អានតួអត្ថបទ
ឥណ្ឌា-អង់គ្លេស

ពាណិជ្ជកម្ម យុទ្ធសាស្រ្ត និងអ៊ុយក្រែនជាប្រធានបទសំខាន់នៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអង់គ្លេសនៅឥណ្ឌា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មេសា នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ពាណិជ្ជកម្ម យុទ្ធសាស្រ្ត និង​សង្រ្គាម​នៅ​អ៊ុយក្រែន​ជា​ប្រធានបទ​សំខាន់​ដែល​លោក​បូរីស ចនសុន​លើក​យក​ទៅ​ជជែក​ជាមួយ​សមភាគី​ឥណ្ឌា​លោក​ណារិនដ្រា មូឌី។ តែ​រឿង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​អាច​ជា​ប្រធានបទ​ពិបាក​និយាយ​សំឡេង​តែ​មួយ ព្រោះ​ក្រុង​ឡុងដ៏ និង​ក្រុង​ញូដែលី​មាន​ជំហរ​មិន​ដូច​គ្នា​ទេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មេសា ២០២២ នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មេសា ២០២២ នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ AP - Stefan Rousseau
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ផ្តើម​ទស្សនកិច្ច​នា​ថ្ងៃទី១ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មេសា​នៅ​រដ្ឋ​ហ៊្គូយ៉ារ៉ាត​ដែល​ជា​ស្រុក​កំណើត​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា មូឌី។ នៅ​ទីនោះ លោក​បូរីស ចនសុន​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​រោងចក្រ សហគ្រាស និង​បំពេញ​ទស្សនកិច្ច​វប្បធម៌​ក្នុង​ស្រុក​ប្រវត្តិសាស្រ្ត Ahmedabad ដែល​ប្រជាជន​ពាក់កណ្តាល​មាន​ដើមកំណើត​អង់គ្លេស។ បន្ទាប់​មក​នៅ​ថ្ងៃ​សុក្រ ទី២២ មេសា លោក​បូរីស ចនសុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូដែលី​ដើម្បី​ជួប​សន្ទនា​ជាមួយ​លោក​ណារិនដ្រា មូឌី។

« ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការពារជាតិ និង​ទំនាក់ទំនង​រវាង​ប្រជាជន​យើង​ទាំង​ពីរ » នេះ​ជា​ការ​ថ្លែង​របស់​លោក​បូរីស ចនសុន​នៅ​ក្នុង​សភា​អង់គ្លេស​មុន​ពេល​ចេញ​ដំណើរ​ទៅ​ឥណ្ឌា។ ចំណែក​វិមាន​រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជាក់​ពី​គម្រោង​កិច្ចព្រមព្រៀង​វិនិយោគ​ទ្វេភាគី​ដែល​មាន​តម្លៃ​ប្រមាណ ១ ២០០លានអឺរ៉ូ និង​ថា គម្រោង​កិច្ចព្រមព្រៀង​វិនិយោគ​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​ការងារ​ចំនួន ១១ ០០០ការងារ​នៅ​អង់គ្លេស។

បន្ទាប់​មក ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស​ក៏​មាន​គោលដៅ​ឈាន​ទៅ​រក​ភាព​ជាដៃគូ​ថ្មី​នៅ​ក្នុង​វិស័យ​ការពារ បញ្ញាសិប្បនិម្មិត ថាមពលបៃតង រួម​ទាំង​កិច្ចព្រមព្រៀង​វិនិយោគ​ក្នុង​ផ្នែក​មនុស្សយន្ត រថយន្តអគ្គិសនី និង​ការ​បាញ់​បញ្ជូន​ផ្កាយរណប។ តែ​ក្រុង​ឡុងដ៏​ទទួល​ស្គាល់​ថា នៅ​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​អាច​មាន​កិច្ចព្រមព្រៀង​ទាំង​អស់​នេះ។ ដោយឡែក សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ក៏​ជា​ប្រធានបទ​មួយ​នៃ​ទស្សនកិច្ច​របស់​លោក​បូរីស ចនសុន​នៅ​ឥណ្ឌា​ដែរ។ តែ​គេ​ត្រូវ​ដឹង​ថា ក្រុង​ឡុងដ៏ និង​ក្រុង​ញូដែលី​មាន​ជំហរ​ខុស​គ្នា​ស្រឡះ។

ខណៈ​ដែល​អង់គ្លេស​បាន​ថ្កោលទោស និង​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី ពិសេស​​ផ្តល់​អាវុធ​ឲ្យ​អ៊ុយក្រែន ឥណ្ឌា​មិន​បាន​ថ្កោលទោស​រុស្ស៊ី​ជា​ចំហ និង​ក៏​មិន​បាន​ចូលរួម​ថ្កោលទោស​រុស្ស៊ី​នៅ​អង្គការសហប្រជាជាតិ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ