អានតួអត្ថបទ
ចិន-តាហ្ស៊ីគីស្ថាន

ចិន​នឹងជួយ​​សាងសង់​មូលដ្ឋានទ័ព​នៅព្រំដែន តាហ្ស៊ីគីស្ថាននិង​អាហ្វហ្កានីស្ថាន

ចិន​នឹង​សង់​មូលដ្ឋាន​ទ័ព​មួយ ឲ្យ​ប៉ូលិស​តាហ្ស៊ីគីស្ថាន។ តាម​ប្រភព​មន្រ្តី​តាហ្សីគីស្ថាន មូលដ្ឋាន​ដែល​ចិន​សង់​ឲ្យ​ប៉ូលិស​តាហ្ស៊ីគីស្ថាន ស្ថិតនៅ​ព្រំដែន តាហ្ស៊ីគីស្ថាន ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន។ ក្រសួងការបរទេស​ចិន​បាន​បដិសេធថា គ្មានវត្តមានមូលដ្ឋាន​ទ័ព​នៅ​អាស៊ីកណ្តាល នោះទេ។

ប្រធានាធិបតី​ចិន ទទួល​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ (ស្តាំ) នៅ​ទីក្រុង​ប៉េកាំង នៅឆ្នាំ ២០១៧
ប្រធានាធិបតី​ចិន ទទួល​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ (ស្តាំ) នៅ​ទីក្រុង​ប៉េកាំង នៅឆ្នាំ ២០១៧ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​សភា​តាហ្ស៊ីគីស្ថាន​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា សភាជាន់ទាប​តាហ្ស៊ីគីស្ថាន​បាន​បោះឆ្នោត យល់ព្រម​ឲ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព នៅ​ព្រំដែន​តាហ្ស៊ីគីស្ថាន និង​អាហ្វហ្កានីស្ថាន។

តាមអ្នកនាំពាក្យ​ខាងលើ ចិន​ជា​អ្នកចេញ​លុយ​ទាំងស្រុង សម្រាប់​ការសាងសង់​មូលដ្ឋានទ័ព ដែលមាន​តម្លៃ ៨,៥លាន​ដុល្លារ។ នៅក្រោយ ចប់ការសាងសង់ មូលដ្ឋាន​នឹងត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ប៉ូលិស​តាហ្ស៊ីគីស្ថាន​ជាអ្នកគ្រប់គ្រង។

ចិនជួយសាងសង់​មូលដ្ឋានទ័ព​ឲ្យប៉ូលិស​តាហ្ស៊ីគីស្ថាន នៅព្រំដែន ជាមួយ​អាហ្វហ្កានីស្ថាន នៅក្នុង​បរិបទមួយ ដែល​ចិន​ខ្លាច​មានការគំរាមកំហែង វាយប្រហារ​ពីសំណាក់ របស់​ក្រុមភេរវនិយម ដែល​មាន​ប្រភព​ចេញមក​ពី​អាហ្វហ្កានីស្ថាន។

នៅក្រោយ តាលីបង់​ឈ្នះសង្រ្គាម ​ត្រលប់​ចូលកាន់អំណាច​នៅ​អាហ្វហ្កានីស្ថាន ប៉េកាំង​បាន​សំឡឹង កសាង​ទំនាក់ទំនង​ល្អ ជាមួយ​ពួកតាលីបង់ ប៉ុន្តែ បាន​អំពាវនាវ​ឲ្យក្រុមនេះ ជួយ​ប្រយុទ្ធប្រឆាំង ក្រុមភេរវនិយម ដែលគាំទ្រ​បុព្វហេតុ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ។ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ខូរ៉ាសាន់ Khorasan ជាដើម ដែលជាសត្រូវ​របស់​ពួកតាលីបង់ ធ្លាប់​បាន​សំដែងការគាំទ្រ ក្រុមអ៊ីស្លាមភាគតិច​អ៊ុយហ្គួរ ដែលរងការជិះជាន់ ធ្វើទុក្ខបុកម្នេញ នៅខេត្ត​ស៊ីនជាំង​ក្នុង​ប្រទេស​ចិន។ មួយវិញទៀត ចិន​បារម្ភថា ក្រុមជ្រុលនិយម​អាចប្រើ​ទឹកដី​តាហ្ស៊ីគីស្ថាន ដើម្បី​ប្រជ្រៀតខ្លួន​ចូល​ទៅក្នុង​ខេត្ត​ស៊ីនជាំង ដែលនៅជាប់ព្រំដែន​តាហ្ស៊ីគីស្ថាន។

សម្រាប់ តាហ្ស៊ីគីស្ថាន ដែល​ផ្ទុយពីប្រទេស​អាស៊ីកណ្តាលផ្សេងទៀត រដ្ឋាភិបាល​របស់​ប្រទេស​នេះ​នៅមិនទាន់​ទទួល​ស្គាល់ របបដឹកនាំ​តាលីបង់ ដែលខ្លួន​ចាត់ទុកជា​ក្រុមជ្រុលនិយមនោះទេ។ នៅក្រោយ​តាលីបង់​ចូលកាន់អំណាច​នៅអាហ្វហ្កានីស្ថាន ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន កាលពី​ខែ​កញ្ញា ធ្លាប់បាន​អំពាវនាវ​ឲ្យ​គេ​សាងសង់ ខ្សែក្រវ៉ាត់​សុវត្ថិភាព ជុំវិញ អាហ្វហ្កានីស្ថាន។

តាហ្ស៊ីគីស្ថាន ដែលមាន​ប្រជាជន​រស់នៅ ជាង ៩លាននាក់ មានព្រំដែន​ជាប់អាហ្វហ្កានីស្ថាន ប្រមាណ ១៣៥៧​គីឡូម៉ែត្រ។ ប្រទេស​នេះមាន​មូលដ្ឋាន​ទ័ព​រុស្ស៊ី មាន​ចំណង​សហប្រតិបត្តិការយោធា ជាមួយ​អាមេរិក និង​ធ្លាប់ទទួល ហិរញ្ញវត្ថុ​ពីប្រទេស​ចិន។ ដំណឹងដែលចិន​គ្រោង​សាងសង់​មូលដ្ឋានទ័ព​ឲ្យ​តាហ្ស៊ីគីស្ថាន នៅជាប់ព្រំដែន​អាហ្វហ្កានីស្ថាន កើតឡើង​នៅក្រោយ កាសែត​ក្នុង​ស្រុក​តាហ្ស៊ីគីស្ថាន ចុះផ្សាយ​ពី​ការផ្ទេរមូលដ្ឋានទ័ព​របស់​តាហ្ស៊ីគីស្ថាន មួយ​នៅ​ជាប់ព្រំដែនជាមួយ​ខេត្ត​ស៊ីនជាំង​ទៅ​ឲ្យ​ចិន​កាន់កាប់ ជាថ្នូរ​នឹង​ប្រាក់ជំនួយ​របស់​រដ្ឋាភិបាល​ចិន។

នៅថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បាន​បដិសេធ​ថា ចិន​គ្មាន​មូលដ្ឋានទ័ព​នៅទឹកដីបរទេស នៅ​ប្រទេស​អាស៊ីកណ្តាល នោះទេ។ ជាផ្លូវការ ចិន មាន​មូលដ្ឋាន​ទ័ព នៅទឹកដី​បរទេស ​ តែមួយគត់ នៅក្នុង​នៅប្រទេស​ហ្ស៊ីបូទី ក្នុងទឹកដី​អាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ