អានតួអត្ថបទ
តាដហ្ស៊ីគីស្តង់-ចិន

តាដហ្ស៊ីគីស្តង់​សុខចិត្ត​ប្រគល់​ទៅ​ឲ្យ​ចិន​គឺ​ជិត ១%នៃដែនដីខ្លួន

ប្រគល់នេះ គឺក្រោយពី​រដ្ឋសភា​តាដហ្ស៊ីគីស្តង់ បានឲ្យ​សច្ចាប័ន​ទៅលើ ពិធីសារ​ដែល​កំណត់​យ៉ាង​ច្បាស់លាស់ ខ្សែ​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ទោះបី តំណាងរាស្ត្រ​ខាងបក្សប្រឆាំង​មាន​ភាគតិច បាន​បោះឆ្នោត​ជំទាស់ក្តី ក៏គេ​ទទួល​ស្គាល់ ដែរថា ជាថ្នូរ​នឹង​ការធ្វើ​សម្បទាន​ដែនដី​នេះ ​ចិន​នឹង​បញ្ចូល​វិនិយោគទុន​កាន់​តែច្រើន ទៅក្នុង​ការអភិវឌ្ឍន៍​ សេដ្ឋកិច្ច​តាដហ្ស៊ីគីស្តង់។

ដី​មួយ​ផ្នែក​របស់​តំបន់ភ្នំ Pamir ប៉ែក​ខាងកើត​តាដហ្ស៊ីគីស្តង់ ត្រូវ​ប្រគល់​ទៅ​ប្រទេស​ចិន
ដី​មួយ​ផ្នែក​របស់​តំបន់ភ្នំ Pamir ប៉ែក​ខាងកើត​តាដហ្ស៊ីគីស្តង់ ត្រូវ​ប្រគល់​ទៅ​ប្រទេស​ចិន ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

03:03

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្កូ

កែវ ឆាយា

ជាបឋម គួររំលឹកថា តាដហ្ស៊ីគីស្តង់​ជាអតីត​សាធារណរដ្ឋ​សូវៀត ស្ថិតនៅ​តំបន់​អាស៊ីកណ្តាល មានព្រំប្រទល់​ខាងកើត​ជាប់នឹង មហាប្រទេសចិន ហើយខាងត្បូង ជាប់នឹង​ប្រទេស អាហ្វហ្កានិស្តង់ រួចដោយ​ស្ថានភាព​ភូមិសាស្ត្រខ្លួន គឺ​ផ្តិតជាប់​ដោយ​ន័យ​យុទ្ធសាស្ត្រ។

ការ​ដែល​ រដ្ឋសភា​ តាដហ្ស៊ីគីស្តង់​ទើបបានឲ្យ សច្ចាប័ន ដោយសម្លេង​ភាគច្រើន​សឹង​ជាឯកច្ឆ័ន ទៅលើ​ “ពិធីសារ​អន្តររដ្ឋាភិបាល​តាដហ្ស៊ីគីស្តង់-ចិន” ចុះតាំងពី​ខែឧសភា ឆ្នាំ២០០២​ម៉្លេះ គឺមានន័យ​បិទ​បញ្ចប់ វិវាទ​ដែនដី​ រវាង​ប្រទេសទាំង២ នៅត្រង់​តំបន់ភ្នំ Pamir ប៉ែក​ខាងកើត​តាដហ្ស៊ីគីស្តង់ ត្រង់​ព្រំដែនខាងលិច​ប្រទេសចិន ដែលមាន​ផ្ទៃក្រឡា ២៨.៥០០គ.ម។ ចិន​ចង់បាន​ដែនដី​ជាប់​វិវាទនេះ ដែលស្មើនឹង​២០%ឯណោះ នៃ​ដែនដី​តាដហ្ស៊ីគីស្តង់​ទាំងមូល។ ប៉ុន្តែ​ស្របនឹង ពិធីសារ​នោះ គឺ​ប្រគល់​ទៅ​ឲ្យ​ចិន តែ ៣%​ប៉ុណ្ណោះ​នៃ​ដែនដី​ជាប់​វិវាទ ពោល​គឺ​តែ ១.១០០ គ.ម. ឬស្មើតែ ០,៧៧% ប៉ុណ្ណោះ​នៃ​ដែនដី​តាដហ្ស៊ីគីស្តង់​ទាំងមូល។ អ៊ីចឹងហើយ បានជាទីក្រុង Douchanbe ជាផ្លូវការ បានថ្លែង​ថា ការនេះ​មានន័យ ជា​ជ័យជំនះ​ឥត​ប្រកែកបាន​នៃ​នយោបាយ​ការទូត​របស់ តាដហ្ស៊ីគីស្តង់។

ក្រោយ​ពី​ផ្ទេរ​ដីខ្លួន ១.១០០ គ.ម.ឲ្យទៅចិន ដែលមាន​ផ្ទៃក្រឡា​ដល់ទៅ​៩លាន​៦សែន គ.ម. ស្រាប់ទៅហើយ សំរាប់​ តាដហ្ស៊ីគីស្តង់​ ដែល​មកទល់ឥឡូវ​​មាន​ផ្ទៃក្រឡា តែ ១សែន ៤ម៉ឺន ៣ពាន់ ១រយ គ.ម. គឺ​នឹង​រួញខើច ទៅ​នៅត្រឹម ១សែន៤ម៉ឺន២ពាន់ គ.ម.ប៉ុណ្ណោះ។ មកពីមូលហេតុ នេះ បានជា ពួកអ្នកតំណាងរាស្ត្រភាគតិច ខាងបក្ស​ប្រឆាំង ដែលមាន​ឈ្មោះថា “ បក្ស​ប៉ុន​ភពអ៊ីស្លាម“ ដែល​ជំទាស់​នឹង​ការឲ្យ​សច្ចាប័ន នាំគ្នា​ថ្លែងថា ការដែល​ពួក​តំណាងរាស្ត្រ​ភាគច្រើន ខាងបក្ស​កាន់អំណាច បាន​ឲ្យសច្ចាប័ន គឺមាន​ន័យ​ថា ជា​បរាជ័យ​នៃ​នយោបាយ​ការទូត តាដហ្ស៊ីគីស្តង់ ដ្បិត​វាផ្ទុយ​នឹងមាត្រា​ទី៧ នៃរដ្ឋធម្មនុញ្ញ ដែលចែង ថា ដែនដីរដ្ឋ តាដហ្ស៊ីគីស្តង់​ ជាដែនដី ​រលាយសាច់មួយ មិនអាច​ពុះចែក​ជាដាច់ខាត។

ទោះយ៉ាងណាក្តី ក៏ពួក​អ្នកទិតៀន​លោកប្រធានាធិបតី តាដហ្ស៊ីគីស្តង់​ ក្នុងរឿងធ្វើ​សម្បទាន​ដី​ឲ្យ​ទៅ​ចិន បានសារភាព​ទទួលស្គាល់​ថា កិច្ច​ព្រមព្រៀង​ខ័ណ្ឌបញ្ចប់​វិវាទដែនដីនេះ ជាផ្លែផ្កា នៃការតថ្លៃ​គ្នាយ៉ាងយូរ រវាងក្រុង Pekin និងក្រុង Douchanbe គឺថា ៖ ចិន​សុខចិត្ត​បំពេញមែន តាម​បំណងចង់​បាន​របស់​តាដហ្ស៊ីគីស្តង់ ក្នុងរឿង​ផ្តល់ប្រាក់​ឲ្យខ្ចី​បន្ថែមទៀត ដោយយក ការប្រាក់ថោក​សែនថោក។ ​មិនតែប៉ុណ្ណោះ នាប៉ុន្មានឆ្នាំ​ចុងក្រោយ ចិន​បានបញ្ចូល​វិនិយោគ​យ៉ាងសកម្ម​ទៅក្នុង​ប្រទេស​តាដហ្ស៊ីគីស្តង់។ ទីក្រុង Douchanbe បាន​ទទួល​ពីចិន​រួចទៅ​ហើយ នូវឥណទាន​ ក្នុងទឹកប្រាក់ ១.០០០​លាន​ដុល្លារ​អាមេរិក​ឯណោះ។ គ្រាន់តែ​សំរាប់​ សង់ផ្លូវ​ថ្នល់​ថ្មីៗ និង​កែឲ្យ​ទំនើបឡើង​ ផ្លូវ​ដែលធ្លាប់មាន​ពីមុនៗ តាដហ្ស៊ីគីស្តង់ បានទទួលពី​ចិន គឺ ២៥០​លាន​ដុល្លារ​អាមេរិក។

តាំងពី ក្លាយជារដ្ឋឯករាជ្យ ក្នុងឆ្នាំ១៩៩១មក តាដហ្ស៊ីគីស្តង់ ជារដ្ឋ​ទី១​នៅតំបន់​អាស៊ី​កណ្តាល ដែល​ចេះកំណត់​បានរួចដាច់​ស្រេច ខ្សែ​ព្រំដែនខ្លួន​ជាមួយ មហាប្រទេសចិន នៅជិតខាង។ ព្រំដែនរួម​រវាងប្រទេស​ទាំងពីរ​មានប្រវែងដល់ ៨០០គីឡូម៉ែត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ