អានតួអត្ថបទ
កូរ៉េខាង​ជើង-នុយក្លេអ៊ែរ

កូរ៉េខាង​ជើងស្វាគមន៍​ឆ្នាំ​ថ្មី ដោយបាញ់មីស៊ីលដែលសង្ស័យ​ថា​ជាប្រភេទ​បាលីស្ទីក

គ្រាន់​តែ​ចូល​ឆ្លងចូ​ល​ឆ្នាំ​ថ្មី២០២២​ភ្លាម កូរ៉េខាង​ជើង​បាន​សាកល្បងមីស៊ីលភ្លាមដែរ។ នៅថ្ងៃពុធ​ទី ៥មករា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីលមួយ​ប្រភេទ​​ទៅ​ក្នុង​សមុទ្ទ​ជប៉ុន​​។ ​មីស៊ីល​ដែល​អាច​ហោះ​បាន​ប្រមាណ​៥០០គីឡូម៉ែត្រ ទំនង​ជា​មីស៊ីល​ប្រភេទ​បាលីស្ទិក​ផង។ នេះបើ​តាម​ការ​សន្និដ្ឋាន​របស់​កូរ៉េខាង​ត្បូង និង​ជប៉ុន។

ទូរទស្សន៍​កូរ៉េខាងត្បូង​ជូន​ព័ត៌មានស្តីពីការ​បាញ់​មីស៊ីលរបស់​ព្យុងយ៉ាង នៅថ្ងៃទី ៥​មករា ២០២២
ទូរទស្សន៍​កូរ៉េខាងត្បូង​ជូន​ព័ត៌មានស្តីពីការ​បាញ់​មីស៊ីលរបស់​ព្យុងយ៉ាង នៅថ្ងៃទី ៥​មករា ២០២២ REUTERS - KIM HONG-JI
ផ្សាយពាណិជ្ជកម្ម

បើ​តាម​កូរ៉េខាង​ត្បូង និង​ជប៉ុន ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មីស៊ីល​ ដែល​ទំនង​ជា​មីស៊ីលបាលីស្ទិក ទៅ​ក្នុង​សមុទ្ទ​ជប៉ុន ឬសមុទ្ទ​ខាងកើត​ បើ​ហៅ​តាម​អ្នក​កូរ៉េ នៅ​វេលា​ម៉ោង​៨​និង​១០​នាទី ព្រឹក ម៉ោង​នៅក្នុង​ស្រុក។ អ្នក​ជំនាញ​កូរ៉េខាង​ត្បូង​និង​អាមេរិក កំពុង​តែ​វិភាគ​​​យ៉ាងហ្មត់ចត់​ ដើម្បី​​បាន​ព័ត៌មាន​​ល្អិត​ល្អន់។ នេះ​បើ​តាមគូសបញ្ជាក់​​របស់​អគ្គមេបញ្ជាការយោធាកូរ៉េខាង​ត្បូង​នៅក្នុង​សេចក្តី​ថ្លែងការណ៍។

ចំណែក​ខាងជប៉ុន​វិញ លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស្ហ៊ីដា បាន​ប្រើ​ពាក្យ​ថា ការ​បាញ់​នៅ​លើក​នេះ អាច​ជា​មីស៊ីលបាលីស្ទិក និង​​បានសម្តែង​ការសោកស្តាយ​ចំពោះ​ទង្វើរបស់​ព្យុងយ៉ាង​ដែល​បន្ត​​សាកល្បង​មីស៊ីល​ជាប់​ឥត​ដាច់​​តាំងពីឆ្នាំ​មុន​មក។  មីស៊ីល​បាញ់​ហោះ​ផ្លោង​បានចម្ងាយ​ប្រមាណ​៥០០​គីឡូម៉ែត្រ និង​ធ្លាក់​នៅក្រៅ​តំបន់​សេដ្ឋកិច្ចផ្តាច់​មុខ​របស់​ជប៉ុន​ទេ។ ប៉ុន្តែ​ថ្វីបើគ្មានបង្ក​ការខូច​ខាត​ជា​សម្ភារៈ​ ប៉ះពាល់​ដល់យន្តហោះ ឬនាវាក៏៏ដោយ​ ក៏​ជប៉ុន​នឹង​ធ្វើ​ការ​វិភាគដើម្បី​បានដឹង​ថា​តើ​ការ​បាញ់​សាកល្បងនេះ​មាន​មីស៊ីលប៉ុន្មាន​គ្រាប់។

ការ​បាញ់សាកល្បង​មីស៊ីល​ជាលើ​កទីមួយ​សម្រាប់​ឆ្នាំ​២០២២​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​កូរ៉េខាង​ជើង មិន​ឆ្លើយ​តប​ទៅនឹង​សំណើ​របស់​វ៉ាស៊ីនតោន សុំ​ឱ្យ​តំណាងអាមេរិក​ចូល​ជួប ដើម្បី​រៀប​ចំ​កិច្ចចរចា​ឡើង​វិញ។ កិច្ចចរចា​អាមេរិក-កូរ៉េខាង​ជើង ត្រូវ​ជាប់​គាំងតាំង​ពី​ជំនួបរវាង​លោក​ដូណាល់​ត្រាំ​និង​លោក​គីមជុងអ៊ុន នៅក្រុង​ហាណូយ​ឆ្នាំ​២០១៩បរាជ័យ​មក។ តាំងពី​ឡើង​គ្រប់គ្រងអាមេរិក​នៅ​ឆ្នាំ​២០២១ រដ្ឋបាល​លោក​ចូបៃដិន បានប្រកាសត្រៀមខ្លួន​ជួប​តំណាង​កូរ៉េខាងជើង​ដែរ តែ​ត្រូវ​ព្យុងយ៉ាង​បដិសេធ​ជា​រហូត។

ថ្លែង​នៅ​ចំពោះ​មុខ​មហាសន្និបាត​បក្ស​ពលករកូរ៉េខាង​ជើង​​កាលពី​សប្តាហ៍​មុន លោក គីម ជុងអ៊ុន​ បានថែម​ទាំង​ប្រកាស​ចង់​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​ពង្រឹង​សមត្ថភាព​យោធា​ ដោយ​មិនខ្វល់​នឹង​​សហរដ្ឋ​អាមេរិក​ និង​ទណ្ឌកម្ម​អន្តរជាតិ​ទេ។ សមត្ថភាព​យោធា​របស់​កូរ៉េខាង​ជើង បាន​រីក​លូត​លាស់​និង​ចម្រើន​ទៅ​ច្រើន។ នៅ​​​ឆ្នាំ​២០២១ កូរ៉េខាង​ជើងបាន​​អះអាង​ថាមាន​ជោគជ័យ ក្នុង​ការ​បាញ់​សាកល្បង​ ​មីស៊ីល​បាលីស្ទិកប្រភេទ​ថ្មី​ចេញ​ពីនាវា​មុជទឹក មីស៊ីលបណ្តែតបាញ់​បាន​​ឆ្ងាយ​ មីស៊ីល​បាញ់​ចេញ​ពី​រថភ្លើង និង​មីស៊ីល​អ៊ីពែរសូនិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ