អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ព្រឹត្តិការណ៍​រត់ជាន់​សម្លាប់​មនុស្ស នៅ​ឥណ្ឌូណេស៊ី៖ ក្រុមស៊ើបអង្កេត​ចាប់ផ្តើម​សួរចម្លើយ​ប៉ូលិស

នៅឥណ្ឌូណេស៊ី ២​ថ្ងៃ​ក្រោយព្រឹត្តិការណ៍​រត់ជាន់គ្នា នៅក្នុង​ស្តាត នៅហ្សាវ៉ា ខាងកើត ក្រុមអ្នក​ស៊ើបអង្កេត​បាន​ចាប់ផ្តើម​សួរចម្លើយ ប៉ូលិសៗ​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើកម្លាំង​វាយបំបែក​ក្រុមអ្នកគាំទ្រ កីឡាករ។ តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី ចំនួនមនុស្ស​ស្លាប់​ដោយសារ​ហេតុការណ៍​ជ្រួលច្របល់​រត់ជាន់គ្នា បានកើនឡើង​ពី​១២៥នាក់ ដល់​១៣១​នាក់ គិតត្រឹម​ថ្ងៃអង្គារ​នេះ។ នៅ​ថ្ងៃអង្គារ​នេះដែរ ប្រធានប៉ូលិស​ប្រចាំ​តំបន់​ហ្សាវ៉ា​ខាងកើត បាន​ចេញ​មុខ​សូមទោស ជា​សាធារណៈ។

អ្នកអង្គុយមើលបាល់ទាត់​ភ័យស្លន់ស្លោរត់ជាន់គ្នា​ដើម្បី​រកច្រកចេញ នៅក្រោយ​ប៉ូលិស​បាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក​នៅក្នុងស្តាត​នៅក្រុង​ម៉ាឡង់ ប្រទេស​ឥណ្ឌូណេស៊ីថ្ងៃទី ១​តុលា ២០២២
អ្នកអង្គុយមើលបាល់ទាត់​ភ័យស្លន់ស្លោរត់ជាន់គ្នា​ដើម្បី​រកច្រកចេញ នៅក្រោយ​ប៉ូលិស​បាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក​នៅក្នុងស្តាត​នៅក្រុង​ម៉ាឡង់ ប្រទេស​ឥណ្ឌូណេស៊ីថ្ងៃទី ១​តុលា ២០២២ AP - Yudha Prabowo
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​កំហឹង និង​ការរិះគន់​របស់​មហាជន​ដែល​ទាមទារ​ឲ្យ​គេស្វែងរកមុខ​អ្នកទទួលខុសត្រូវ​លើ​ព្រឹត្តិការណ៍​រត់ជាន់គ្នា នៅ​ពហុកីឡាដ្ឋាន ម៉ាឡង់ នៅហ្សាវ៉ាខាងកើត គណៈកម្មការស៊ើបអង្កេត ចាប់ផ្តើម​សាកសួរចម្លើយ​អ្នកទទួលខុសត្រូវ​សំខាន់ៗ​របស់​ប៉ូលិស​ឥណ្ឌូណេស៊ី។

នៅក្រោយ​ព្រឹត្តិការណ៍រត់ជាន់គ្នា នៅក្នុង​ស្តាត ដែលបាន​សម្លាប់​មនុស្ស​ដ៏ច្រើន​មិនធ្លាប់​មាន​ក្នុងប្រវត្តិសាស្រ្ត​ឥណ្ឌូណេស៊ី ប្រធាន​ប៉ូលិសក្រុងម៉ាឡង់ និង​សមាជិក​កងកម្លាំងពិសេស ៩នាក់ ដែល​ល្បីខាង​ប្រើកម្លាំងបង្រ្កាប​ហិង្សា ដើម្បីបំបែក​ក្រុមមនុស្ស ត្រូវ​បានដកចេញពីតំណែង។ តាមប៉ូលិសជាតិ​ឥណ្ឌូណេស៊ី ប៉ូលិស​១៩នាក់​ផ្សេងទៀត​ត្រូវ​គេ​សួរចម្លើយ​ទាក់ទង​នឹង​ហេតុការណ៍​រត់ជាន់គ្នាកាលពីថ្ងៃ​សៅរ៍។

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​អង្គារនេះ លោក​Nico Afinta ប្រធាន​ប៉ូលិស​ប្រចាំ​ខេត្ត​ហ្សាវ៉ាខាងកើត បាន​ចេញ​មុខ​សូមទោស​ជាសាធារណៈ ពីការថ្លោះធ្លោយ​ក្នុងដំណើរការ រក្សាសន្តិសុខ៕

ប៉ូលិស​ឥណ្ឌូណេស៊ី​បានក្លាយ​ជា​គោលដៅ​នៃ​ការស៊ើបអង្កេត នៅក្រោយ រង​ការចោទប្រកាន់​ថា បាន​ប្រើកម្លាំង​បង្រ្កាប​ជ្រុលហួសហេតុ ជាពិសេស​ការបាញ់​គ្រាប់បែកផ្សែង​បង្ហូរ​ទឹកភ្នែក​ដ៏ច្រើន​សន្ធឹកសន្ធាប់ សំដៅ​កន្លែង​អ្នកអង្គុយមើលបាល់ទាត់។ នៅថ្ងៃ​កើតហេតុ ប៉ូលិស​ឥណ្ឌូណេស៊ី ធ្លាប់​អះអាង​ប្រើ​គ្រាប់បែកផ្សែង ដើម្បី​បំបែក​ក្រុមកុបករ និង​ថា ប៉ូលិស​២នាក់ បាន​ស្លាប់នៅក្នុងការប៉ះទង្គិចជាមួយអ្នកគាំទ្រ​កីឡាករ។

ក្រុមអ្នកគាំទ្រ​កីឡាករ អារ៉េម៉ា FCដែលមានវត្តមានច្រើនលើសលប់​នៅក្នុងស្តាត នៅថ្ងៃ​កើតហេតុ បាន​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​កាលើកឡើង​របស់​ប៉ូលិស​ដោយថា បើសិនមាន​កុបកម្ម​មែន ប៉ូលិស​គួរ​បាញ់​គ្រាប់បែកផ្សែង​តែ​នៅ​លើ​ទីលាន​ប្រកួត ប៉ុន្តែ មិនត្រូវ​បាញ់​សំដៅ​កន្លែង​អ្នកអង្គុយមើលនោះទេ។ ការបាញ់គ្រាប់បែក​ផ្សែង សំដៅ​កន្លែងអង្គុយ បានធ្វើ​ឲ្យអ្នកទស្សនា ភ័យ​ស្លន់ស្លោរ ប្រញាប់ប្រញាល់​រត់​ចេញ​ពី​ស្តាត។ ប៉ុន្តែ មនុស្ស​ចាប់​រត់ជាន់គ្នា សម្រុក​រកចេញ តាមទា្វរតូចៗ នៅពេលទ្វារ​ជាច្រើនរបស់​ស្តាត ត្រូវ​បិទ​នៅក្នុងពេលកំពុងកើតមាន​ចលាចល។

ហេតុការណ៍​រត់ជាន់គ្នា នៅក្នុង​ស្តាត នៅទីក្រុង​ម៉ាឡង់ ប្រទេស ឥណ្ឌូណេស៊ី បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១២៥នាក់ ដោយអ្នកខ្លះ​ត្រូវគេ​រត់ជាន់​ពីលើ ហើយ​ខ្លះ​ទៀតត្រូវ​ថប់ដង្ហើម​ស្លាប់​ដោយ​ផ្សែងបង្ហូរ​ទឹកភ្នែក​របស់​ប៉ូលិស។

តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី សោកនាដកម្ម​កាលពីថ្ងៃ​សៅរ៍បានធ្វើ​ឲ្យមាន​មនុស្ស​របួស ​២៨៥នាក់ ដែលនៅក្នុងនោះ ៦៦នាក់ របួសធ្ងន់។ នៅថ្ងៃអង្គារ អ្នករបួសធ្ងន់ ៦នាក់​បានស្លាប់ ដែលធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់ កើនដល់​ ១៣១នាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ