អានតួអត្ថបទ
តៃវ៉ាន់-លីទុយអានី-ចិន

តៃវ៉ាន់​បង្កើត​មូល​និធិ​ ២០០​លាន​ដុល្លារ​ដើម្បី​វិនិយោគ​នៅ​លីទុយអានី

តៃវ៉ាន់​បាន​ប្រកាស​នៅថ្ងៃពុធ​ ទី៥​ មករា​ ឆ្នាំ២០២២​ថា​នឹង​បង្កើត​មូលនិធិ​ចំនួន​ ២០០​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​នៅក្នុង​ប្រទេស​លីទុយអានី​ ខណៈ​ម្ចាស់​អាជីវកម្ម​ជាច្រើន​នៅ​ទីនោះ​ត្អូញ​ត្អែរ​អំពី​ការ​ខាតបង់​របស់​ពួកគេ​ពី​ទំនាក់​ទំនង​តានតឹង​រវាងចិន​និង​លីទុយអានី​។ លីទុយអានី​ដែល​បច្ចុប្បន្ន​ កំពុង​រង​ទាំង​សម្ពាធ​ការ​ទូតនិង​ពាណិជ្ជកម្ម​ពី​ចិន ក្រោយ​ប្រទេស​អឺរ៉ុប​មួយ​នេះ​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​ បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​ប្រទេស​ខ្លួន​។

ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី សៃ អ៊ីងវេន កំពុងស្តាប់ការថ្លែងរបស់លោក Matas Maldeikis ប្រធានដឹកនាំគណៈប្រតិភូលីទុយអានី ក្នុងជំនួបមួយនៅឯការិយាល័យប្រធានាធិបតីក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១។
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី សៃ អ៊ីងវេន កំពុងស្តាប់ការថ្លែងរបស់លោក Matas Maldeikis ប្រធានដឹកនាំគណៈប្រតិភូលីទុយអានី ក្នុងជំនួបមួយនៅឯការិយាល័យប្រធានាធិបតីក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១។ AP
ផ្សាយពាណិជ្ជកម្ម

ក្រៅតែពី​បាន​សន្យា​បង្កើត​មូល​និធិ​ ២០០លាន​ដុល្លារ​សម្រាប់​លីទុយអានី​ ទីក្រុង​តៃប៉ិ​ក៏​បាន​សន្យាផងដែរ​បើកចំហទីផ្សារ​របស់ខ្លួន​ទៅកាន់​រដ្ឋបាល់ទិក​មួយនេះ​។ គេ​រំពឹង​ថា​ការ​វិនិយោគ​ដំបូង​របស់​តៃវ៉ាន់​តាររយៈ​មូលនិធិ​ខាងលើ​នឹងធ្វើឡើង​នៅ​ឆ្នាំ ២០២២​​។

ប្រធាន​ការិយាល័យ​តំណាង​តៃវ៉ាន់​ប្រចាំ​នៅ​ប្រទេស​លីទុយអានី​លោក Eric Huang និយាយថា​ តៃវ៉ាន់​នឹងប្រើប្រាស់មូលនិធិ​ដើម្បី​វិនិយោគ​លើផ្នែកជាច្រើន​រួមាន​ semiconductors ឡាស៊ែរ ជីវបច្ចេកវិទ្យា និងការស្រាវជ្រាវផ្សេងទៀតនៅក្នុង​ប្រទេស​លីទុយអានី​។ ការ​វិនិយោគ​នេះគឺជាផ្នែកមួយ​នៃផែនការ​របស់​តៃវ៉ាន់​ក្នុងការ​អភិវឌ្ឍទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​​លីទុយអានី​ដែល​រង​សម្ពាធ​សេដ្ឋកិច្ចពី​ចិនប៉េកាំង​។

នៅក្នុង​ពេល​ប្រកាស​អំពី​ការ​បង្កើត​មូលនិធិ​នេះនៅឯ​សន្និសីទសារព័ត៌មាន​​ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេសតៃវ៉ាន់​លោក Harry Ho-jen Tseng មានប្រកាសដែរថា​ដល់​វេលា​ហើយ​ដែល​តៃវ៉ាន់ត្រូវ​ចូល​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ទុយអានី។

គួររំឭកថា​ ប្រទេស​លីទុយអានី​ដែលផ្គើនចំពោះ​សម្ពាធ​របស់​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​កាល​ពី​ខែ​កក្កដា​ឆ្នាំទៅមិញ​បើក​ភ្លើង​ខៀវ​ឲ្យ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​ទីក្រុង​វីលនីញូស​។ នេះ​ជា​លើកទី១ គិត​តាំង​ពី១៨ឆ្នាំ​កន្លង​មកនេះដែល​មាន​ប្រទេស​អឺរ៉ុប​មួយ​​យល់ព្រម​ឲ្យ​តៃវ៉ាន់​បង្កើត​ការិយាល័យ​តំណាង​។ ភ្លាម​មួយ​រំពេច​ចិន​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ និងបាន​ចាត់​ទុកចំណាត់ការនេះ​ថា​ជា​ការ​រំលោភ​លើ​គោលការណ៍​ចិន​តែ​មួយ​របស់​ខ្លួន។

ដើម្បីជាការឆ្លើយតប​ ចិនបាន​សម្រេច​កាលពីខែវិច្ឆិកា​កាត់​បន្ថយ​ជា​ផ្លូវការ​នូវ​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ប្រទេស​លីទុយអានី និង​បាន​ផ្តើម​វិធានការ​រារាំង​ការ​នាំចូល​ទំនិញ​របស់​អឺរ៉ុប​ដែល​ផលិតទាំងស្រុង​ ឬមួយផ្នែក​នៅ​ក្នុង​ប្រទេសលីទុយអានី​។

ក្រុមហ៊ុន​ស្រា​របស់​តៃវ៉ាន់​មួយ​បានឲ្យដឹងនៅ​សប្តាហ៍នេះថា​ខ្លួន​បាន​ជួយ​ទិញ​យក​ស្រា​របស់​លីទុយអានីជាង ២ម៉ឺនដបដែលត្រូវ​បាន​ហាមឃាត់​ដោយចិន​។ ក្រៅពីនេះបើតាម​មន្ត្រី​តៃប៉ិ​ នៅមានទំនិញជាច្រើនផ្សេងទៀត​របស់លីទុយអានី​ដែល​ត្រូវ​បាន​តៃវ៉ាន់​ទិញ​យក​ដើម្បី​ជួយ​ទប់ទល់​នឹង​សម្ពាធរបស់ចិនលើប្រទេសអឺរ៉ុបមួយនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ