អានតួអត្ថបទ
ចិន-តៃវ៉ាន់

តៃវ៉ាន់​ដឹងគុណអាមេរិក​ដែល​លក់គ្រឿងសព្វាវុធ​ឲ្យខ្លួន ក្នុងតម្លៃ ១០០លានដុល្លារ

តៃវ៉ាន់​និយាយ​អរគុណ​អាមេរិក​ដែល​យល់ព្រម​លក់គ្រឿង​សព្វាវុធ​ការពារ​ដែនអាកាស និង​ការពារ​ប្រឆាំង​មីស៊ីល​ ឲ្យតៃវ៉ាន់។ នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​អង្គារទី ៨ កុម្ភៈ អ្នកនាំពាក្យ​ប្រធានាធិបតី​តៃវ៉ាន់​បាន​អះអាងថា អាមេរិក​សម្រេច​គ្រឿងបរិក្ខាយោធា និង​សេវា ក្នុង​តម្លៃ ១០០​លាន​ដុល្លារ សម្រាប់ថែទាំ ធានា​សមត្ថភាព​របស់​ប្រព័ន្ធ​ការពារ​ដែន​អាកាស និង​ប្រព័ន្ធខែលមីស៊ីលតៃវ៉ាន់ នៅចំពោះមុខ​ការគំរាមកំហែង ឈ្លានពាន​របស់​យន្តហោះចម្បាំង​ចិន។

ទង់ជាតិតៃវ៉ាន់​នៅមុខ​កប៉ាល់ចម្បាំងដែល​ចូល​ចត​នៅ​ភាគខាងត្បូង​កោះតៃវ៉ាន់។
ទង់ជាតិតៃវ៉ាន់​នៅមុខ​កប៉ាល់ចម្បាំងដែល​ចូល​ចត​នៅ​ភាគខាងត្បូង​កោះតៃវ៉ាន់។ ASSOCIATED PRESS - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ វិមាន​ប្រធានាធិបតី​តៃវ៉ាន់ តាមរយៈ អ្នកនាំពាក្យ លោក​Xavier Chang បាន​សំដែង​ការដឹងគុណ​ដល់​អាមេរិក ដែល​បាន យល់ព្រម​លក់​គ្រឿង​បរិក្ខាយោធា និង​សេវា  តម្លៃ ១០០​លាន​ដុល្លារ សម្រាប់​ការជួសជុល​ថែទាំ​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស ​Patriot​ដែល​តៃវ៉ាន់​ធ្លាប់​ទិញ​ពី​អាមេរិក។

នេះ​លើកទី២ ដែល​អាមេរិក ក្រោម​អាណត្តិ​ដឹកនាំ​របស់​ចូ បៃដិនសម្រេច​ លក់គ្រឿងសព្វាវុធ​ទៅ​តៃវ៉ាន់។ កាលពី​ខែ សីហា​ឆ្នាំមុន រដ្ឋបាលលោកចូ បៃដិន​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​រថក្រោះ​ចំនួន​៤០គ្រឿង​ទៅ​ឲ្យតៃវ៉ាន់។ សម្រាប់​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​តៃវ៉ាន់ ការសម្រេចរដ្ឋបាល​លោក​ចូ បៃដិន​ស បញ្ជាក់​ឲ្យឃើញពី​សម្ព័ន្ធភាពរឹងមាំ​ដូច​ថ្ម រវាង​អាមេរិក​និង​តៃវ៉ាន់។

តាម​គម្រោង តៃវ៉ាន់​នឹងទទួល​គ្រឿងសព្វាវុធ​ពីអាមេរិក​នៅអំឡុង​ខែ​មីនាខាងមុខ។ តាម​ទីភ្នាក់ងារសហប្រតិបត្តិការ​អាមេរិក​ផ្នែក ការពារ​និង​សន្តិសុខ កិច្ចព្រមព្រៀង​តៃវ៉ាន់ អាមេរិក ផ្តោតទៅលើ​ការគាំទ្រ​ផ្នែកបច្ចេកទេស និង​ការជួសជុល ថែទាំ ដើម្បី​ធានា​ពង្រឹង​សមត្ថភាព​របស់​ប្រព័ន្ធការពារ​ដែនអាកាស ប្រព័ន្ធប្រឆាំង​មីស៊ីល នៅ​ចំពោះមុខ​ការគំរាមកំហែង​នៅក្នុង​តំបន់។

តៃវ៉ាន់​ត្រូវការ​ពង្រឹង​ប្រព័ន្ធការពារ​ដែនអាកាស​របស់ខ្លួន ដើម្បីឆ្លើយតប​នឹង​ការហោះរំលោភចូល​ឈ្លានពាន​របស់​យន្តហោះចម្បាំង​ចិន។

ប្រធានាធិបតី ចិន លោក​ស៊ី ជីនពីង ដែល​ប្រឆាំង​ដាច់ខាត​នឹង​ការលក់គ្រឿងសព្វាវុធ​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់ និង​ធ្លាប់​គំរាម​យក​តៃវ៉ាន់ មកគ្រប់គ្រង​វិញ ទោះបីត្រូវ​ប្រើ​កម្លាំងយោធា បាន​បង្កើន​ការដាក់សម្ពាធ​កាន់តែខ្លាំង​ទៅលើ​តៃវ៉ាន់ ទាំង​ផ្លូវការទូត យោធា និង​សេដ្ឋកិច្ច។ នៅក្នុង​មួយឆ្នាំ ២០២១ ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​៩៦៩គ្រឿង ឲ្យទៅហោះរំលោភចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់។ វា​ជាចំនួន​ដ៏ច្រើន​ទ្វេដង បើប្រៀបធៀប​នឹង​ឆ្នាំ ២០២០ ដែល​គេ​រាប់ឃើញ​មាន​យន្តហោះចម្បាំង​ចិន តែ​៣៨០គ្រឿង​ប៉ុណ្ណោះ ក្នុង​រយៈពេល​១ឆ្នាំ។

គួររំលឹកថា ប្រព័ន្ធការពារ​ដែនអាកាស Patriot ដែល​តៃវ៉ាន់​បាន​ទិញ ពីអាមេរិក​សម្រាប់​បំពាក់ឲ្យ​កងទ័ពជើងអាកាសតៃវ៉ាន់ គឺ​ជាប្រភេទ​មីស៊ីល​បាញ់​ចេញពីដី ដែល​មានសមត្ថភាព ចាប់សញ្ញា និង​បាញ់​ទម្លាក់​យន្តហោះចម្បាំង។

តៃវ៉ាន់ ក្រោម​ការដឹកនាំ​របស់​លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវេន បាន​ចុះកិច្ចសន្យា​ទិញសព្វាវុធ​អាមេរិក ក្នុង​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ ជាពិសេស​ក្នុងអាណត្តិរបស់​លោក​ដូណាល់ ត្រាំ ដែល​បាន​បើកភ្លើងខៀវ​ឲ្យ​លក់យន្តហោះ​ដ្រូន ប្រព័ន្ធ​មីស៊ីល និង​យន្តហោះចម្បាំង​ទំនើប​​ទៅ​ឲ្យ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ