អានតួអត្ថបទ

ជប៉ុន​គ្រោង​ទិញ​មីស៊ីល ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​របស់​ព្យុងយ៉ាង

រដ្ឋមន្ត្រីក្រសួងការពារជាតិ​ជប៉ុន បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះ ថា​ជប៉ុនគ្រោង​​នឹង​ទិញ​មីស៊ីល​ រយៈ​ចម្ងាយ​ឆ្ងាយ និង​មធ្យម ដើម្បីការពារ​ខ្លួន​ទល់​នឹង​ការ​គំរាម​កំហែង​យោធារបស់​កូរ៉េខាង​ជើង​។ ប៉ុន្តែ​​គម្រោងទិញ​អាវុធ​បែប​នេះ អាច​នឹង​ត្រូវ​បំផុស​ចំណោទ​ស្តី​អំពី​នយោបាយ​សន្តិនិយម​របស់​ប្រទេស។

មីស៊ីលអាមេរិក Jassm
មីស៊ីលអាមេរិក Jassm ©AFP
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​ដែល​ជប៉ុន​មាន​គម្រោង​ទិញ​នេះ ជា​ប្រភេទ​មីស៊ីលបណ្តែត (មីស៊ីលការពារខ្លួន) Jassm និង Lrasm របស់​អាមេរិក ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ​៩រយ​គីឡូម៉ែត្រ និង មីស៊ីល Joint Strikes របស់​ក្រុមហ៊ុន​ន័រវែស Kongsberg Defence and Aerospace ដែល​អាច​បាញ់​បាន​ចម្ងាយ​៥រយ​គីឡូម៉ែត្រ។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​ជប៉ុន។

ដើម្បី​អាច​ទិញ​មីស៊ីលរយៈ​ឆ្ងាយ​​ និង​មធ្យម​នេះ​មក​បំពាក់​ឱ្យ​យន្តហោះ​ចំបាំង​របស់​ខ្លួន​ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិជប៉ុន ​នឹងទៅ​ស្នើ​សុំ​ថវិកា​ពិសេស​ពី​រដ្ឋាភិបាល ដោយ​ពន្យល់​ថា មីស៊ីល​នេះ​នឹង​អនុញ្ញាត​ឱ្យ​ជប៉ុន​អាច​​ប្រឈម​ទប់​ទល់​នឹង​គូសត្រូវ​បាន​ ពី​គ្រប់​ទិសទី​ទាំង​អស់។

ប៉ុន្តែ​គម្រោង​ទិញ​អាវុធ​មីស៊ីល អាច​នឹង​បំផុស​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ ព្រោះជប៉ុន​មាន​រដ្ឋធម្មនុញ្ញ​សន្តិនិយម ប្រកាន់​យក​នយោបាយ​ការពារ​ខ្លួន​ និង​ហាម​ឃាត់​ដាច់​ខាត​មិន​ឱ្យ​ប្រើ​ប្រាស់​កម្លាំង​យោធា​ជា​ដំណោះស្រាយ​វិវាត​ជាមួយ​អន្តរជាតិ។ ជប៉ុន​រំពឹង​​តែ​លើ​សហរដ្ឋ​អាមេរិក​ក្នុង​ការពារប្រទេស ស្រប​តាម​សន្ធិសញ្ញា​ចង​សម្ព័ន្ធ​ភាព​ជប៉ុន-អាមេរិក​ផ្នែក​សន្តិសុខ។

មួយ​រយៈ​ចុងក្រោយ​នេះ ជប៉ុន​មាន​អារម្មណ៍​ថា​រង​ការ​គំរាម​កំហែង​ខ្លាំងឡើងៗ ពី​សំណាក់​កូរ៉េខាង​ជើង។ ព្រឹទ្ធ​សភា​ជប៉ុន បាន​ចាត់​ទុក​ការ​បាញ់​សាកល្បង​​មីស៊ីលអន្តរទ្វីប កាលពី​ថ្ងៃទី ២៩ វិច្ឆិកា ២០១៧ របស់​ព្យុងយ៉ាង​ ដែល​ធ្លាក់​ក្នុង​សមុទ្ទ​ជប៉ុន​ គឺ​ជា​ការ​គំរាម​កំហែង​ពិតសម្រាប់​ជប៉ុន។ ចំណែក​លោក​ស៊ីនហ្សូ​អាបេ បាន​ប្រកាស​ថា​ការ​ចរចា​ជាមួយ​ព្យុងយ៉ាង​លែងមាន​ន័យ​ហើយ។ សេចក្តី​អំពាវនាវ​របស់​អាមេរិក​ កាលពី​សប្តាហ៍​មុន ឱ្យ​សហគមន៍​​អន្តរជាតិ​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ការទូត​ជាមួយ​កូរ៉េខាង​ជើង ដើម្បី​បង្ខំ​របប​នេះ​ឱ្យ​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ តែ​ត្រូវ​ម៉ូស្គូ និង​ប៉េកាំង​ច្រានចោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ