អានតួអត្ថបទ
ភូមា-អ្នកទោស

ភូមា ប្រកាស​​ដោះលែងអ្នក​ទោស​បាតុករ ជាង​៥ពាន់​នាក់

៥៦៣៦ នេះ​ជា​ចំនួន​អ្នក​ទោស​ដែល​របប​សឹក​ភូមា បាន​ប្រកាស​លើកលែង​ទោស និង​ដោះលែង​ឱ្យ​មាន​សេរីភាព នា​ឱកាស​បុណ្យ​ចេញ​វស្សាតាម​បែប​ព្រះ​ពុទ្ធ​សាសនា ដោយ​មាន​បង្ហោះ​ភ្លើង​គោម​ ជា​ប្រពៃណី​ភូមាដ៏​សំខាន់។ នេះ​ជា​សេចក្តីប្រកាស​របស់ប្រមុខ​ដឹកនាំសឹក​ភូមា លោក មីន អ៊ុងឡាំង តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ នៅ​ថ្ងៃ​ចន្ទទី ១៨​តុលា ២០២១។

បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ភូមា ថ្ងៃទី ២១​ ឧសភា ២០២១
បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ភូមា ថ្ងៃទី ២១​ ឧសភា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

បាតុករ​ដែលជាប់​ឃុំ​ឃាំង​ពី​បទ​បាន​ចេញ​តវ៉ា​​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធាកាលពី​​ថ្ងៃទី ១​កុម្ភៈ​ ២០២១ នឹង​ទទួល​បាន​ការលើក​លែង​ទោស​ និង​ដោះលែង​ នៅមុន​ថ្ងៃ​ប្រារព្វ​ពិធី​បុណ្យ​សាសនា​ ជា​ប្រពៃណី​ភូមា។ ប៉ុន្តែ​មេដឹកនាំ​សឹក មីន អ៊ុងឡាំង មិន​បានលម្អិត​ទេ​​ថា​តើ​អ្នក​ទោស​ក្រុមណា​ខ្លះ​ដែល​ចាត់​ចូល​ក្នុង​បញ្ជី​ឈ្មោះ​ត្រូវ​ដោះលែង​។ ចំណែក​អាជ្ញាធរ​ពន្ធនាគារ​ក៏​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​អ្វី​ដល់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFPដែរ។

កាលពីចុង​ខែ​មិថុនា​ អាជ្ញាធរ​សឹក​ភូមា​បាន​ដោះលែង​​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋប្រហារ​ចំនួន ២ពាន់​ ដែល​ជាប់​ឃុំ​ឃាំង​នៅ​តាម​ពន្ធនាគារ​ផ្សេង​ទូទាំង​ប្រទេស​ ​ក្នុង​​នោះ​មាន​អ្នក​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ផង។ ប៉ុន្តែ​និពន្ធនាយក​កាសែត​ Frontier Myanmar ជាតិ​អាមេរិក​ ចាប់​ខ្លួន​កាលពី​ថ្ងៃទី ២៤​ឧសភា បន្ត​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​Insein ក្បែរ​ទីក្រុង​រ៉ង់ហ្គូនដដែល។

សូម​បញ្ជាក់​ថា តាំង​ពី​ក្រុមយោធា​​សម្រេច​បង្ក្រាប​ចលនា​បាតុកម្មប្រឆាំង​នឹង​រដ្ឋប្រហារ​មក មាន​ជន​ស៊ីវិល​ប្រមាណ​១១០០​នាក់​បាន​ស្លាប់ និង​ជាង​៧០០០នាក់​ ត្រូវ​ចាប់​ខ្លួន។ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​សមាគម​សង្គ្រោះ​អ្នក​ទោស​នយោបាយ​ ដែល​រាយការណ៍​ថា​មាន​ករណី​ធ្វើ​ទារុណកម្ម រំលោភ និង​ដាក់​ទោស​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ​ទេ។

ម្យ៉ាង​ទៀត សេចក្តីប្រកាស​ដោះលែង​អ្នក​ទោស​ជា​បាតុករ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​អាស៊ាន​ទើប​ចេញ​វិធានការ​ពិសេស​បែប​នយោបាយ ដើម្បី​ព្រមាន​រដ្ឋាភិបាល​ភូមា។ ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន) សម្រេច​មិនឱ្យ​​លោក មីន អ៊ុងឡាំង មក​ចូលរួម​​ក្នុង​ជំនួបកំពូលអាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​២៦-២៨​តុលា ២០២១​ ព្រោះ​តែ​រដ្ឋាភិបាល​សឹក​បាន​បដិសេធ​មិន​ឱ្យ​អន្តរការី​អាស៊ាន​ចូល​ជួប​លោក​ស្រី​អ៊ុងសានស៊ូជី និង​មិន​អនុវត្ត​ផែនការ​៥​ចំណុច ដើម្បី​សម្រួល​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។ តែ​​​ភូមាបាន​រិះគន់​សេចក្តី​សម្រេច​របស់​អាស៊ាន​ថា​រំលោភ​គោលការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ជា​សមាជិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ