អានតួអត្ថបទ
អាមេរិក-អូស្ត្រាលី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិកបំពេញ​ទស្សនកិច្ច​ជុំវិញ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដើម្បី​ខ្ទប់​ឥទ្ធិពលចិន

ក្នុង​ខណៈ​ដែល​វិបត្តិ​អ៊ុយក្រែន​នៅ​តែ​កំពុង​តានតឹង​ខ្លាំង លោក​ប្រមុខការ​ទូត​អាមេរិក ប្លីងកិន កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អូស្ត្រាលី ពី​ថ្ងៃ​ពុធ​ទី៩​កុម្ភៈ ​រហូត​ដល់​ថ្ងៃ​សៅរ៍​ទី១២​កុម្ភៈ។ បន្ទាប់​ពី​អូស្ត្រាលី លោក​ ប្លីងកិន ត្រូវ​បន្ត​ដំណើរ​ទៅ​ប្រទេស​ហ្វីជី និង​កោះ​ហាវៃ​របស់​អាមេរិក​ផ្ទាល់​ទៀត។ ជា​ទស្សនកិច្ចដែល​មាន​កម្មវត្ថុ​បីធំៗ ដូច​ជា​​ពង្រឹង​ភាព​ជា​ដៃគូ​របស់​អាមេរិក​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដើម្បី​ប្រឈម​នឹង​ចិន អាកាសធាតុ​និង​សំណុំ​រឿង​កូរ៉េខាង​ជើង តែ​ក្នុង​ទិសដៅ​តែ​មួយ​គឺ​ប្រឈម​នឹង​ចិន។

លោក Antony Blinken ពេល​អញ្ជើញ​ដល់​ព្រលានយន្តហោះ​ក្រុង​មែលប៊ន​ប្រទេស​អូស្ត្រាលី ថ្ងៃទី ៩ កុម្ភៈ​២០២២
លោក Antony Blinken ពេល​អញ្ជើញ​ដល់​ព្រលានយន្តហោះ​ក្រុង​មែលប៊ន​ប្រទេស​អូស្ត្រាលី ថ្ងៃទី ៩ កុម្ភៈ​២០២២ William WEST POOL/AFP
ផ្សាយពាណិជ្ជកម្ម

នៅ​អូស្ត្រាលី ដែល​​បាន​ក្លាយ​ជា​ប្រទេសយុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក លោក​ប្រមុខ​ការទូត​អាមេរិក ត្រូវ​ជួប​ពិភាក្សា​ជាមួយ​​អ្នក​ទទួល​ខុស​ត្រូវ​អូស្ត្រាលី​ជា​ច្រើន​ និង​ជាពិសេស​ជាមួយលោក ស្កត់​ម៉ារីសុន ​នាយករដ្ឋមន្ត្រីអូស្ត្រាលីទៀត ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​យោធា ​ត្រី​ភាគី។ សម្ព័ន្ធ​ត្រីភាគី Aukus (អូស្ត្រាលី អាមេរិក​និង​អង់គ្លេស) ប្រឈម​នឹង​ចិន ទើប​ត្រូវ​បាន​​ប្រទេស​ទាំង​បី​បាន​ចុះ​ហត្ថលេខា​បង្កើត​កាលពី​ថ្ងៃទី ១៥ កញ្ញា​២០២១។

ពីក្រុង​មែលប៊ន ប្រទេស​​អូស្ត្រាលី​ដដែល​នេះ​ លោក​ប្លីងកិន ​ត្រូវ​ដឹកនាំ​​ជំនួប​ប្រជុំ​​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ចតុ​​ប្រទេស​ Quad ដែលជា​ក្រុមសម្ព័ន្ធ​អាមេរិក-អូស្ត្រាលី-ឥណ្ឌា-ជប៉ុន ដើម្បី​ជជែក​អំពី​ការ​ដឹកជញ្ជូន​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ ជំនួយ​មនុស្សធម៌​បន្ទាន់ សន្តិសុខ​អ៊ីនធ័រនែត​និង​សន្តិសុខ​ផ្លូវ​ទឹក។ វ៉ាស៊ីនតោន​ចង់​បង្ហាញ​​ជាពិសេស​ឱ្យ​ឃើញ​អំពី​សម្ព័ន្ធភាព​ចតុ​ភាគី​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹងមហិច្ឆតា​ចង់​គ្រប់​គ្រង​តំបន់​របស់​ចិន។

ដំណាក់កាល​បន្ទាប់មក​ទៀត លោក​ប្រមុខ​ការ​ទូត​អាមេរិក​នឹងបន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីជី ដើម្បី​ជួបសន្ទនា​ជាមួយ​បណ្តា​មេដឹកនាំ​​ប្រទេស​កូនកោះ​ជា​ច្រើន​ក្នុង​មហាសមុទ្ទប៉ាស៊ីហ្វិក ដែល​រង​ការ​គំរាមកំហែង​លិច​ទឹក បង្ក​ឡើង​ដោយ​ឡើងកម្ពស់​ទឹក​សមុទ្ទ។ ថ្វី​បើ​អាកាសធាតុជា​ប្រធានបទសំខាន់​​នៃ​ទស្សនកិច្ច​នៅ​កោះហ្វីជីមែន ប៉ុន្តែ​កម្មវត្ថុចម្បងនៅ​តែមួយ​ដដែល គឺ​អាមេរិក​ចង់កាង​ការពារសេរីភាព​នៃ​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ពី​ចិនដែលចែចង់​​ក្រុម​ប្រទេស​កូនកោះ​ខ្លាំងណាស់​។ លោក ប្លីងកិន​ ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ដំបូង​គេ​ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​ហ្វីជី គិត​ចាប់​តាំងពី​ឆ្នាំ​១៩៨៥មក។

ជា​ចុងក្រោយ លោក​ប្លីងកិន បាន​ឆៀង​ចូល​កោះ​ហាវ៉ៃ ដើម្បី​ទទួល​ជួប​សមភាគី​ជប៉ុន​និង​កូរ៉េខាង​ត្បូង។ ជា​ជំនួបដែល​នឹង​ត្រូវ​​​ពិភាក្សា​អំពី​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ព្រោះ​ នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍ ចុងក្រោយ​នេះ ព្យុងយ៉ាង​​បាន​បង្កើន​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ជា​ច្រើន​លើក​ច្រើន​សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ