អានតួអត្ថបទ
អាស៊ី-ដើមបូព៌ា

ប្រមុខការទូតក្នុង ៤ប្រទេសនៅតំបន់ឈូងសមុទ្រពែក្សទៅបំពេញទស្សនកិច្ចនៅចិន

នៅ​ថ្ងៃ​ចន្ទ ទី១០ មករា រដ្ឋមន្រ្តី​ការបរទេស​ពី ៤ប្រទេស​នៃ​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស​ផ្តើម​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន។ ប្រទេស​អារ៉ាប់​ទាំង ៤ គឺ​អារ៉ាប៊ីសាអូឌីត កូវ៉ែត អូម៉ង់ និង​បារ៉ែន។ អ្វី​ជា​ការ​កត់សម្គាល់ ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ទាំង ៤ នៅ​ឈូងសមុទ្រពែក្ស​នៅ​ចិន​ធ្វើ​ឡើង ខណៈ​ដែល​ប្រេងកំពុង​ឡើង​ថ្ងៃ និង​ដែល​ចិន​កំពុង​ត្រូវ​ការ​ប្រេង​ខ្លាំង​សម្រាប់​ចិញ្ចឹមបំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

​ប្រមុខ​ការទូត​ចិន ​លោក​វ៉ាង យី។
​ប្រមុខ​ការទូត​ចិន ​លោក​វ៉ាង យី។ ANGELOS TZORTZINIS AFP
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចិន ដំណើរ​ទស្សនកិច្ច​រួម​គ្នា​នៅ​ចិន​រយៈពេល ៥ថ្ងៃ​របស់​ប្រមុខ​ការទូត​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត កូវ៉ែត អូម៉ង់ និង​បារ៉ែន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី។ តែ​សេចក្តីប្រកាសព័ត៌មាន​ដដែល​មិន​បាន​ប្រាប់​ពី​កម្មវិធី និង​កម្មវត្ថុ​នៃ​ទស្សនកិច្ច​នោះ​ទេ។ ចំណែក​កាសែត​ប្រចាំ​ថ្ងៃ​ចិន​ជា​ភាសា​អង់គ្លេស Global Times បាន​អះអាង​ថា ទស្សនកិច្ច​អាច​ផ្តោត​លើ​ការ​ផ្តល់​សន្ទុះ​នៃ​កិច្ចចរចា​ស្តីពី​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​ចិន និង​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​នៅ​តំបន់​ឈូងសមុទ្រពែក្ស។ ក្នុង​ឆ្នាំ ២០១៤ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​សន្យា​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេដង​ជាមួយ​តំបន់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៣។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​របស់​ប្រមុខ​ការទូត​ទាំង ៤ប្រទេស​នៅ​តំបន់​ឈូងសមុទ្រពែក្ស ទី១ នៅ​ក្នុង​បរិបទ​នៃ​ការ​ឡើង​ថ្លៃ​ប្រេង និង​ទី២ នៅ​ក្នុង​ពេល​ដែល​ប្រទេស​កាហ្សាក់ស្ថាន​កំពុង​ស្គាល់​ភាព​បះបោរសង្គម​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាព​រអាក់រអួល​ក្នុង​ការ​បូមប្រេង។

ក្នុង​នាម​ជា​ប្រទេស​សមាជិក​នៃ​ក្រុម​ប្រទេស​ផលិតប្រេង Opep+ កាហ្សាក់ស្ថាន​ជា​ប្រទេស​ផលិតប្រេង​ធំ​ជាង​គេ​នៅ​អាស៊ីកណ្តាល​ដោយ​មាន​បរិមាណ​ស្តុក​លំដាប់ទី១២ ក្នុង​លោក។ ក្នុង​ឆ្នាំ ២០២០ កាហ្សាក់ស្ថាន​បាន​ផលិតប្រេង​ប្រមាណ ១លាន ៨សែន​ធុងបារីល​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ចិន​ជា​ប្រទេស​នាំ​ចូល​ប្រេងឆៅ​ទី១ ក្នុង​លោក ហើយ​តាំង​ពី​សេដ្ឋកិច្ច​សកល​ផ្តើម​មាន​សន្ទុះ​ឡើង​វិញ​មក តម្លៃ​ថាមពល​គ្រប់​ប្រភេទ ពិសេស​ប្រេង និង​ឧស្ម័ន​បាន​ឡើង​ថ្លៃ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

តាម​គំនិត​ផ្តួចផ្តើម​របស់​អាមេរិក​ដើម្បី​ទម្លាក់​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ចិន​បាន​ប្រកាស​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ​ពី​ការ​ប្រើ​ប្រេងបម្រុង​របស់​ខ្លួន។ តែ​ប្រេងបម្រុង​មាន​បរិមាណកំណត់​ដែល​ចិន​មិន​អាច​បន្ត​ប្រើ​រហូត​បាន​ទេ។ ដូច្នេះ ប្រេង​អាច​ជា​ប្រធានបទ​សំខាន់​មិន​អាច​ខ្វះ​បាន​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​របស់​ប្រមុខ​ការទូត​ទាំង ៤ប្រទេស​នៅ​តំបន់​ឈូងសមុទ្រពែក្ស​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ