អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិន​បដិសេធ​មិន​ឱ្យ​ប្រដូច​តៃវ៉ាន់​ទៅនឹងស្ថានការណ៍​អ៊ុយក្រែន

នៅ​ថ្ងៃពុធទី ២៣​កុម្ភៈ​នេះ ចិន​បាន​សម្តែង​ការ​ខឹងសម្បារយ៉ាង​ខ្លាំងនឹង​ពាក្យ​សំដី​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ដែល​ប្រៀប​ប្រដូច ការគំរាមកំហែង​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​​ពី​សំណាក់​រុស្ស៊ី ទៅ​​ស្ថានការណ៍កោះតៃវ៉ាន់ ដែល​ប៉េកាំងគំរាមប្រើកម្លាំងត្របាក់​យក​វិញ។ សម្រាប់​ចិន តៃវ៉ាន់​បាន​ធ្វើ​ការ​ប្រៀបធៀប​មិន​សមហេតុផល។​

ចិន​បដិសេធ​មិន​ឱ្យ​ប្រដូច​តៃវ៉ាន់​ទៅនឹងស្ថានការណ៍​អ៊ុយក្រែន​
ចិន​បដិសេធ​មិន​ឱ្យ​ប្រដូច​តៃវ៉ាន់​ទៅនឹងស្ថានការណ៍​អ៊ុយក្រែន​ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​​វិបត្តិ​អ៊ុយក្រែន ដែលរុស្ស៊ី​ទើប​ប្រកាស​ទទួល​ស្គាល់​ឯករាជ្យ​តំបន់​អប្បគមពីរ​នៅភាគ​ខាងកើត ហើយ​ត្រៀម​បញ្ជូន​កងកម្លាំង​ទ័ព​ទៅ​ជួយ​ការពារ​បើ​ក្រុមមេដឹកនាំ​ផ្តាច់​ទឹកដី​អ៊ុយក្រែន​សុំ​ជំនួយនោះ លោកស្រី​ប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីងវេន បាន​ប្រកាសនៅ​ថ្ងៃពុធ​ទី ២៣​កុម្ភៈ​២០២២​នេះ ថ្កោលទោសរុស្ស៊ីផង និង​បានចេញ​បញ្ជា​ឱ្យ​កងទ័ព​តៃវ៉ាន់​ពង្រឹង​កម្លាំង​ការពារ​ខ្លួន​ពីការគំរាមកំហែង​របស់​ចិន។ ដោយ​មិន​និយាយ​ឱ្យ​ចំ​ឈ្មោះ​របប​កុម្មុយនិស្ត​ចិន លោកស្រី​សៃអ៊ីនវេន បានអះអាង​មាន​កម្លាំង​ខាង​ក្រៅ​កំពុង​សាកល្បងរៀបចំ​ស្ថានការណ៍​តាម​គំរូ​នៅ​អ៊ុយក្រែន និង​ពង្វក់​អារម្មណ៍​សង្គម​តៃវ៉ាន់​ហើយ។

គ្រាន់​តែបានឮ​សេចក្តី​ប្រកាស​របស់​តៃវ៉ាន់​ភ្លាម ចិន​បានបញ្ចេញ​ប្រតិកម្ម​ដោយ​មិនបង្អង់។ យក​ស្ថានភាព​អ៊ុយក្រែន​មក​ភ្ជាប់​នឹង​តៃវ៉ាន់​ហើយ​ស្រែក​អាសន្ន​ពិត​ជា​មិន​សមហេតុផល​សោះ។ នេះ​ជា​ប្រតិកម្ម​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន ដោយ​សង្កត់​ធ្ងន់​ថា តៃវ៉ាន់​មិនដូច​អ៊ុយក្រែន​សោះ ! តៃវ៉ាន់​ជា​ចំណែក​មួយ​របស់​ចិន ដែល​មិន​អាច​កាត់​ផ្តាច់​ពីចិន​បានទេ។ គឺ​ជា​ការពិត​នៃ​ប្រវត្តិសាស្ត្រ និង​តាម​ផ្លូវ​ច្បាប់​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។

​តាំងពី​ឆ្នាំ​១៩៤៥មក តៃវ៉ាន់​ស្ថិត​ក្រោមការ​​ដឹកនាំ​របស់​ ក្រុមសាធារណរដ្ឋ​ ដែល​បាន​រត់​​ពី​ដែនដី​ចិន ក្រោយ​ជ័យ​ជំនះ​របស់​បក្ស​កុម្មុយនិស្ត ក្នុង​​សង្គ្រាម​ស៊ីវិល នៅឆ្នាំ​១៩៤៩​។ ​​សម្រាប់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត កោះតៃវ៉ាន់ គឺ​ជា​ដី​មួយ​ដុំ​របស់​ប្រទេស​ចិន ដែល​ប៉េកាំងធ្លាប់​​គំរាម​នឹង​ប្រើកម្លាំង​វាយលុក​យក​វិញ ប្រសិន​បើ​តៃប៉ិ​ហ៊ាន​ប្រកាស​ទាមទារ​ឯករាជ្យ​ជា​ផ្លូវការ។ ក្រុង​ប៉េកាំង​បាន​ថែមទាំង​បង្កើន​សម្ពាធ​យោធា ការទូត សេដ្ឋកិច្ចកាន់​តែខ្លាំង​លើ​តៃវ៉ាន់ តាំង​ពី​ឆ្នាំ​២០១៦ ពោល​គឺ​តាំងពី​លោកស្រី សៃ អ៊ីងវេន ឡើង​កាន់​អំណាច​មក។

ក្នុង​វិបត្តិ​អ៊ុយក្រែន ចិន​បានប្រកាន់​ជំហរ​ប្រុងប្រយ័ត្ន​ណាស់ ប៉ុន្តែ​បាន​ផ្តល់​ការ​គាំទ្រ​ច្រើន​ឡើង​ៗដល់​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាដេមៀ ពូទីន។ កាលពី​ដើមខែ​ ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើសេចក្តី​ថ្លែងការណ៍​រួម​មួយ ​មិន​ឱ្យ​អង្គការអូតង់/ណាតូ ពង្រីក​សមាជិកភាព និង​គាំទ្រ​​តៃវ៉ាន់​ត្រឡប់មកស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​ចិន​វិញ។ ចិន​បាន​សម្រប​ខ្លួន​ជាមួយ​រុស្ស៊ី ក្នុង​សំណុំ​រឿង​អ៊ុយក្រែន ​ដោយ​​បន្ទោស​ក្រុមលោក​ខាង​លិច​​ថា​មាន​ចរិត​​ដូច​សម័យ​សង្គ្រាម​ត្រជាក់​ និង​អំពាវនាវ​ឱ្យ​ក្រុមបស្ចឹមលោក​គោរព​ក្តី​ព្រួយ​បារម្ភ​របស់​រុស្ស៊ី​ចំពោះ​បញ្ហា​សន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ