អានតួអត្ថបទ
អ៊ីរ៉ង់-ប៉ាគីស្ថាន-តាលីបង់

ហេតុអ្វី​បានកើតមាន​ភាពតានតឹង នៅព្រំដែន​អ៊ីរ៉ង់ជាមួយ​ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន?

ការប្រយុទ្ធគ្នា រវាង​កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ និង​ក្រុមប្រដាប់អាវុធ នៅ​តំបន់​ជាប់ព្រំដែន​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន ​បាន​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់ ៩នាក់ ដែលនៅក្នុង​នោះ ៣នាក់ ជា​ទាហាន​អ៊ីរ៉ង់។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​ឆ្មាំបដិវត្តអ៊ីរ៉ង់ កាលពី​ថ្ងៃ​សៅរ៍ ទី ២ធ្នូ។ ការប៉ះទង្គិចអាវុធ​រវាង​កងទ័ពអ៊ីរ៉ង់ ជាមួយ​ក្រុមចោរប្លន់​ប្រដាប់អាវុធ កើតឡើង​នៅ​ខេត្ត​Sistan-Baloutchistan ភាគអាគ្នេយ៍ របស់​អ៊ីរ៉ង់ ដែលជាប់ព្រំដែន​ជាមួយ អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន។

ទាហានអ៊ីរ៉ង់​នៅ​ខេត្តដ៏ក្រីក្រ សំបូរ​ដោយ​ភ្នំថ្ម​Sistan-Baloutchistan​ជាប់ព្រំដែន​ជាមួយប៉ាគីស្ថាន
ទាហានអ៊ីរ៉ង់​នៅ​ខេត្តដ៏ក្រីក្រ សំបូរ​ដោយ​ភ្នំថ្ម​Sistan-Baloutchistan​ជាប់ព្រំដែន​ជាមួយប៉ាគីស្ថាន AFP PHOTO/FARSNEWS/STR
ផ្សាយពាណិជ្ជកម្ម

ឆ្មាំបដិវត្តអ៊ីរ៉ង់ ដែលជា​ឈ្មោះ​កងទ័ព​ពិសេស​របស់​អ៊ីរ៉ង់ បាន​បើកការវាយប្រហារ​២ថ្ងៃ​ជាប់គ្នា ទៅលើ​ក្រុម​ប្រដាប់អាវុធ ដែល ឆ្មាំបដិវត្តអ៊ីរ៉ង់​ចោទប្រកាន់​ថា ជាក្រុមចោរប្លន់ នៅតំបន់ជាប់ព្រំដែនអាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន។

តាម​ឆ្មាំបដិវត្ត​អ៊ីរ៉ង់ នៅថ្ងៃ​សៅរ៍ គេ​បាន​បាញ់​សម្លាប់​មេក្លោង និង​សមាជិក​ក្រុម​ប្រដាប់អាវុធ​៦នាក់ ចំណែកឆ្មាំបដិវត្ត​អ៊ីរ៉ង់​បាន​បាត់បង់​សមាជិក​របស់​ខ្លួន ៣នាក់។ ទីភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់​បានចុះផ្សាយ​កាលពីថ្ងៃ​សៅរ៍ថា នៅក្នុង​ការប្រយុទ្ធគ្នា កាលពី​ថ្ងៃ​សុក្រ ឆ្មាំបដិវត្តអ៊ីរ៉ង់ បានបាញ់​សម្លាប់​ក្រុមប្រដាប់អាវុធ ៣នាក់ ដែលជាប់ពាក់ព័ន្ធ​នឹង​ការសម្លាប់ទាហានអ៊ីរ៉ង់​២នាក់ កាលពី​សប្តាហ៍មុន។

នៅ​ខេត្ត​ដ៏ក្រីក្រ និង​ដាច់ស្រយាល​របស់​អ៊ីរ៉ង់ Sistan-Baloutchistan ដែល​ជាប់ព្រំដែន​ជាមួយ​ប៉ាគីស្ថានផង និងអាហ្វហ្កានីស្ថានផង ការប៉ះទង្គិចផ្នែក​អាវុធ​ឧស្សាហ៍កើតឡើង​រវាង​កងទ័ព​រដ្ឋាភិបាល ជាមួយ ក្រុមប្រដាប់អាវុធ ដែលអាច​ជា​ក្រុមជួញដូរ​គ្រឿងញៀន ក្រុមបំបែក​ទឹកដី​អ៊ីរ៉ង់ ឬ​ក្រុមជីហាត។

នៅក្នុងប្រទេស​ដែលគ្រប់គ្រង​ដោយអាជ្ញាធរ​កាន់និកាយ​ស្ហ៊ីអ៊ីត សកម្មជន​អ៊ីស្លាម​និកាយ​ស៊ុននីត ដែល​សំបូរ​រស់នៅ​ភាគច្រើន​នៅ​ខេត្ត Sistan-Baloutchistan​ឧស្សាហ៍​ផ្ទុះអាវុធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​ប្រជាជន​ចោទប្រកាន់​ថា ប្រកាន់​រើងអើង​ប្រជាជន​កាន់និកាយស៊ុននីត។

កន្លងមក អ៊ីរ៉ង់​ធ្លាប់បាន​ចោទប្រកាន់ប្រទេស​ជិតខាង​ប៉ាគីស្ថានថា បាន​គាំទ្រ និង​ផ្តល់ជំរក ឲ្យ​ក្រុមឧទ្ទាមបំបែកទឹកដី​នៅ​ខេត្ត​ Sistan-Baloutchistan វាយប្រហារ​ផលប្រយោជន៍​អ៊ីរ៉ង់។ ក្រៅពីមាន​ព្រំដែនជាប់​ប៉ាគីស្ថាន ខេត្ត​ Sistan-Baloutchistan​មានព្រំប្រទល់ជាប់ផងដែរ​អាហ្វហ្កានីស្ថាន ជាទី​ដែលក្រុមតាលីបង់ ធ្វើ​សង្រ្គាម​ចូលគ្រប់គ្រង កាលពី​ខែ​សីហា​ឆ្នាំមុន។ កាលពី​ប៉ុន្មានសប្តាហ៍នេះ កងទ័ពអ៊ីរ៉ង់​បាន​ប្រយុទ្ធគ្នា​ជាមួយ​ពួកតាលីបង់ ដោយ​មិន​បាន​បង្ក​ឲ្យមាន​អ្នករបួស ឬ​ស្លាប់នោះទេ។ អ្នកជំនាញ​បារម្ភថា ជាមួយ​ការឡើងកាន់អំណាច​ នៅ​អាហ្វហ្កានីស្ថាន​ ពួកតាលីបង់ ដែលជាក្រុម​ស៊ុននីតនិយមជ្រុល នឹងអាច​ចិញ្ចឹម​សង្រ្គាម បង្កអសន្តិសុខ នៅក្នុង​តំបន់ តាមរយៈ ការផ្តល់កម្លាំង ជំនួយ​គាំទ្រ ដល់​ក្រុមឧទ្ទាម​បំបែកទឹកដី​អ៊ីរ៉ង់ ដើម្បី​ឈ្លោះប្រយុទ្ធនឹង​ឆ្មាំបដិវត្តអ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ