អានតួអត្ថបទ
ចិន-ណាសា

ចិន​បដិសេធថា គ្មាន​បំណងចង់ដណ្តើមធ្វើជាម្ចាស់ផ្តាច់មុខ​លើ​ឋានព្រះចន្ទ

អស់ពី​ភពផែនដី ចិន​និង​អាមេរិក​បាន​ទៅ​ប្រកួតប្រជែងគ្នា​បន្ថែមទៀត នៅ​ឋាន​ព្រះចន្ទ។ នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ចន្ទម្សិលមិញ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន បាន​និយាយ​ចោទ​ប្រកាន់ ប្រធាន​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ថា បាន​និយាយ​បង្ខូច​ឈ្មោះ​ប្រទេសចិន និង​ថា ចិន​នៅតែមានឆន្ទៈ​ចង់​ឲ្យមាន​គម្រោង​អវកាស​អន្តរជាតិ។ ប្រតិកម្ម​របស់អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ធ្វើឡើង ដើម្បីឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ប្រធានទីភ្នាក់ងារ​អវកាស​អាមេរិក​ដែល​ថា ចិន​កំពុង​មាន​មហិច្ឆតា​ចង់​ចូលក្តោបក្តាប់យក​ឋានព្រះចន្ទ​តែ​ម្នាក់ឯង។

រ៉ុកកែត​ដែលទីភ្នាក់ងារ​ណាសា​គ្រោង​បាញ់បង្ហោះដើម្បីនាំយកយាន​ដឹកអវកាសយានិក​អាមេរិក​ទៅកាន់​គន្លងតារាវិថី​របស់ព្រះចន្ទ។ រូបថត​នៅ​មជ្ឈមណ្ឌលអវកាស​​Kennedy នៅរដ្ឋFlorida កាលពី​ខែមិថុនា ២០២២
រ៉ុកកែត​ដែលទីភ្នាក់ងារ​ណាសា​គ្រោង​បាញ់បង្ហោះដើម្បីនាំយកយាន​ដឹកអវកាសយានិក​អាមេរិក​ទៅកាន់​គន្លងតារាវិថី​របស់ព្រះចន្ទ។ រូបថត​នៅ​មជ្ឈមណ្ឌលអវកាស​​Kennedy នៅរដ្ឋFlorida កាលពី​ខែមិថុនា ២០២២ REUTERS - JOE SKIPPER
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបទសម្ភាសន៍ជាមួយ​កាសែត​អាល្លឺម៉ង់ ដែលចុះផ្សាយ​កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន ប្រធាន​ទីភ្នាក់ងារ​អវកាស​អាមេរិក ណាសា (NASA) លោក​ប៊ៀល ណែលសុន Bill Nelsonបាន​និយាយ​ត្រង់ៗ ចាត់ទុក​មហិច្ឆតា​អវកាស​របស់​ចិន​ថា ជា​គំរាមកំហែង​ដល់​គម្រោង​ការរុករក​នៅក្នុង​ទីអវកាស។ កង្វល់​ដ៏ធំ​របស់លោក​​ប៊ៀល ណែលសុន​គឺ​ថា នៅពេល​យាន​របស់ចិន​ចុះចត​លើ​ឋានព្រះចន្ទហើយ ចិន​នឹង​ប្រកាស​ថា “នេះជាដែនដី​របស់​ចិន ហើយ​អ្នកផ្សេង​គ្មាន​សិទ្ធិ​ចូលមកពាក់ព័ន្ធ”។

នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ចិន​បាន​បង្កើន​សមត្ថភាព​កម្មវិធី​អវកាស​របស់ខ្លួន គួរ​ឲ្យ​កត់សំគាល់ ដោយ​ផ្តោតសំខាន់​ទៅលើ​ការរុករក​នៅលើ​ឋានព្រះចន្ទ ដែល​ជា​ផ្កាយរណប​របស់​ភពផែនដី។ ចិន​ធ្លាប់​បាន​បញ្ជូន​យាន​ឲ្យទៅចុះចត​ដំបូងគេ​ នៅលើ​ឋានព្រះចន្ទ នៅ​ឆ្នាំ ២០១៣ មុន​នឹងបញ្ជូន​យាន​ សាជាថ្មី នៅ​ចុងឆ្នាំ ២០១៨ ឲ្យ​ទៅ​ចុះ​នៅ​លើ​ផ្ទៃមួយចំហៀង​ទៀត​នៃ​ឋាន​ព្រះចន្ទ ដែល​ជាបេសកកម្ម​ដ៏លំបាក និង​មិនដែល​មាន​ប្រទេស​ណាធ្លាប់ធ្វើ​ពីមុនមក។ នៅ​ចុងឆ្នាំ​២០២០ ចិន​ក៏បាន​បញ្ជូនយាន​ទៅ​ជីកយកថ្ម​ពី​ឋានព្រះចន្ទ មកស្រាវជ្រាវ។ បន្ទាប់​ពី​បញ្ជូន​ម៉ូឌុល​កណ្តាល​សម្រាប់គម្រោងការ​បញ្ចប់​ការសាងសង់​ស្ថានីយ៍អវកាសជាតិចិន កាលពីចុងខែ​មេសា​កន្លងទៅ ចិន​បានបង្ហាញ​គម្រោង​មួយទៀត​របស់ខ្លួន ស្តីពីការបញ្ជូន​យាន​ឲ្យទៅចុះចត​នៅភាគខាងត្បូង​នៃឋានព្រះចន្ទ នៅ​ដំណាច់ទសវត្សរ៍នេះ។

ភាគខាងត្បូង​នៃឋាន​ព្រះចន្ទ ជា​កន្លែង​ដែល​ទីភ្នាក់ងារណាសា​បាន​ដៅទុករួចហើយដែរ សម្រាប់​ការចុះចត​យាន​ដឹក​អវកាសយានិក​អាមេរិក នៅក្នុង​ក្របខ័ណ្ឌ​កម្មវិធី​Artemis ដែល​ណាសា​គ្រោងនឹង​ធ្វើ​នៅ​ឆ្នាំ ២០២៥។

សម្រាប់​ប្រធានណាសា កម្មវិធីអវកាស​របស់​ចិន​មាន​គោលដៅ​យោធា​ និង​ថា ចិន​បាន​លួចគំនិត និង​បច្ចេកវិទ្យា​ពីអ្នកដទៃ។ ការចោទប្រកាន់​របស់​ប្រធានណាសា ត្រូវ​បាន​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​ចាត់ទុក​ជា ការនិយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​ថា ចិន​ប្រឆាំង​ដាច់ខាត រាល់​សំដី​ចោទប្រកាន់​ដោយ​គ្មានការទទួលខុសត្រូវ។ សម្រាប់​មន្រ្តីចិន ចិន​នៅតែ​លើកទឹកចិត្ត​ជានិច្ច​ឲ្យមានការកសាង​អនាគត​អវកាសរួមគ្នា ដើម្បី​មនុស្ស​ជាតិ ហើយនិង​ប្រឆាំង​ដាច់ខាត​នឹង​ការប្រកួតប្រជែងសព្វាវុធ​នៅក្នុង​អវកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ