អានតួអត្ថបទ
ជប៉ុន-ការពារជាតិ

នៅក្នុង​សៀវភៅស ក្រសួងការពារជាតិជប៉ុន​ចាត់ទុក​រុស្ស៊ី​ជា​ការគំរាមកំហែង

សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​បានធ្វើ​ឲ្យជប៉ុន នៅមិនស្រណុកចិត្ត។ នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ ដែលចេញផ្សាយ​នៅថ្ងៃ​សុក្រនេះ ក្រសួងការពារ​ជាតិ​ជប៉ុន​បាន​ចាត់ទុក​រុស្ស៊ី​ថា ជាការគំរាមកំហែង។ ជប៉ុន​ដែលខ្លាចខា្លចការគំរាមកំហែង​របស់​ចិន និង​កូរ៉េខាងជើង សម្រាប់ សន្តិសុខ ផ្ទាល់​ខ្លួន បារម្ភផងដែរ  នៅពេល​ឃើញ​ចិន​បង្កើន​ការដាក់សម្ពាធ​កាន់តែ​ខ្លាំង​លើ​កោះតៃវ៉ាន់។ នៅថ្ងៃ​ពុធ ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក CIA ទើបបាន​និយាយថា សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន គឺជាមេរៀនដែលធ្វើឲ្យ​ចិនត្រៀមកម្លាំង​វាយចូលគ្រប់គ្រង​កោះតៃវ៉ាន់។

លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស្ហីដា នៅក្នុងរថក្រោះ នៅថ្ងៃទី ២៧ ខែ​វិច្ឆិកាឆ្នាំ ២០២១
លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស្ហីដា នៅក្នុងរថក្រោះ នៅថ្ងៃទី ២៧ ខែ​វិច្ឆិកាឆ្នាំ ២០២១ AP - Kiyoshi Ota
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិ​ជប៉ុន​បានចេញផ្សាយ​សៀវភៅស ដែល​បាន​ទាញសញ្ញាអាសន្ន​ពីការគំរាមកំហែង​ថ្មី​របស់​រុស្ស៊ី និងការព្រួយបារម្ភកាន់តែ​ខ្លាំង​ពីសន្តិសុខ​របស់​តៃវ៉ាន់ នៅចំពោះមុខ​មហាអំណាច​ចិន ដែលបានឃើញមេរៀន​រុស្ស៊ី​ចូលធ្វើ​សង្រ្គាមឈ្លានពានអ៊ុយក្រែន។

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ ចេញផ្សាយ​នៅថ្ងៃ​សុក្រទី ២២​ខែ​កក្កដា គេ​បាន​ផ្តោត​មួយជំពូកពេញ​ដើម្បី​និយាយ​ពី​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​នៅ ប្រទេស​អ៊ុយក្រែន។ តាម​របាយការណ៍ សង្រ្គាមឈ្លានពាន​អ៊ុយក្រែន អាច​ជា​សារ​មួយ​ដែលថា ការប៉ុនប៉ង​ផ្លាស់ប្តូរ​លក្ខន្តិករដើម Statut Quo ដោយឯកតោភាគី និងដោយការប្រើកម្លាំងយោធា គឺជារឿង​ដែលគេ​អាច​ទទួលយកបាន។ អ្វីដែល​ធ្វើឲ្យ​ក្រសួងការពារជាតិ​ជប៉ុន​បារម្ភកាន់តែ​ខ្លាំង គឺ ដោយសារ​រុស្ស៊ី​អាចចុះទន់ខ្សោយដៃ នៅក្នុង​សង្រ្គាមអ៊ុយក្រែន រុស្ស៊ី អាច​រត់ទៅ​ពង្រឹង​ទំនាក់ទំនង​កាន់តែជិតស្និទ្ធ​ជាមួយ មហាអំណាច​ចិន ដែលជា​គូបដិបក្ខ​របស់​ជប៉ុន។

សៀវភៅស របស់​ជប៉ុន​ដែល​ផ្តោតទៅលើ​ស្ថានភាព​គំរាមកំហែង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ នៅក្នុងពិភពលោក និង​ការគំរាមកំហែង​ជាពិសេស សម្រាប់​ប្រទេស​ជប៉ុន បរិយាយផងដែរ ពីគ្រោះថ្នាក់​របស់​រុស្ស៊ី ដែល​មាន​លេស​កាន់តែច្រើន​ដើម្បី ប្រើ​អាវុធនុយក្លេអ៊ែរ។ ក្រសួងការពារជប៉ុន​ព្រួយបារម្ភថា នាវាមុជទឹករបស់​រុស្ស៊ី​មាន​អាវុធ​នុយក្លេអ៊ែរ​នឹង​បង្កើន​សកម្មភាព នៅក្នុងសមុទ្រជុំវិញប្រទេស​ជប៉ុន។ នៅ​ខែ ឧសភាកន្លងទៅ ចិន និង​រុស្ស៊ី​បានធ្វើ​សមយុទ្ធរួមគ្នា ដោយបាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅ​ហោះក្បែរប្រទេសជប៉ុន។

ក្រសួងការពារ​ជាតិ​ជប៉ុន​បាន​របាយការណ៍​ទាញសញ្ញាអាសន្ន​ស្តីពី​ការគំរាមកំហែង​របស់​រុស្ស៊ី និង​ចិន ​ នៅក្នុងកាលៈទេសៈ​ដែល រដ្ឋាភិបាល​ជប៉ុន​គ្រោងនឹង​បង្កើនថវិកាកងទ័ព​ក្នុងកម្រិតមួយដ៏ខ្ពស់។ នៅចំពោះមុខការគំរាមកំហែង​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​យុទ្ធសាស្រ្ត​ពង្រីកដែនឥទ្ធិពល​របស់​ចិន នៅក្នុងតំបន់ ជប៉ុន​បាន​បង្កើនថវិកាការពារជាតិ​ជាបន្តបន្ទាប់។ ប៉ុន្តែ បើប្រៀបធៀប នឹង​សមាជិក​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម​G7ផ្សេងទៀត ថវិកាកងទ័ពជប៉ុន​មានតិចជាង ២%នៃផលិតផលក្នុងស្រុកសរុប។ គណបក្ស​កាន់អំណាច​របស់លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស្ហ៊ីដា ដែលទើបបានទទួលសំឡេងភាគច្រើន​នៅព្រឹទ្ធសភា មានគម្រោង​សើរើ​រដ្ឋធម្មនុញ្ញសន្តិភាព ដើម្បី​ពង្រឹង​សមត្ថភាព​របស់​កងទ័ព​ជាតិជប៉ុន ដោយមិនចាំបាច់ត្រូវការពឹងអ្នកដទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ