អានតួអត្ថបទ
អូស្រា្តលី-អ៊ីស្រាអែល

ប្រទេសអូស្រ្តាលីប្តូរចិត្តដោយឈប់ទទួលស្គាល់ហ្សេរ៉ុយសាឡឹមជាទីក្រុងរបស់អ៊ីស្រាអែល

នៅ​ក្នុង​ប្រទេស​អូស្រា្តលី រដ្ឋាភិបាល​បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី១៨ តុលា​ពី​ការ​ឈប់​ទទួល​ស្គាល់​ហ្សេរុយសាឡឹម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​ប្រទេស​អ៊ីស្រាអែល។ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមភ្លែត​ដោយ​ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​អូស្រា្តលី​ថា​ជា​ចម្លើយ​ទាន់ហន់​តប​នឹង​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​សារព័តមាន។ តែ​រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​ស្វាគមន៍​លើ​ការ​សម្រេចចិត្ត​របស់​អូស្រា្តលី។ គួរ​រម្លឹក​ថា គឺ​រដ្ឋាភិបាល​អូស្រ្តាលី​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​លោក​ស្កុត ម៉ូរីសសុន​ដែល​បាន​ទទួល​ស្គាល់​ហ្សេរុយសាឡឹម​ជា​ទីក្រុង​របស់​អ៊ីស្រាអែល។

ប្រមុខ​ការទូត​អូស្រ្តាលី​លោកស្រី​ផេនី វ៉ុង
ប្រមុខ​ការទូត​អូស្រ្តាលី​លោកស្រី​ផេនី វ៉ុង AP
ផ្សាយពាណិជ្ជកម្ម

ការ​ប្តូរ​ចិត្ត​ឈប់​ទទួល​ស្គាល់​ហ្សេរុយសាឡឹម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល​ត្រូវ​បាន​ប្រមុខ​ការទូត​អូស្រ្តាលី​លោកស្រី​ផេនី វ៉ុង​បញ្ជាក់​ថា លក្ខន្តិក​ទីក្រុង​ហ្សេរុយសាឡឹម​ត្រូវ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ពោល​មិនមែន​តាម​ការ​សម្រេចចិត្ត​ជា​លក្ខណៈ​អន្តោម័ត​ទេ។ លោកស្រី​ផេនី វ៉ុង​បាន​បន្ថែម​ថា ស្ថានទូត​អូស្រា្តលី​ប្រចាំ​អ៊ីស្រាអែល​តែង​ស្ថិត​នៅ​ទីក្រុង​តេឡាវី​ជានិច្ច។ ជំហរ​វិល​ក្រោយ​វិញ​របស់​អូស្រ្តាលី​ពេល​នេះ​ដូច​គ្នា​នឹង​ការ​ចង់​បាន​របស់​អង្គការ​សហប្រជាជាតិ​ដែល​ថា លក្ខន្តិក​ទីក្រុង​ហ្សេរុយសាឡឹម​ត្រូវ​តែ​ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

តែ​នេះ​មិនមែន​ជា​ការ​ទាមទារ​ចង់​បាន​របស់​អ៊ីស្រាអែល​ទេ។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អង្គារ ទី១៨ តុលា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​យ៉ាអៀរ ឡាពីដ​បាន​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​អូស្រា្តលី​ថា​ជា​ចម្លើយ​តក់ក្រហល់​នឹង​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​សារព័ត៌មាន។ តែ​លោក​យ៉ាអៀរ ឡាពីដ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​មិន​ពិត​ណា​មួយ​ទេ។ ចំណែក​ក្រសួង​ការបរទេស​អ៊ីស្រាអែល​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​អូស្រា្តលី​ប្រចាំ​អ៊ីស្រាអែល​ទៅ​ជួប​ដើម្បី​សម្តែង​ការ​ខកចិត្ត​ជា​ពន់ពេក​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ចំពោះ​ការ​សម្រេចចិត្ត​របស់​អូស្រា្តលី។

យ៉ាង​ណា​ក៏​ដោយ ប្រមុខ​ការទូត​អូស្រ្តាលី​លោកស្រី​ផេនី វ៉ុង​បាន​គូសបញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​អូស្រា្តលី​នេះ​មិនមែន​ជា​ទង្វើ​ប្រឆាំង​អ៊ីស្រាអែល និង​ថា ការ​គាំទ្រ​របស់​អូស្រា្តលី​ចំពោះ​អ៊ីស្រាអែល និង​សហគមន៍​ជ្វីហ្វ​នៅ​អូស្រា្តលី​មិន​ប្រែប្រួល​ទេ។ ទន្ទឹម​គ្នា​នេះ លោកស្រី​ផេនី វ៉ុង​មិន​ភ្លេច​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​អូស្រា្តលី​ចំពោះ​ប៉ាឡេស្ទីន ក្នុង​នោះ​ក៏​មាន​ជំនួយ​មនុស្សធម៌​ដែរ។ ខុស​ពី​អ៊ីស្រាអែល ប៉ាឡេស្ទីន​បាន​ស្វាគមន៍​លើ​ការ​សម្រេចចិត្ត​របស់​អូស្រា្តលី និង​បាន​សាទរ​លើ​ការ​សន្យា​របស់​អូស្រា្តលី​ដែល​ថា អនាគត​អធិបតេយ្យភាព​ទីក្រុង​ហ្សេរុយសាឡឹម​អាស្រ័យ​លើ​ដំណោះស្រាយ​អចិន្ត្រៃយ៍​ដោយ​ផ្អែក​លើ​ភាព​ស្រប​ច្បាប់​អន្តរជាតិ។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ មាន​តែ ៤ប្រទេស​ដែល​បាន​ទទួល​ស្គាល់​ហ្សេរុយសាឡឹម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល គឺ​អាមេរិក កូសូវ៉ូ ហុងឌូរ៉ាស និង​​ក្វាតេម៉ាឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ