អានតួអត្ថបទ
ភូមា

មន្រ្តី​អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​ពីការសម្លាប់រង្គាល នៅភាគខាងជើង​ភូមា

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុកផ្នែក​សិទ្ធិមនុស្ស​ភូមា បាន​សំដែង​ក្តីបារម្ភ​ពី​គ្រោះមហន្តរាយ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅភូមា នៅចំពោះមុខ យុទ្ធសាស្រ្ត​បញ្ជូន និង​ពង្រាយទ័ព​ភូមា នៅភាគខាងជើង​ប្រទេស។ នៅក្នុង​បទបង្ហាញ​របាយការណ៍ ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ពី​លទ្ធភាព​កើតមាន​ការសម្លាប់រង្គាល បង្កឡើង​ដោយ​របបសឹក​ភូមា។

រូបបណ្ណាសារ បង្ហាញ​មេទ័ព​ភូមា លោក​មីន អ៊ុងឡាំង​នៅក្នុង​សមយុទ្ធយោធា​កាលពីឆ្នាំ ២០១៨
រូបបណ្ណាសារ បង្ហាញ​មេទ័ព​ភូមា លោក​មីន អ៊ុងឡាំង​នៅក្នុង​សមយុទ្ធយោធា​កាលពីឆ្នាំ ២០១៨ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក អ្នករាយការណ៍ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ ភូមា លោក​Tom Andrews បាន​ប្រាប់​ពិភពលោក​ឲ្យ​ត្រៀមខ្លួន ដូច​ប្រជាជន​ភូមា ​ដែល​កំពុង​ត្រៀមខ្លួន​ប្រឈម​នឹង ឧក្រិដ្ឋកម្ម​សម្លាប់រង្គាល នៅភូមា។

អ្នករាយការណ៍ពិសេសរ​របស់​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​ខ្លាច​កើតមាន ការសម្លាប់រង្គាល​សាជាថ្មី នៅភូមា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ថា របបសឹក​ភូមា បាន​បញ្ជូន កងទ័ព​ជាច្រើន​ម៉ឺននាក់ និង​សព្វាវុធ រថក្រោះជាច្រើនគ្រឿង ទៅកាន់​តំបន់ភាគ​ខាងជើង​ភូមា។

តាម​ទីភ្នាក់ងារ​ព័ត៌មានChindwin ដែល​ភ្ជាប់ខ្លួន​ជាមួយ​ក្រុមអ្នកតស៊ូ​ប្រឆាំង របបសឹកភូមា ចាប់តាំង​ពីថ្ងៃ​ពុធ​សប្តាហ៍នេះ គេ​ឃើញ ឡាន ដឹកទាហាន​ភូមា​ជាង៥០​គ្រឿង និង​រថក្រោះ ​បើក​ចូល​ទីក្រុង Hakha ក្នុង​រដ្ឋ​ឈីន​ ជាប់ព្រំដែនជាមួយ​ប្រទេស​ឥណ្ឌា។ តាម​អ្នកជំនាញ​មួយចំនួន ក្នុង​រយៈពេល ៨ខែ ក្រោយ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី កងទ័ព​ភូមា​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការវាយប្រហារ​របស់​ចលនាតស៊ូ ដែលកើត​មាន​ចំនួន​កាន់តែ​ច្រើន នៅគ្រប់​តំបន់ ជាពិសេស​នៅ​តំបន់​ដែល​ក្រុមប្រដាប់​អាវុធ ជនជាតិ​ភាគតិច ចេញមុខ បណ្តុះបណ្តាល និង​បំពាក់អាវុធ​ឲ្យ​ចលនា​តស៊ូ​ប្រឆាំង​របបសឹក។

តាម​មន្រ្តីអង្គការ​សហប្រជាជាតិ របបសឹក​ភូមា​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ព្រោះថា កងទ័ព​ភូមា បាន​ប្រើ​យុទ្ធសាស្រ្ត ដូចនៅ​ក្នុង​យុទ្ធនាការ​បោសសម្អាត នៅក្នុង​រដ្ឋរ៉ាឃីន កាលពី​ឆ្នាំ ២០១៧។

ការបង្រ្កាប​ដ៏ហិង្សា និង​ការធ្វើទុក្ខ​បុកម្នេញ ដែលបាន​បណ្តាល ឲ្យ​ប្រជាជន​រ៉ូហ៊ីងយ៉ា ជាង ៧សែននាក់ រត់ភៀសខ្លួន ទៅជ្រកកោន​នៅ​ប្រទេស​ជិតខាង បង់ក្លាដែស ត្រូវ​បាន​អង្គការ​សហប្រជាជាតិ វាយតម្លៃ​ថា អាច​ជាសម្លាប់​ប្រល័យពូជសាសន៍។

នៅ​ថ្ងៃ​សុក្រ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​គេ​ឈប់ផ្តល់​ថវិកា លក់​អាវុធ និង​បដិសេធ មិន​ទទួល​ស្គាល់ភាព​ស្របច្បាប់ របស់​របបសឹក។ សម្រាប់​មន្រ្តីអង្គការ​សហប្រជាជាតិ ការដាក់សម្ពាធ​លើ​របបសឹក​អាច​ផ្តល់​លទ្ធផល​ជាផ្លែផ្កា។ ជាក់ស្តែង នៅក្រោយ សមាគម​អាស៊ាន បដិសេធ​មិន​ឲ្យ​មេដឹកនាំ​របបសឹក​ភូមា លោក​មីន អ៊ុងឡាំង ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន របបសឹក​ភូមា​បាន​សម្រេច​ដោះលែង​អ្នកទោស​នយោបាយ ជាង ៥ពាន់នាក់ កាលពីថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ។

នៅថ្ងៃ​សុក្រ​ម្សិលមិញ អង្គការ​ក្នុងស្រុក​ភូមា​បាន​ជូនដំណឹងថា សកម្មជន​ប្រឆាំង​ភូមា ជាង ១០០​ដែល​ទើប​ត្រូវ​ដោះលែង ឲ្យ​មាន​សេរីភាព ត្រូវ​បាន​កងទ័ព​ភូមា​ចាប់ខ្លួន​សាជាថ្មី នៅក្រោម​ច្បាប់​ប្រយុទ្ធប្រឆាំង ភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ