អានតួអត្ថបទ
ថៃ-បរិស្ថាន-ប្រេងកាត

ថៃកំពុងប្រឈម​នឹង​ការបំពុលបរិស្ថាន​សមុទ្រ ក្រោយ​ការ​លេចធ្លាយប្រេង​​បំពង់​បង្ហូរប្រេង​ក្រោម​សមុទ្រ

​ថៃ កំពុង​ប្រមូល​ផ្តុំកម្លាំង​គ្នានៅ​ថ្ងៃ​ចន្ទទី ៣១​មករា​នេះ សម្អាតឈូង​សមុទ្ទ​ ​ដែលរង​ការ​បំពុល​បរិស្ថាន បន្ទាប់​ពីមាន​ករណី​លេច​​ធ្លាយ​ចេញប្រេង​ប្រមាណ​៦០​តោន (៦០០០០លីត្រ) ពី​​បំពង់​បង្ហូរប្រេងក្រោម​សមុទ្ទ។ បំពង់​បង្ហូរ​ប្រេង​ក្រោម​សមុទ្ទ​របស់​ក្រុមហ៊ុន Star Petroleum Refining Public Company Limited (SPRC)បាន​លេច​ធ្លាយ​តាំង​ពី​ថ្ងៃ​ទី ២៥​មករា​២០២២​មក និង​ទើប​ជួសជុល​បិទ​បាន​​វិញ។

សកម្មភាព​សម្អាតឆ្នេរ  Mae Ram Phueng ក្រោយ​ការ​លេច​ធ្លាយ​ប្រេង​បំពង់បង្ហូរ​ក្រោម​សមុទ្ទ​
សកម្មភាព​សម្អាតឆ្នេរ Mae Ram Phueng ក្រោយ​ការ​លេច​ធ្លាយ​ប្រេង​បំពង់បង្ហូរ​ក្រោម​សមុទ្ទ​ Jack TAYLOR AFP/File
ផ្សាយពាណិជ្ជកម្ម

បើ​តាម​រូប​ភាព​ផ្កាយ​រណប​ថត​នៅ​ថ្ងៃអាទិត្យ​ទី ៣០​មករា ការ​លេច​ធ្លាយ​ប្រេង​ប្រមាណ៦ម៉ឺន​លីត្រ បាន​បំពុល​បរិស្ថាន​ឈូង​សមុទ្ទ​ថៃ ក្នុង​ទំហំ​​ ជាង​៥០គីឡូម៉ែត្រ​ការ៉េ។ ដោយ​សារ​មាន​ខ្យល់​បោកបក់​ខ្លាំង ​ប្រេងអណ្តែតលើ​ផ្ទៃ​សមុទ្ទ​ ​បានហូរ​មកដល់​ឆ្នេរ​ហើយ​ និង​បន្ត​បំពុល​ឆ្នេរ​ជា​ច្រើន​កន្លែង​ជា​បន្តបន្ទាប់​ទៀត ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។ កោះ​ទេសចរណ៍​ សាម៉េត ក៏​កំពុង​រងការ​គំរាមកំហែង​ខ្លាំង។

ជា​ផលវិបាក​ អ្នកនេសាទ​ក្នុង​តំបន់​រងគ្រោះ​បរិស្ថាន​ត្រូវ​ផ្អាក​សកម្មភាព​យ៉ាង​ហោច​មួយ​ខែ ​ជា​ថ្នូរនឹង​ជំនួយ​ឧបត្ថម្ភ​ខ្លះ​មកវិញ។ សកម្មភាព​ទេសចរណ៍​ដែល​ទើប​ចាប់​កំរើក ត្រូវ​រង​ការ​រំខាន​ជា​ថ្មី ដោយ​ឆ្នេរ​ត្រូវ​បិទ មាន​ជា​អាទិ៍​ឆ្នេរ​ម៉ែរ៉ាំភឺនមិន​ឱ្យ​មនុស្ស​ម្នា​មុជ​ហែលលេង គឺ​មាន​តែក្រុមសម្អាត​បរិស្ថាន និង​នាវា​១២​គ្រឿង កំពុង​សម្អាត​ផ្ទៃ​សមុទ្ទ ដោយ​បាញ់​សារធាតុ​គីមី រាប់​ពាន់​លីត្រ​។

សារធាតុ​គីមី​នោះ​នឹងទៅ​បំបែកប្រេងដែល​អណ្តែត​លើ​ទឹក ​ឱ្យ​ក្លាយ​ជា​ធាតុ​ល្អិត​ រួច​ធ្លាក់​ទៅក្នុង​បាត​សមុទ្ទ​ តែ​ទៅ​ចម្លង​និងបំពុល​សត្វ​រុក្ខជាតិ​ក្រោម​សមុទ្ទ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ថាណុមស័ក ប៊ូនភ័ក្រដេ Thanomsak Boonphakdee សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ប៊ូរ៉ាផា ដោយ​បាន​រំលឹក​បន្ថែមទៀត​ថា កាលពី​ឆ្នាំ​២០១៣ មានករណី​លេចធ្លាយ​ប្រេងឆៅ​​ចំនួន​ជាង​៥ម៉ឺនលីត្រម្តង​ដែរ ពី​បំពង់​បង្ហូរ​ប្រេង​ដដែលនេះ។ ក្រោយ​គ្រោះថ្នាក់ ​សត្វ​រុក្ខជាតិ​ក្នុង​ទឹក ត្រូវ​ការ​ពេល​យ៉ាងហោច​៥​ឆ្នាំទម្រាំអាច​វិលមករក​ភាព​ធម្មតា​វិញបាន។ ក្តាម កូនត្រីនិង​បង្គា រង​គ្រោះ​ខ្លាំង​ជាងគេ​ពីការបំពុលបរិស្ថាន​ធ្លាយ​ប្រេងនេះ។

បើតាមអង្គការការពារ​បរិស្ថាន Greenpeace ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​អង្កេត​ឯករាជ្យ​ បាន​ថ្ងូចថ្ងូរ​ថា តាំងពី​ឆ្នាំ​១៩៧៤មកទល់​សព្វថ្ងៃនេះ ថៃ​ជួប​គ្រោះ​​​លេច​ធ្លាយប្រេង​​តាមបំពង់​បង្ហូរ​​ក្រោមសមុទ្ទ ចំនួន​២៤០​ដង​ហើយ។ ចំណែករដ្ឋមន្ត្រី​​ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​ថៃ បាន​ជំរុញ​ក្រុមហ៊ុន​ប្រេង​ពង្រឹង​វិធានការ​ការពារ​ បង្កើន​ការ​​ត្រួត​ពិនិត្យ​និង​បង្កើន​សកម្មភាពជួល​ជុល​ថែទាំ​បំពង់បង្ហូរ​ប្រេងក្រោមសមុទ្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ