អានតួអត្ថបទ
ចិន-កាហ្សាក់ស្ថាន

លោកស៊ីជីនពីង​ ប្រកាស​ជួយការពារឯករាជ្យ​និង​​បូរណភាព​ដែនដី​កាហ្សាក់ស្ថាន

ជា​លើក​ទីមួយ គិត​ចាប់​តាំងពី​ផ្ទុះ​វិបត្តិកូវីដ​មក ដែល​ប្រធានាធិបតី​ចិន​​ធ្វើ​ដំណើរ​ទៅ​បរទេស​។ នៅថ្ងៃ​ពុធ​ទី ១៤​កញ្ញា លោក ស៊ី ជីនពីង បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កាហ្សាក់ស្ថាន អតីត​រដ្ឋ​មួយ​របស់​សហភាព​សូវៀត និង​ដែលមាន​ប្រវត្តិ​ជា​​សម្ព័ន្ធមិត្ត​របស់មូស្គូ តែ​ទើប​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​រុស្ស៊ី ក្រោយ​ឃើញ​សង្គ្រាម​ឈ្លានពាន​នៅអ៊ុយក្រែន។

លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង និង​សមភាគីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ថ្ងៃទី ១៤ កញ្ញា​២០២២
លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង និង​សមភាគីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ថ្ងៃទី ១៤ កញ្ញា​២០២២ via REUTERS - KAZAKH PRESIDENTIAL PRESS SERVIC
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កាហ្សាក់ស្ថាន លោក កាស៊ីម ចូម៉ារ តូកាអ៊ីវ Kassim Jomart Tokaïev បាន​ទៅ​ទទួល​ស្វាគមន៍​លោក​ស៊ីជីនពីង ដល់​ជណ្តើរ​យន្តហោះ​ ដោយ​ពាក់​ម៉ាស់​ទាំងអស់​គ្នា។ ក្នុង​ពេល​ជួប​ពិភាក្សា​គ្នា បើ​តាម​ទូរទស្សន៍​ជាតិ​ចិន លោក​ ស៊ីជីនពីង បាន​ធានា​ជួយ​​​ថែរក្សា ឯករាជ្យ​ជាតិ​​ ការពារ​បូរណភាពដែនដី​ និង​អធិបតេយ្យភាព​ជាតិកាហ្សាក់ស្ថាន​។ ​លោកស៊ីជីនពីង មាន​ប្រសាសន៍​ដូច្នេះ ព្រោះ​កាហ្សាក់ស្ថាន​ ដែល​ជា​អតីត​រដ្ឋ​មួយ​របស់​សហភាព​សូវៀត កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​រុស្ស៊ី​បើកប្រតិបត្តិការ​យោធា​ចូល​ឈ្លានពាន​អ៊ុយក្រែន។ មាន​ជនជាតិ​ភាគតិចជា​រុស្ស៊ី​​រស់​នៅ​ច្រើន ​កាហ្សាស្ថានខ្លាច​រង​ជោគវាសនា​ដូច​អ៊ុយក្រែន បាន​ផ្តើម​ដក​ខ្លួន ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​នឹង​រុស្ស៊ី តាំងពី​​មួយ​រយៈ​ចុងក្រោយ​មក​នេះ។

លោកប្រធានាធិបតី​ចិន ថែម​ទាំង​បានប្រកាស​សន្យា ប្រឆាំងជា​ដាច់​ខាត​​នឹង​ការ​ជ្រៀតជ្រែក​​កិច្ចការ​ផ្ទៃក្នុងកាហ្សាក់ស្ថាន ​ពី​គ្រប់​ទម្រង់​នៃ​​កងកម្លាំងទាំង​អស់ រាប់​ទាំង​កម្លាំង​​ខាង​ក្រៅ​ ពោល​គឺ​លោក​ចង់​សំដៅ​លើកង​​កម្លាំង​បរទេស​ ដែល​កាហ្សាក់ស្ថាន​ចោទ​ថា​បាន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កាលពី​ខែមករា​កន្លង​ទៅ។

ម្សិលមិញ ពេល​ចេញ​ដំណើរ​ លោក​ប្រមុខ​ដឹកនាំចិន បាន​អះអាង​ម្តង​ហើយ ថា​ចិន​នឹង​ការពារ​សន្តិសុខ​រួម​ជាមួយ​កាហ្សាក់ស្ថាន។ ប៉េកាំង​ចង់​សហការ​ជាមួយ​កាហ្សាក់ស្ថាន ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន ​អំពើ​ឧក្រិដ្ឋកម្ម​ ​ និងអំពើ​​​ភេរវកម្ម ដែរ​រាប់​បញ្ជូល​ទាំង​សកម្មភាព​ផ្តាច់​ទឹកនិយម​ សាសនានិយមជ្រុល។

ជា​ចម្លើយ​តប ប្រធានាធិបតីកាហ្សាក់ស្ថាន លោក តូកាអ៊ីវ បាន​ប្រកាស​ចាត់​ទុក​ ដំណើរទស្សនកិច្ច​លើកទី​មួយក្រោយ​សម័យកូវីដ​​របស់​លោក​ស៊ីជីនពីងថ្ងៃ​នេះ ថា​​មា​ន​លក្ខណៈ​ប្រវត្តិសាស្ត្រ​​ និង​បាន​សម្តែង​អំណរ​ក្រៃ ចំពោះ​ទំនុកចិត្ត និង​កិច្ចសហប្រតិបត្តិការ​ ​រវាង​ចិន​និង​កាហ្សាក់ស្ថាន។

បន្ទាប់​ពីកាហ្សាក់ស្ថាន លោក​ស៊ីជីនពីង នឹង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​អ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍ ​ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​របស់​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ ដែល​នឹងអាច​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ