អានតួអត្ថបទ
ឃាតកម្ម​លើអតីតនាយករដ្ឋមន្រ្តីជប៉ុន

មេដឹកនាំបរទេស​ប្រតិកម្ម​ថ្កោលទោសចាត់ទុក​ការធ្វើឃាត​លើ​អតីតនាយករដ្ឋមន្រ្តីជប៉ុន​ថា ជា​ទង្វើដ៏​ថោកទាប

ឃាតកម្ម​លើ​អតីតនាយករដ្ឋមន្រ្តីជប៉ុន​បាន​បង្ក​ឲ្យមាន​​ប្រតិកម្មរំជួលចិត្ត ទាំងនៅក្នុងស្រុក និង​នៅបរទេស។ នៅ​បរទេស ប្រតិកម្ម​​ពី​ថ្នាក់ដឹកនាំ​ នៅក្នុងពិភពលោក មិនថា ពីមេដឹកនាំ​របស់​ប្រទេស​សម្ព័ន្ធមិត្ត ឬ​ប្រទេស​សត្រូវ​របស់​ជប៉ុន បានធ្លាក់មកជាបន្តបន្ទាប់ នៅថ្ងៃសុក្រទី ៨ ខែ​កក្កដា ២០២២។

លោកស្ហ៊ីនហ្សូ អាបេថតរូបជាមួយមេដឹកនាំអាស៊ាន ​នៅក្នុង​ជំនួបកំពូល​អាស៊ាន​នៅប្រទេស​ថៃ នៅឆ្នាំ ២០១៩
លោកស្ហ៊ីនហ្សូ អាបេថតរូបជាមួយមេដឹកនាំអាស៊ាន ​នៅក្នុង​ជំនួបកំពូល​អាស៊ាន​នៅប្រទេស​ថៃ នៅឆ្នាំ ២០១៩ REUTERS - Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

នៅជប៉ុន ដំណឹងមរណភាព​របស់​លោក​អតីតនាយករដ្ឋមន្រ្តី ស្ហ៊ីនហ្សូ បានធ្វើ​ឲ្យគ្រប់គ្នា​ស្រឡាំងកាំង ភ័យរន្ធត់។ ជាមួយ​ការរំជួលចិត្ត លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ហ្វូមីញ៉ូ គីស្ហីដា បាននិយាយ​ថា លោក​គ្មានពាក្យអ្វីមកថ្លែង សម្រាប់​ការបាត់បង់​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ជា​គ្រូ​របស់​លោកបាននោះទេ។ លោក​នាយករដ្ឋមន្រ្តីជប៉ុន​បាន​ថ្លែង​ទៅកាន់​អ្នកកាសែត ទាំងទឹកមុខ​សោកសង្រេង​យ៉ាងដូច្នេះថា “ខ្ញុំបាន​បន់ស្រន់​ដើម្បី​ឲ្យលោក​នៅមានជីវិត ប៉ុន្តែ ទោះជាយ៉ាងណា ខ្ញុំ​បាន​ទទួល​ដំណឹងថា លោកបាន​លាចាកលោក​ទៅហើយ។ វា​ជា​រឿងមួយដ៏គួរ​ឲ្យស្តាយស្រណោះខ្លាំងណាស់។ ខ្ញុំ​សូមចូលរួមរំលែកទុក្ខ និង​បន់ស្រន់សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ស្ងប់សុខ សន្តិភាព”។

ថោកទាប កំសាក រន្ធត់ នេះ​ក៏​ជា​ពាក្យ​ដែល​ថ្នាក់ដឹកនាំ​បរទេស​បាន​ប្រើ​ច្រើន ដើម្បី​ប្រតិកម្ម​ទៅនឹង​ឃាតកម្ម​លើ​អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ នៅថ្ងៃ​សុក្រនេះ។ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត​របស់​ជប៉ុន តាមរយៈ រដ្ឋមន្រ្តី​ការបរទេស បានសំដែងការទុក្ខសោក និង​ក្តីបារម្ភក្រែលែង នៅក្រោយ​លឺដំណឹង​ដ៏រន្ធត់នៅថ្ងៃនេះ។

ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​សរសេរ​សារទ្វីត សំដែង​ក្តីរន្ធត់ឥតឧបមា ដែល​បាន​លឺ​ការវាយប្រហារ ដ៏គួរ​ឲ្យ​ស្អប់ខ្ពើម​ទៅលើ​អតីតនាយករដ្ឋមន្រ្តីជប៉ុន។ សម្រាប់​ប្រមុខរដ្ឋបារាំង បារាំង​នៅក្បែរ​ជាប់​ជានិច្ច ជាមួយ​ប្រជាជន​ជប៉ុន។

លោក​ណារិនដ្រា ម៉ូឌី លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ដែល​ឧស្សាហ៍​ធ្លាប់​ជួបប្រាស្រ័យ​ផ្ទាល់​ជាមួយ លោក​ស្ហ៊ីនហ្សូ អាបេ នៅក្នុងពេលលោក​នៅជានាយករដ្ឋមន្រ្តីជប៉ុន បាន​សរសេរនៅក្នុង​សារទ្វីតថា លោក​រន្ធត់ដែលលឺ​ថា មិត្តរបស់​លោករងការបាញ់​ប្រហារ។

ដូច​នាយករដ្ឋមន្រ្តី ថៃ និង​មេដឹកនាំ​ប្រទេស​សមាជិកអាស៊ាន ផ្សេងទៀត នាយករដ្ឋមន្រ្តីសិង្ហបុរី បាន​សំដែង​ក្តីតក់ស្លុត នៅក្រោយ​លឺ​ហេតុការណ៍​អាក្រក់​កើតឡើង​ទៅលើ​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​លោក​ចាត់ទុក​ជា​មិត្ត​ដ៏ល្អ​របស់​សិង្ហបុរី។

ជប៉ុន​មិនមែនជា​សមាជិករបស់អូតង់ ប៉ុន្តែ អគ្គលេខាធិការ​អង្គការ​អូតង់ បាន​សំដែង​ទុក្ខសោក ដែលឃើញ​មានឃាតកម្ម​ទៅលើ​លោក​ស្ហ៊ីនហ្សូ អាបេ អ្នកការពារ​លទ្ធិប្រជាធិបតេយ្យ។

ពីខាងរុស្ស៊ី ដែលជា​គូប្រជែង​របស់​ជប៉ុន នៅក្នុង​ជម្លោះដណ្តើមប្រជុំកោះ ក្រសួងការបរទេស​រុស្ស៊ី​បាន​ចេញសេចក្តីថ្លែងការណ៍​ថ្កោលទោស ឧក្រិដ្ឋកម្ម​ដ៏គួរឲ្យខ្លាច ដែល​រុស្ស៊ី​ចាត់ទុក​ជាអំពើភេរវកម្ម ដែលគេ​មិនអាចលើកលែង​ឲ្យបាន។ នៅក្រោយ មន្ទីរពេទ្យ​ប្រកាស​មរណភាព​របស់​លោក​ស្ហ៊ីនហ្សូ អាបេ អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង​បាននិយាយប្រាប់អ្នកកាសែតថា រុស្ស៊ី​មានទុក្ខព្រួយ និង​ថា រុស្ស៊ី​កោតសរសើរ​លោក​ស្ហ៊ីនហ្សូ អាបេ ក្នុង​នាមជា​អ្នកស្នេហាជាតិពិតប្រាកដ​របស់​ជប៉ុន។

នៅក្នុងសារតេឡេក្រាម លោកប្រធានាធិបតី ពូទីន បានចាត់ទុកមរណភាព​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​ថា ជាការបាត់បង់​ដ៏ធំធេង។ នៅក្នុងសារ​ផ្ញើរទៅកាន់ក្រុមគ្រួសារ​របស់​លោក​អាបេ មេដឹកនាំ​រុស្ស៊ី​បាន​ចាត់ទុក ​លោក​អាបេ​ជា​ប្រមុខរដ្ឋ​ដ៏​មាន​ស្នាដៃ ដែល​បាន​រួមវិភាគទាន​ដ៏ មិនអាចកាត់ថ្លៃបាន នៅក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ជប៉ុន រុស្ស៊ី ក្នុងគ្រប់វិស័យ ជាពិសេស ការកសាង​ជំនឿទុកចិត្ត និង​ទំនាក់ទំនងល្អ​ក្នុងនាមជាប្រទេស​ជិតខាងនឹងគ្នា។

ប្រទេស​ចិន តាម​រយៈ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បរទេស​ក៏បាន​ប្រតិកម្ម​ភ្លាមៗ ដែរ នៅក្រោយ ព្រឹត្តិការណ៍​បាញ់ប្រហារ​ទៅលើ​លោក​ស្ហ៊ីនហ្សូ អាបេ។ តាមមន្រ្តីចិន​ខាងលើ ចិន​នៅ រន្ធត់ និង​សំដែង​ក្តីអាណិតអាសូរ​ដល់​ក្រុមគ្រួសារ​របស់លោក​ស្ហីនហ្សូ អាបេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ