អានតួអត្ថបទ
ចិន-អឺរ៉ុប-តៃវ៉ាន់-លីទុយអានី

ចិន​ហាមឃាត់​ទំនិញ​អឺរ៉ុប ដែល​ផលិត​នៅ​លីទុយអានី ដោយសារ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ជាមួយ​​តៃវ៉ាន់

អាជ្ញាធរចិន បានចាប់ផ្តើមរារាំងការនាំចូលទំនិញរបស់អឺរ៉ុប ដែលផលិតទាំងស្រុង ឬមួយផ្នែកនៅក្នុង​ប្រទេសលីទូអានី។ នេះបើផ្អែកតាម​លើកឡើង របស់​មន្ត្រីអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម កាលពីថ្ងៃសុក្រម្សិលមិញ។ វិធានការរារាំងរបស់ចិននេះ គឺជាវិធានការសងសិក ទៅលើ​ប្រទេសលីទុយអានី ដោយសារប្រទេសអឺរ៉ុបមួយនេះ បាន​អនុញ្ញាតឲ្យ​កោះ​តៃវ៉ាន់ ដាក់តំណាងទូតផ្លូវការ នៅក្នុង​ប្រទេសខ្លួន។

លោក Matas Maldeikis ដឹកនាំគណប្រតិភូតំណាងប្រទេសលីទុយអានី ទៅជួប​​លោកស្រីប្រធានាធីបតី​តៃវ៉ាន់ នៅក្រុងតៃប៉ិ ថ្ងៃទី ២៩ វិច្ឆិកា ២០២១
លោក Matas Maldeikis ដឹកនាំគណប្រតិភូតំណាងប្រទេសលីទុយអានី ទៅជួប​​លោកស្រីប្រធានាធីបតី​តៃវ៉ាន់ នៅក្រុងតៃប៉ិ ថ្ងៃទី ២៩ វិច្ឆិកា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

លោក Valdis Dombrovskis មន្ត្រីអឺរ៉ុបទទួលបន្ទុក​ពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់កាសែត Die Welt, ថា អាជ្ញាធរគយ​របស់ចិន បានបដិសេធ ធ្វើលិខិតស្នាម អនុញ្ញាតឲ្យទំនិញអឺរ៉ុបចូលទៅចិន ឲ្យតែទំនិញទាំងនោះ មានប្រភពមកពី​ប្រទេសលីទុយអានី ទោះទាំងស្រុង ឬមួយផ្នែកតូចក្តី។ វិធានការរារាំងនេះ គឺប៉ះពាល់ ដល់ដល់ការដឹកជញ្ជូនទំនិញគ្រប់មុខ ទាំងទំហំតិចតួច និងទំហំធំៗ ហើយមានតម្លៃថវិកាច្រើនខ្លាំងណាស់។ លោក​បានបន្ថែមថា ដោយសារតែទំហំដ៏ធំ នៃការដោះដូរពាណិជ្ជកម្ម រវាងចិន និងសហភាពអឺរ៉ុប គឺផលប៉ះពាល់អាចនឹងមានតម្លៃកើនឡើងខ្លាំងថែមទៀត យ៉ាងរហ័ស ប្រសិនបើគ្មានដំណោះស្រាយទេនោះ។

មន្ត្រីអឺរ៉ុបរូបនេះ បានអះអាងថា ក្រុមការងារលោកកំពុងតែចរចា សុំការពន្យល់ពីភាគីចិន ទាក់ទិន​នឹងការរាំងខ្ទប់ការនាំចូល។ លោក​បន្ថែមថា បើគ្មានដំណោះស្រាយ​តាមសម្រួលទេនោះ សហភាពអឺរ៉ុប អាចនឹងដាក់ពាក្យប្តឹង ទៅ​អង្គការពាណិជ្ជកម្មពិភពលោក។

គួរបញ្ជាក់ថា វិធានការរបស់ចិននេះ គឺជាវិធានការសងសឹកយ៉ាងច្បាស់ ទៅលើប្រទេសលីទុយអានី។ កាលពីខែកក្កដា រដ្ឋាភិបាលលីទុយអានី បានអនុញ្ញាត ឲ្យ​កោះតៃវ៉ាន់ បើកការិយាល័យ​ការទូត ជាផ្លូវការ ប្រចាំ​នៅ​ទីក្រុងវីលនូស។ ជាការសម្រេច ដែលចិនបានបដិសេធដាច់​អហង្ការ ព្រោះចិនមិនយល់ព្រមឲ្យ​គេទទួលស្គាល់ តៃវ៉ាន់ ជាផ្លូវការនៅក្នុងទំនាក់ទំនងការទូតជាដាច់ខាត។​

គួររំលឹកដែរថា មុននឹងមានវិធានការសងសឹក លើទំនិញអឺរ៉ុបផលិតនៅ​លីទុយអានីនេះ ចិនបានសម្រេច កាលពីថ្ងៃទី​២៥វិច្ឆិកា ឈប់ឲ្យ​ស្ថានទូតខ្លួននៅ​លីទុយអានី ចេញទិដ្ឋាកាទៅឲ្យ​ប្រជាជនលីទុយអានី។ ជាការឆ្លើយតបវិញ នៅថ្ងៃទី​១៥ធ្នូ លីទុយអានី បាន​កោះហៅមន្ត្រីទូតខ្លួនប្រចាំក្រុងប៉េកាំង ឲ្យចូលស្រុកវិញ រងចាំទាល់តែមានដំណោះស្រាយជាមួយចិន។ វិធានការសងសឹកលើទំនិញនៅពេលនេះ គឺមិនមែនប៉ះពាល់តែទៅលើ​លីទុយអានីទេ តែវាប៉ះពាល់ដល់ទំនិញអឺរ៉ុបទាំងមូលតែម្តង ឲ្យតែទំនិញមានធាតុផ្សំមួយផ្នែកតូចក្តី ផលិត​នៅលីទុយអានី។ នៅក្នុងជម្លោះនេះ គេពិបាក​សង្ឃឹមណាស់ ថាលីទុយអានី អាចនឹង​បន្តរឹង ចចេសជាមួយចិន ចង់​​ភ្ជាប់ទំនាក់ទំនងជាមួយតៃវ៉ាន់នោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ