អានតួអត្ថបទ

តៃវ៉ាន់ជាដែនដីជ្រកកោនសម្រាប់ប្រជាជនហុងកុងដែលភៀសខ្លួនគេចពីក្រញាំចិនដីគោក

នៅ​ហុងកុង ៣ឆ្នាំ​ក្រោយ​ការ​ចាប់​ផ្តើម​ផ្ទុះ​បាតុកម្ម​ដំបូង មាន​ប្រជាជន​ហុងកុង​ជា​ច្រើន​កំពុង​បន្ត​ចាកចេញ​ពី​អតីត​ដែនដី​អាណានិគមនិយម​អង់គ្លេស​មួយ​នេះ។ ដែនដី​តៃវ៉ាន់​ដែល​មាន​ចម្ងាយ ៧០០គីឡូម៉ែត្រ​ពី​ហុងកុង​ក៏​ជា​ទីកន្លែង​មួយ​សម្រាប់​ការ​ជ្រកកោន​របស់​ប្រជាជន​ហុងកុង​ភៀសខ្លួន​ដែរ។ បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិក មាន​ប្រជាជន​ហុងកុង​ភៀសខ្លួន​ជាង ១១ ០០០នាក់​បាន​ទទួល​លិខិត​ស្នាក់នៅ​តៃវ៉ាន់​កាល​ពី​ឆ្នាំ ២០២១។

តៃវ៉ាន់ជាដែនដីជ្រកកោនសម្រាប់ប្រជាជនហុងកុងដែលភៀសខ្លួនគេចពីក្រញាំចិនដីគោក
តៃវ៉ាន់ជាដែនដីជ្រកកោនសម្រាប់ប្រជាជនហុងកុងដែលភៀសខ្លួនគេចពីក្រញាំចិនដីគោក Sam Yeh / AFP
ផ្សាយពាណិជ្ជកម្ម

ពាក់មួក​កន្ទិប និង​មាន​បង់កន្សែង ក យុវជន​ហុងកុង​ម្នាក់​អាយុ ២២ឆ្នាំ​បាន​ប្រាប់​ពី​ការ​ភៀសខ្លួន​ចេញ​ពី​ទឹកដី​ហុងកុង​ដោយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន។ សព្វថ្ងៃ​ជា​និស្សិត​កំពុង​សិក្សា រៀនសូត្រ​ក្នុង​ទីក្រុង​តៃប៉ិក យុវជន​ហុងកុង​រូប​នេះ​បាន​បញ្ជាក់​ថា ជម្រើស​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​តៃវ៉ាន់​ដោយសារ​តែ​តៃវ៉ាន់​ជា​ទឹកដី​ប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ី។ ចំណែក​ភាសា​ទៀត​សោត​ក៏​ស្រដៀង​គ្នា ព្រោះ​ប្រជាជន​តៃវ៉ាន់​ប្រើ​ភាសា​ចិន​បុរាណ​ដូច​ប្រជាជន​ហុងកុង​ដែរ នេះ​ជា​ការ​បន្ថែម​របស់​យុវជន​ហុងកុង​អាយុ ២២ឆ្នាំ។ បន្ទាប់​មក យុវជន​ហុងកុង​រូប​នេះ​ដដែល​មិន​ភ្លេច​បញ្ជាក់​ពី​មិត្តភាព​ដែល​ប្រជាជន​តៃវ៉ាន់​មាន​ជាមួយ​ប្រជាជន​ហុងកុង ពិសេស​បាន​គាំទ្រ​ប្រជាជន​ហុងកុង​ក្នុង​ពេល​ធ្វើ​បាតុកម្ម។

ចំណែក​អ្នក​ថតរូប​ហុងកុង​ម្នាក់​អាយុ ២២ឆ្នាំ​ក៏​បាន​ទទួល​ស្គាល់​ពី​សាមគ្គីភាព​របស់​តៃវ៉ាន់​ចំពោះ​ប្រជាជន​ហុងកុង​ដែរ។ តែ​បាន​លើក​ឡើង​ពី​កង្វះ​វិធានការ​ជាក់ស្តែង​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិក។ « ខ្ញុំ​គិត​ថា រដ្ឋាភិបាល​តៃវ៉ាន់​ចង់​ជួយ​ប្រជាជន​ហុងកុង តែ​ការ​ពិត​ទៅ ច្បាប់​តៃវ៉ាន់​មិន​បាន​ចែង​ពី​ការ​ទទួល​ប្រជាជន​ហុងកុង​ទេ » នេះ​ជា​ការ​គូសបញ្ជាក់បន្ថែម​របស់​អ្នក​ថតរូប​ហុងកុង​ដដែល។ អ្នក​ថតរូប​ហុងកុង​រូប​នេះ​បាន​លើក​ឧទាហរណ៍​ថា ដើម្បី​ទទួល​បាន​កាតស្នាក់នៅ​លើ​កោះតៃវ៉ាន់ គេ​ត្រូវ​ធ្វើ​ការងារ​រយៈពេល ៥ឆ្នាំ និង​ត្រូវ​មាន​ប្រាក់ខែ ២ដង​ច្រើន​ជាង​ប្រាក់ខែ​អប្បបរមា​នៅ​តៃវ៉ាន់។ « នេះ​ពិត​ជា​រឿង​ពិបាក​សម្រាប់​យុវជន​ដែល​ទើប​មាន​សញ្ញាប័ត្រ » នេះ​ជា​ការ​បន្ថែម​របស់​អ្នក​ថតរូប​ហុងកុង​ដដែល។

ប្រឈម​នឹង​ឧបសគ្គ​ទាំង​នេះ មាន​យុវជន​ហុងកុង​ជា​ច្រើន​កំពុង​គិតគូរ​រក​ច្រក​ចេញ​ពី​តៃវ៉ាន់។ តែ​ខណៈ​នេះ ការ​វិល​ត្រឡប់​ទៅ​កាន់​ហុងកុង​វិញ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​សម្រាប់​យុវជន​ហុងកុង​ភៀសខ្លួន​ភាគច្រើន។ « ពិត​ណាស់ ខ្ញុំ​ចង់​ត្រឡប់​ចូល​ហុងកុង​វិញ។ តែ​មិន​អាច​ទៅ​រួច​ទេ​ជា​មួយ​នឹង​ច្បាប់​សន្តិសុខជាតិ។ វា​ជា​រឿង​ហានិភ័យ ពោល​មិនមែន​ជា​ជម្រើស​ផ្ទាល់​ខ្លួន​ទេ » នេះ​ជា​ការ​គូសបញ្ជាក់​របស់​អ្នក​ថតរូប​ហុងកុង​អាយុ ២២ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ