អានតួអត្ថបទ
ចិន-ពាណិជ្ជកម្ម

នយោបាយ​សូន្យ​កូវីដ​របស់​ចិន កំពុង​ទម្លាក់​តួលេខ​ពាណិជ្ជកម្ម​ ជាលើកទីមួយ

នយោបាយ​​សូន្យ​កូវីដ អម​ដោយភាព​ប្រឈម​នឹង​សេដ្ឋកិច្ចពិភពលោក​ដើរថយ​ក្រោយ ​បាន​ធ្វើ​ឱ្យ​ការ​នាំ​ចេញរបស់​​ចិន ស្គាល់ការ​​​ធ្លាក់​ចុះជា​លើក​ទីមួយ គិតចាប់​តាំងពី​ឆ្នាំ​២០២០។ នេះ​បើ​តាម​តួលេខ​ផ្លូវការ ប្រចាំ​ខែ​តុលា២០២២ ដែល​បញ្ជាក់​ថាសកម្មភាព​នាំ​ចូលរបស់​ចិន ក៏​រង​ការ​ប៉ះពាល់​ដែរ។ ​

តួលេខពាណិជ្ជកម្មចិន​ខែ​តុលាអាប់អួរខ្លាំង ​ដោយ​ហេតុ​នយោបាយ​សូន្យ​កូវីដ
តួលេខពាណិជ្ជកម្មចិន​ខែ​តុលាអាប់អួរខ្លាំង ​ដោយ​ហេតុ​នយោបាយ​សូន្យ​កូវីដ © AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ចិន​បន្ត​អនុវត្ត​នយោបាយ​សូន្យកូវីដ​យ៉ាង​តឹង​តែង​ ដោយ​បន្តធ្វើ​តេស្ត​រក​កូវីដ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ចត្តាឡីស័ក​​ជា​ចាំ​បាច់​រាល់​គ្រប់​បុគ្គលវិជ្ជមាន​និង​ បិទ​ខ្ទប់​សង្កាត់​នៅពេល​មាន​លេច​ករណី​ឆ្លង​កូវីដ​ក្នុង​សហគម​ភ្លាម។ តែ​វិធានការ​នេះ ជា​ហ្វាំង​ទប់​សកម្មភាព​សេដ្ឋកិច្ច​និង​លទ្ធភាព​ចាយវាយ​របស់​ពលរដ្ឋ​។

កាល​ពី​ខែ​កញ្ញា ការនាំចេញ​នៅ​មាន​កំណើន​៥,៧%​ ក្នុង​មួយ​ឆ្នាំ។ តែ​នៅខែ​តុលា​២០២២ បើ​តាម​តួលេខ​ផ្លូវការ​ ការនាំ​ចេញ​ចិន​បាន​ធ្លាក់​ចុះ​០,៣%​​ក្នុង​មួយ​ឆ្នាំ។ នេះ​គឺ​ជា​លើក​ទី​មួយ​គិត​ចាប់​តាំងពី​ខែ​ឧសភា​២០២០​មក​ ដែល​សន្ទទស្សន៍​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ​បែប​អវិជ្ជមាន​ដូច្នេះ។ មិនតែ​ប៉ុណ្ណោះ ​អ្នក​ជំនាញ​ធនាគារ​Nomura បាន​ព្យាករ​ថា​ ទិន្ននាការ​នៃ​ការនាំចេញ​​នឹង​បន្ត​ធ្លាក់​ចុះ​នៅពីរ​ខែ​ខាង​មុខ​​ទៀត ដែល​នឹងជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​វិស័យ​សេដ្ឋកិច្ច​ចិន​ទាំង​មូល​ផង ព្រោះ​ថា ការ​នាំ​ចេញ​ជា​ក្បាល​ម៉ាស៊ីនអូសទាញ​កំណើន​​ផលិតផល​សរុប​ក្នុង​ស្រុក​​ដ៏​ចម្បង​របស់​ចិន តាំង​ពី​ឆ្នាំ​២០២០។ ដូច្នេះ​ការនាំ​ចេញ​អាប់អួរ​នឹង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច ទីផ្សារការងារ និង​វិនិយោគ​​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ចៀស​មិន​រួច​ឡើយ។

មូលហេតុសំខាន់​​មួយ​ទៀត ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​ចិន​ថយ​ចុះ គឺ​គ្រោះ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ នៅ​ត្រីមាស​ខាង​មុខ​ បូក​រួម​នឹង​វិបត្តិ​ថាមពល​ឡើង​ថ្លៃ នៅ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។

ចំណែក​ការ​នាំ​ចូល​ចិន​​ ក៏​បាន​ធ្លាក់​ចុះ​អស់​០,៧%​ដែរ​ នៅ​ខែ​តុលានេះ។ ការ​នាំចូល​ចិន ធ្លាប់​ធ្លាក់​ចុះ​ម្តង​កាលពី​ខែមីនា ពោល​គឺ​មុន​ពេល​ក្រុង​សៀងហៃបិទខ្ទប់​ ក្រោយ​មាន​ការ​ឆ្លង​រាលដាល​កូវីដ១៩។

តួលេខពាណិជ្ជកម្ម​ដ៏​អាក្រក់ ទំនង​អាច​ជា​គន្លឹះ​ចុច​គ្រលាស់​ចិន​ឱ្យ​ប្តូរ​ផ្លាស់​នយោបាយ​សូន្យ​កូវីដ នេះ​បើ​តាម​សេដ្ឋវិទូ​Ken Cheung នៃ​ធនាគារ​ជប៉ុនMizuho។ ប៉ុន្តែ​សម្រាប់​​អ្នក​វិភាគធនាគារ​​Nomura ពួកគេ​សំឡឹង​ឃើញ​ថា ចិនមិន​​អាច​លើក​នយោបាយ​សូន្យ​កូវីដ​នៅ​មុខ​ខែ​មីនា​២០២៣​ទេ។

ការ​នាំចេញ​នាំចូល​ចិន​ចុះ​ថយ​មែន ប៉ុន្តែ​សល់ផល​ពាណិជ្ជកម្ម នៅ​ខែ​តុលា មាន​ដល់​ទៅ ៨៥​,១៥ពាន់​លាន​ដុល្លារ ទល់​នឹង​កាលពី​ខែ​កក្កដា ១០១,២ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ