អានតួអត្ថបទ
ចិន-រុស្ស៊ី

លោក​ស៊ីជីនពីង​​ នឹងចេញ​​ជួបលោកពូទីន នៅក្រៅ​ប្រទេសចិន ជាលើកទីមួយ

នេះ​​ជា​លើក​ទីមួយ​ គិត​ចាប់​តាំងពី​ផ្ទុះ​កូវីដមកដែល​លោកប្រធានាធិបតី​ចិន ស៊ី ជិនពីង បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​។ បើ​តាម​សេចក្តី​ប្រកាស​របស់​សារព័ត៌មាន​រដ្ឋ​ចិន ​ នៅសប្តាហ៍​នេះលោក ស៊ីជីនពីង នឹងអញ្ជើញ​​ទៅ​ប្រទេស​ កាហ្សាក់ស្ថាន និង​អ៊ូសបេគីស្ថាន ដើម្បី​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​ក្នុង​ប្រទេស​ទាំងពីរ​ផង និង​ចូល​រួម​ក្នុង​ជំនួប​កំពូល​ក្រុមប្រទេស​ជាសមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការសៀងហៃផង។ នាឱកាសនោះ លោក​ស៊ីជីនពីង​នឹង​ជួប​សមភាគី​រុស្ស៊ី លោក វ្លាដេមៀ ពូទីន ទៀត។

លោកប្រធានាធិបតី​រុស្ស៊ី ពូទីន និង​ សមភាគី​ចិន លោក ស៊ី ជីនពីង នៅទីក្រុង​ប៉េកាំង ថ្ងៃទី ៤កុម្ភៈ ២០២២
លោកប្រធានាធិបតី​រុស្ស៊ី ពូទីន និង​ សមភាគី​ចិន លោក ស៊ី ជីនពីង នៅទីក្រុង​ប៉េកាំង ថ្ងៃទី ៤កុម្ភៈ ២០២២ © ALEXEI DRUZHININ / AP
ផ្សាយពាណិជ្ជកម្ម

ពី​ថ្ងៃពុធ​ទី ១៤កញ្ញា​ដល់​ថ្ងៃ​សុក្រ​ទី ១៦​កញ្ញា លោក​ ស៊ីជីនពីង នឹង​ធ្វើ​ដំណើរ​ទៅអាស៊ីកណ្តាល អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កាហ្សាក់ស្ថាន និង​ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​របស់​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ នៅប្រទេស​អ៊ូសបេគីស្ថាន។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន។

អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ ដែល​មាន​សមាសភាព​៨ប្រទេស​គឺ​ ចិន​ រុស្ស៊ី និង៤​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​ ដូច​ជា អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីគីស្ថាន ព្រមទាំង​ឥណ្ឌា​និង​ប៉ាគីស្ថាន ត្រូវ​បើក​ជំនួប​កំពូល​ពីរ​ថ្ងៃ​ នៅ​ក្រុង​សាម៉ាកង់ ដែលផ្លូវ​សូត្រ​ចាស់​របស់​ចិន​​ធ្លាប់ឆ្លង​កាត់។

នាឱកាស​ជំនួប​កំពូល​នោះ លោកស៊ីជិនពីង នឹងជួប​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ដោយ​ផ្ទាល់​ផង ដើម្បី​បញ្ជាក់​អំពី​ឥទ្ធិពល​របស់​ចិន​ និង​ផលប្រយោជន៍​របស់​រុស្ស៊ី​សម្រាប់​តំបន់​អាស៊ី។ ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ ក៏​ជា​ការ​បញ្ជាក់​ជំហរ​​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក និង​ក្រុមបស្ចិមលោក ដែល​បាន​នាំ​គ្នា​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ពីបទ​បានចូល​ឈ្លានពាន​អ៊ុយក្រែន។

នេះ​គឺ​ជា​លើក​ទីមួយ​ហើយតាំង​ពី​ផ្ទុះ​វិបត្តិ​កូវីដ ជាង​ពីរ​ឆ្នាំ​មក ​ដែល​លោក​ស៊ីជីនពីង​ សម្រេច​ធ្វើ​ដំណើរ​​ចេញ​ពី​ប្រទេស ហើយ​ទៅ​ជួប​លោក​ពូទីន នៅ​ក្រៅដែន​ដី​ចិន​។ មេដឹកនាំទាំងពីរ​​បាន​ជួប​គ្នា​ជា​លើក​ចុងក្រោយ​បង្អស់ នៅទីក្រុង​ប៉េកាំង ក្នុង​ពេល​បើក​កីឡាអូឡាំពិក​រដូវ​រងារ និង​តែ​ប៉ុន្មាន​ថ្ងៃ​មុន​រុស្ស៊ី​ បើក​ប្រតិបត្តិការ​យោធា​វាយប្រហារ​លើ​ក្រុង​កៀវ ថ្ងៃទី ២៤​កុម្ភៈ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិដ្រា ម៉ូឌី ក៏​នឹង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ជំនួ​បកំពូល​នៅប្រទេស​អ៊ូសបេគីស្ថាន​ដែរ ប៉ុន្តែ​គ្មាន​ព័ត៌មាន​បញ្ជាក់ថា តើ​មេដឹកនាំ​ឥណ្ឌា​នឹង​មានកិច្ចសន្ទនា​​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ឬ​ប្រធានាធិបតី​រុស្ស៊ី ពូទីនទេ។ ប្រធានាធិបតី​ចិន និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ គ្មាន​ជំនួប​ទ្វេភាគី​ ​តាំង​ពី​ឆ្នាំ​២០១៩មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ