អានតួអត្ថបទ

ធនាគារអភិវឌ្ឍន៍អាស៊ីសន្យាផ្តល់ប្រាក់កម្ចីចំនួន ១៤ ០០០លានដុល្លារដល់ក្រុមប្រទេសក្រីក្រនៅអាស៊ីប៉ាស៊ីហ្វិក

នៅ​ថ្ងៃ​អង្គារ ទី២៧ កញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ចំនួន ១៤ ០០០លានដុល្លារ​សម្រាប់​រយៈពេល ៤ឆ្នាំ​ដល់​ក្រុម​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ កម្មវត្ថុ​នៃ​ប្រាក់កម្ចី គឺ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ទាំង​នេះ​ឲ្យ​ទប់​ស្កាត់​នឹង​អសន្តិសុខស្បៀង រួម​ទាំង​ផលវិបាក​ផ្សេងៗ​ដែល​កើត​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ តាម​ធនាគារអភិវឌ្ឍន៍​អាស៊ី មាន​កត្តា​ជា​ច្រើន​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ប្រឈម​នឹង​អសន្តិសុខស្បៀង​នា​ពេល​បច្ចុប្បន្ន។

លោក Masatsugu Asakawa ​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី។
លោក Masatsugu Asakawa ​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី។ REUTERS - Kim Kyung Hoon
ផ្សាយពាណិជ្ជកម្ម

កញ្ចប់​ប្រាក់កម្ចី​ដែល​មាន​ទឹកលុយ​ចំនួន ១៤ ០០០លានដុល្លារ​ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី​លំអិត​ថា មាន ៣ ៣០០លានដុល្លារ​សម្រាប់​ឆ្នាំ ២០២២ នេះ និង​មាន ១០ ៧០០លានដុល្លារ​សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៥។ ចំណែក​ផ្ទាំងស៊ីប​នៃ​ប្រាក់កម្ចី​ដែល​ក្រុមប្រទេស​ក្រីក្រ​នៅ​អាស៊ីប៉ាស៊ីហ្វិក​ត្រូវ​យក​ទៅ​ប្រើ គឺ​ការ​បង្កើន​ផលិកម្ម និង​ការ​ចែកចាយ​ស្បៀង រួម​ទាំង​ការ​ចាយ​វាយ​នៅ​ក្នុង​គម្រោង​នៃ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​កើត​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

« អសន្តិសុខស្បៀង​កំពុង​គំរាមកំហែង​លើ​ភាព​ចម្រើន​ច្រើន​ទសវត្សន៍​ក្នុង​វិស័យ​អភិវឌ្ឍន៍​នៅ​អាស៊ី និង​នៅ​ប៉ាស៊ីហ្វិក » នេះ​ជា​ការ​ថ្លែង​របស់​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​លោក​ម៉ាសាស៊ូហ្គូ អាសាកាវ៉ា​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​អនឡាញ។ លោក​អាសាកាវ៉ា​បាន​គូសបញ្ជាក់​ថា​បច្ចុប្បន្ន មាន​កត្តា​ជា​ច្រើន​ដែល​ពន្យល់​ពី​ស្ថានភាព​ធ្លាក់​ចុះ​ដោយ​លោក​បាន​លើក​ឡើង​ជា​ពិសេស​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ជំងឺ​ឆ្លង​រាលដាល​សកល​កូវីដ១៩​ដែល​បាន​ធ្វើ​ឲ្យ​សង្វាក់​ផ្គត់ផ្គង់​ជួប​ភាព​រអាក់រអួល និង​រុញ​តម្លៃ​ស្បៀង​ឲ្យ​ឡើង​ថ្លៃ​កប់​ពពក។

តាម​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​រូប​នេះ​ដដែល មាន​មនុស្ស​ជាង ១ ០០០លាននាក់​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​កំពុង​ខ្វះ​ចំណីអាហារ​ដែល​មាន​ជីវជាតិ​ទ្រទ្រង់​សុខភាព​ដោយសារ​ចំណីអាហារ​ប្រភេទ​នេះ​មាន​តម្លៃ​ខ្ពស់​ខ្លាំង និង​ដោយសារ​ភាព​ក្រីក្រ។ គួរ​បញ្ជាក់​ថា​ថ្មីៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​ទើប​បាន​ទម្លាក់​ការ​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​សម្រាប់​ឆ្នាំ ២០២២ ពី ៥,២% មក​នៅ​ត្រឹម ៤,៣%។ ក្នុង​ពេល​ជាមួយ​គ្នា ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ដំឡើង​ការ​ព្យាករណ៍​ពី​អតិផរណា​សម្រាប់​ឆ្នាំ ២០២២ ពី ៣,៧% ទៅ ៤,៥%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ