អានតួអត្ថបទ
ចិន-មីស៊ីល

ចិន ប្រកាស​សាកល្បង​ដោយជោគជ័យ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល

​ក្រសួង​ការពារ​ជាតិ​ចិន​បាន ប្រកាស​​ធ្វើការ​សាកល្បង ប្រកប​ដោយ​ជោគជ័យ​ ​ប្រព័ន្ធប្រឆាំង​មីស៊ីលនៅយប់​​ថ្ងៃទី ១៩ មិថុនា ២០២២ ឆ្លង​ចូល​ថ្ងៃទី ២០ មិថុនា២០២២​។ ​ នៅក្នុង​​សេចក្តី​ថ្លែងការណ៍ អាជ្ញាធរ​ចិនបាន​បញ្ជាក់​បន្ថែម​ទៀត​ថា នេះ​ជា​ដំណើរការសាកល្បង​ក្នុង​កម្មវត្ថុ​ការពារខ្លួន ពុំ​មាន​លក្ខណៈ​ដៅ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ។

​មីស៊ីលបាលីស្ទិក DF-17នៅទីលាន​ធានអាន់មៀន៧០​ឆ្នាំក្នុង​ខួប៧០ឆ្នាំ​នៃ​កំណើត​បក្សកុម្មុយនិស្តចិន​ (រូបតំណាង)
​មីស៊ីលបាលីស្ទិក DF-17នៅទីលាន​ធានអាន់មៀន៧០​ឆ្នាំក្នុង​ខួប៧០ឆ្នាំ​នៃ​កំណើត​បក្សកុម្មុយនិស្តចិន​ (រូបតំណាង) AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​តេស្ត​សាកល្បងប្រព័ន្ធប្រឆាំង​មីស៊ីល​ បាន​សម្រេច​ដូច​ការ​គ្រោង​ទុក ! នេះ​ជា​សេចក្តីថ្លែងការណ៍​​របស់​ក្រសួងការពារ​ជាតិ​ចិន​ ចេញ​ផ្សាយ​នៅថ្ងៃចន្ទទី ២០មិថុនា​២០២២ ដោយ​បានប្រកាសជា​សាធារណៈ​ទៀត​ថា នេះ​ជា​ការ​សាកល្បងប្រព័ន្ធប្រឆាំង​មីស៊ីល លើក​ទី៦​ហើយ។ ពីមុន​មក​ បើតាម​សារព័ត៌មាន​ផ្លូវការ ចិន ​ទំនង​ជា​បាន​ចាប់​ផ្តើម​ធ្វើការ​សាកល្បង​ប្រព័ន្ធ​ប្រឆាំងមីស៊ីល​តាំងពី​ឆ្នាំ​​​២០១០មក​ម្ល៉េះ និង ធ្លាប់​បានទទួល​​ជោគជ័យចំនួន ៥​លើក​នៅ​បន្តបន្ទាប់ពី​ឆ្នាំ​២០១០-២០១៣-២០១៤-២០១៨​និង​២០២១។

ក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើ​ទំនើប​កម្មយោធា​ដែល​ជា​មហិច្ឆតាដ៏​ចំបង​របស់​លោក​ប្រធានាធិបតី​ ស៊ីជីនពីង ចិនបាន​ពន្លឿន​ការ​សិក្សាស្រាវជ្រាវ​​​មីស៊ីល​គ្រប់ធុន ដែល​ខ្លះអាច​មាន​សមត្ថភាព​កម្ទេច ផ្កាយរណប​ក្នុង​​អវកាស​ ឬ​ជា​មីស៊ីលបាលីស្ទិក​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ទំនើប​បំផុតផង។​ ប៉ុន្តែ​ប៉េកាំងកម្រ​លម្អិត​ព័ត៌មាន​ទាក់ទង​នឹងកម្មវិធី​​មីស៊ីល​របស់​ខ្លួនណាស់។ យូរៗ​ម្តង​ទើប​គេ​ឃើញ​មាន​​​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​របស់​ក្រសួង​ការពារជាតិ ឬការ​ជូន​ដំណឹង​តាម​រយៈ​​សារព័ត៌មាន​ផ្លូវការ​ប៉ុណ្ណោះ។ សេចក្តី​ជូន​ដំណឹង​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​មីស៊ីលចុងក្រោយ​គេ ប្រព្រឹត្តទៅ​កាលពី​ខែ​កុម្ភៈ​២០២១។

ការ​សាកល្បង​ប្រព័ន្ធមីស៊ីលប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​នៃ​ភាពតាន​តឹង​ជាមួយ​សហរដ្ឋ​អាមេរិក។ ចិន​ក៏​ដូច​ជា​រុស្ស៊ី ធ្លាប់​បាន​សម្តែង​ការ​មិនពេញ​ចិត្ត​នឹង​ការ​បំពាក់​ប្រព័ន្ធខែលមីស៊ីល​ប្រឆាំង​មីស៊ីល​​អាមេរិក​លើ​ទឹក​ដី​កូរ៉េខាង​ត្បូង​ជា​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​​នៅក្នុង​សេចក្តីថ្លែងការណ៍ថ្ងៃ​នេះ​ ក្រសួង​ការពារ​ជាតិចិន​ ​បានអះអាង​ ដំណើរការ​សាល្បង​នេះ​ ប្រព្រឹត្ត​ទៅក្នុង​បរិបទ​នៃ​ការ​ការពារ​ខ្លួនពុំ​មានកម្មវត្ថុ​ដៅ​ប្រឆាំង​លើ​ប្រទេស​ណាមួយ​ទេ។

សូម​បញ្ជាក់​ថា​ គិត​រហូត​មកទល់​ពេល​បច្ចុប្បន្ន​នេះ មានតែ​ប៉ុន្មាន​ប៉ុណ្ណោះ​នៅលើ​ពិភពលោក (សហរដ្ឋ​អាមេរិក រុស្ស៊ី និង​ចិន) ដែល​មាន​សមត្ថភាព​អភិវឌ្ឍ និង​ប្រើប្រាស់​ប្រព័ន្ធប្រឆាំង​មីស៊ីល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ