អានតួអត្ថបទ
ឃាតកម្ម​លើ​អតីតនាយករដ្ឋមន្រ្តីជប៉ុន

ប្រជាជន​ជប៉ុន​កាន់ទុក្ខ​សព​របស់​លោក​ស្ហ៊ីនហ្សូ អាបេដែលឃាតករបាញ់សម្លាប់កាលពីថ្ងៃ​សុក្រ

ជប៉ុន និង​ពិភពលោក នៅមិនទាន់​បាត់ស្លុត នៅ​ក្រោយ​ឃាតកម្ម ទៅ​លើ​អតីត​នាយករដ្ឋមន្រ្តីជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ។ តាំងពី​ថ្ងៃ​សុក្រទី​៨កក្កដា ប្រជាជន​ជប៉ុន​នាំគ្នា​ដាក់​ផ្កា​នៅ​កន្លែង​កើតហេតុ ដែល​លោក​អាបេ ត្រូវ​ឃាតករ​បាញ់សម្លាប់ ចំណែក​សាកសព​របស់​លោកអាបេ​ត្រូវ​បាន​គេ​ដឹក​ចេញពី​ទីក្រុង​ណារ៉ា ទៅ​កាន់​គេហដ្ឋាន​របស់​លោក​ នៅ​ទីក្រុង​តូក្យូ នៅថ្ងៃ​សៅរ៍​នេះ។ តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​ជប៉ុន ពិធីបុណ្យ​ឈាបនកិច្ច​ក្នុងរង្វង់​ក្រុមគ្រួសារ​សាច់ញាតិ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអង្គារ​ទី ១២​កក្កដា​សប្តាហ៍​ក្រោយ។

ប្រជាជន​ជប៉ុន​នាំគ្នា​ទៅដាក់​ផ្កានៅកន្លែង​ដែល​អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពីថ្ងៃ​សុក្រទី ៨​កក្កដា ២០២២
ប្រជាជន​ជប៉ុន​នាំគ្នា​ទៅដាក់​ផ្កានៅកន្លែង​ដែល​អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពីថ្ងៃ​សុក្រទី ៨​កក្កដា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ជប៉ុន​ចាប់ផ្តើម​កាន់ទុក្ខ​សព​អតីត​នាយករដ្ឋមន្រ្តីជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់ កាលពីថ្ងៃ សុក្រម្សិលមិញ នៅទីក្រុង​ណារ៉ា ភាគខាងលិច​ជប៉ុន។

ខ្មាន់កាំភ្លើង ឈ្មោះ តេស៊ូយ៉ា យ៉ាម៉ាហ្កាមី ដែលត្រូវ​បាន​គេចាប់ខ្លួន​ភ្លាមៗ នៅកន្លែង​កើតហេតុ​បាន​ឆ្លើយ​សារភាព​ថា គេ​លើកដៃ​បាញ់​សម្លាប់ លោក​ស៊្ហីនហ្សូ អាបេ ព្រោះដោយមកពីជឿ​ថា លោក​ស្ហ៊ីនហ្សូ អាបេ មាន​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​អង្គការ​មួយ ដែល​ខ្លួនស្អប់ប្រឆាំង។ ប៉ូលិស​មិនបាន​បញ្ជាក់​ឈ្មោះ​អង្គការ​ដែល​ឃាតករ​សម្លាប់​លោក​អាបេ លើកឡើងនោះទេ ប៉ុន្តែ កាសែត​ក្នុងស្រុក​ជប៉ុន បានចុះផ្សាយ​ថា ជា​ប្រភេទ​អង្គការ​សាសនា។

ឃាតកម្ម​ទៅលើ​លោក​ស្ហ៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តី និងជា​អ្នកនយោបាយ​ដ៏មាន​ស្នាដៃ បាន​ធ្វើ​ឲ្យ​ជប៉ុន និង​ពិភពលោក​រន្ធត់​តក់ស្លុត និង​ស្រឡាំងកាំង។ លោក​ស្ហ៊ីនហ្សូ អាបេ​ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ព្រឹទ្ធសភា​ជប៉ុន ដែលត្រូវ​រៀបចំ​ នៅថ្ងៃ​អាទិត្យស្អែក។

នៅ​ថ្ងៃ​សុក្រ នៅក្រោយ​ឃាតកម្ម​ទៅលើ​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន លោក​ហ្វូមីអូ គីស្ហ៊ីដា បាន​ប្រកាស​ថា ការរៀបចំ​បោះឆ្នោត​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅជា​ធម្មតា។

នៅថ្ងៃ​សៅរ៍​នេះ នាយករដ្ឋមន្រ្តី​ជប៉ុន​បានធ្វើ​ដំណើរ​ទៅ​ជួយ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែលធ្លាប់​ដឹកនាំ​ដោយ​លោក​អាបេ នៅ​ទីក្រុង​យ៉ាម៉ាណាស្ហ៊ី នៅក្រោម​ការរឹតបន្តឹង​សន្តិសុខ​ខ្លាំងបំផុត។ សមាជិករបស់​កងរក្សា​សន្តិសុខ​ជប៉ុនម្នាក់​បាន​និយាយប្រាប់​កាសែត​ជប៉ុន Mainichi ថា គេ​នឹង​មិនបណ្តោយ​ឲ្យកើតមាន​ហេតុការណ៍ ដូច​កាលពីថ្ងៃ​សុក្រ ពោល​គឺ​នៅពេល​សាធារណជន​អាច​ចូលទៅ​ឈរ​កៀកជិត លោក​ស្ហ៊ីនហ្សូ អាបេ ដែល​នៅក្នុងនោះមានផងដែរ ខ្មាន់កាំភ្លើង។ នៅថ្ងៃ​នេះ រាល់​អ្នកចូលរួម​ក្នុង​មិទ្ទិញ​របស់​លោក​នាយករដ្ឋមន្រ្តី​គីស្ហីដា ត្រូវ​ឆ្លងកាត់​ប៉ុស្ត​ត្រួតពិនិត្យ និង​ការឆែកឆេរ​យ៉ាងល្អិតល្អន់​ពីសំណាក់​កងរក្សា​សន្តិសុខ។

ប្រជាជន​ជប៉ុន​ចាប់ផ្តើម​កាន់ទុក្ខ​សព​លោក​ស្ហ៊ីនហ្សូ អាបេ ចំណែក​ប្រតិកម្ម​នៅក្នុងពិភពលោក ​ថ្កោលទោស​លើ​ឃាតកម្ម​លើ​អតីត​នាយករដ្ឋមន្រ្តីជប៉ុន បាន​ធ្លាក់​បន្តបន្ទាប់។ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន បាននិយាយ​ថា លោក​រន្ធត់ និង​ជួបទុក្ខសោក ចំណែក ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែលមិនសូវមាន​ទំនាក់ទំនង​ល្អូកល្អឺន​ជាមួយ​ប្រទេស​ជប៉ុន បាន​ចូលរួមរំលែកទុក្ខ​ជាមួយគ្រួសារ​សព​របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោកអាបេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ