បង​មីស៊ីល​ជាបន្តបន្ទាប់ កូរ៉េខាងជើង​ចង់​បង្ហាញថា ខ្លួននៅ​តែ​អាចធ្វើ​សកម្មភាព​ញុះញង់​ខ្លាំងជាងនេះ ទៅ​ទៀត។

នៅថ្ងៃចន្ទ​ម្សិលមិញ ប្រេសិត អាមេរិក​ធ្លាប់បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​បើកការចរចា ប៉ុន្តែ នៅក្នុង​ពិព័រណ៌​សព្វាវុធ​នៅ​សប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង បាននិយាយ​ទម្លាក់កំហុស​លើ​អាមេរិក​ថា ជាដើមហេតុ​ធ្វើ​ឲ្យមាន​ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ និង​ទាត់ចោល​ការលើកឡើង​របស់​ភាគីអាមេរិក​ដែល​ថា គេមាន​ចេតនា បង្ក​អរិភាព ជាមួយ​កូរ៉េខាងជើង​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ