អានតួអត្ថបទ
មនុស្សជាតិ

ចំនួន​មនុស្ស​រស់​នៅលើ​​ផែនដីឡើង​ដល់​​៨ពាន់​លាន​នាក់ តើ​ច្រើនជ្រុលឬ ?

ចំនួន​មនុស្ស​រស់​នៅលើ​ផែនដី នឹង​កើន​ឡើង​ដល់​៨ពាន់​លាន​នាក់ នៅថ្ងៃទី ១៥​វិច្ឆិកា ២០២២ ហើយ​នឹង​បន្ត​ឡើង​រហូត​ដល់​១០ពាន់​លាន​នាក់ មុន​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក​វិញ​នៅ​ចុង​សតវត្សរ៍ (២១០០)។ បើ​​​មាន​កំណើន​​ឥតឈប់ដូច្នេះ​​ តើ​ផែន​ដីអាច​មាន​ធនធាន​គ្រប់គ្រាន់​នឹង​ចិញ្ចឹម​មនុស្ស​ទាំងអស់​នេះ​ទេ​?​​​​ សម្រាប់​អ្នក​ជំនាញ​មួយ​ភាគធំ ​ចំនួន​មនុស្ស​មិនមែន​ជា​បញ្ហាទេ តែ​គឺ​​របៀប​របប​រស់​នៅ​ និងការ​​ប្រើ​ធនធាន​របស់​ផែនដី​ហួស​ចំណុះ​ទេ ដែល​នាំ​ឱ្យ​ផែន​ដី​​ចិញ្ចឹមមិន​រស់។

Yankin Oshodi dake jihar Legas a tarayyar Najeriya.
Yankin Oshodi dake jihar Legas a tarayyar Najeriya. ASSOCIATED PRESS - GEORGE OSODI
ផ្សាយពាណិជ្ជកម្ម

ដោយ​សារ​ ​មាន​អាយុវែង​ជាងមុន បូកផ្សំ​នឹង​អត្រាមរណៈកុមារនិង​ទារក​ធ្លាក់​ចុះ ចំនួន​មនុស្ស​នៅ​លើ​ផែនដីនឹង​​ឡើង​ដល់​៨ពាន់​លាន​នាក់ នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ពោល​គឺ​ច្រើន​ជាង​កាលពីឆ្នាំ​១៩៥០ ដល់​ទៅ​ជាង​បីដង។ នេះ​បើតាម​​មូលនិធិ​​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រជាជន​ ដែល​លម្អិត​ថា ថ្វីបើ​កំណើន​មនុស្សក៏​​ចាប់បន្ថយ​ល្បឿន តាំងពី​ឆ្នាំ​១៩៦០មកចំនួន​២,១% និង​​មក​នៅ​ត្រឹម​០,៥%​ នៅ​ម្តុំ​ឆ្នាំ​២០៥០ក៏​ដោយ ក៏​ផែន​ដី​នឹង​មាន​មនុស្ស​កាន់​តែច្រើន​ឡើងៗ​ជា​លំដាប់ រហូត​ដល់​៨៥០០​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ជាង​៩ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០ និង​ឡើង​​នៅ​ឆ្នាំ​២០៨០ ដល់ជាង​​១០,៤លាន​នាក់​។ បន្ទាប់​មក​ចំនួន​មនុស្ស​នឹង​ចាប់​នៅ​ថេរ​ទល់​នឹង​ឆ្នាំ​២១០០​ មិនមែន​ធ្លាក់​ចុះ​​មក​នៅ​ត្រឹម​៨,៨ពាន់​លាន​នាក់​ ដូច​ការ​​សិក្សារបស់​​វិទ្យាស្ថាន​វាយតម្លៃ​សុខភាព​អាមេរិក​ (Institute for health Metrics and Evoluation) ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០២០។

បើ​តាម​អង្គការ​សហប្រជាជាតិ ​ចំនួន​ក្មេង​ពេញ​វ័យ​បង្ក​កំណើត​កើន​ឡើង​ខ្លាំងជា​ចំណែក​សំខាន់​មួយ​ដែរ​ក្នុង​ការ​បង្កើន​ចំនួន​មនុស្សជាតិ បើ​ទោះ​បី​ជា​​អត្រា​​បង្ក​​កំណើត​របស់​ស្ត្រី​ចាប់​​ធ្លាក់​ចុះ​ក៏ដោយ។ ស្រ្តីម្នាក់​មាន​កូន​ជា​មធ្យម​២,១នាក់ នៅ​ឆ្នាំ​២០៥០ ទល់​នឹង​៥​នាក់​កាលពី​ឆ្នាំ ១៩៥០។

​ប៉ុន្តែ​សូម​​កុំព្រួយ​បារម្ភ គិត​ថា​ផែនដី​​មាន​មនុស្ស​ច្រើន​ជ្រុល ហើយ​ខ្វះ​ធនធាន​សម្រាប់​រស់។ នេះ​ជា​ពាក្យ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ ដែល​ពន្យល់​ថា​សម្រាប់​អ្នក​ជំនាញ​ជា​ច្រើន ចំណោទ​មិន​ស្ថិត​នៅ​លើ​ចំនួន​មនុស្ស​ទេ តែ​គឺ​របៀបរបប​រស់​នៅ​និង​ប្រើប្រាស់​ធនធាន​ហួស​ប្រមាណ​របស់​មនុស្ស​ទេ ដែល​ធ្វើ​ឱ្យផែនដី​ឡើង​កម្តៅ​និង​មិន​អាច​ផ្តល់​​ធនធនគ្រប់គ្រាន់​​សម្រាប់ចិញ្ចឹម​មនុស្សជាតិ។ គំរូ​រស់​នៅ​បច្ចុប្បន្ន តម្រូវឱ្យ​មាន​ផែនដី ១,៧៥ ទើបអាច​​តប​នឹង​សេចក្តី​ត្រូវការ​របស់​មនុស្សជាតិ​ប្រកប​ដោយ​និរន្តរភាពបាន។ ​បើ​តាម​របាយការណ៍​របស់ WWF​ បើ​​រស់​ដូច​ពលរដ្ឋ​ឥណ្ឌា នោះ​មនុស្ស​ជាតិស្រូប​ធនធាន​ផែនដី​តែ​៨០%​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ ទល់​នឹងត្រូវ​ការ​ផែនដីដល់​ទៅ​៥​បើ​រស់​របៀប​អាមេរិក។​

នៅ​ឆ្នាំ​២០៥០ អាមេរិក​ និង​ នីហ្សេរីយ៉ា នឹងក្លាយ​ជា​ប្រទេសមាន​ប្រជាជន​ច្រើន​ទីបី​ (៣៧៥លាននាក់)​ ចំណែក​លេខ​មួយ​នឹង​ត្រូវ​បាន​ទៅ​ឥណ្ឌា ជាមួយ​នឹង​ចំនួន​ប្រជាជន​១៦៦០​លាន​នាក់​នៅ​ឆ្នាំ​។ ចិន​ធ្លាក់​មក​នៅ​លំដាប់​ទីពីរ​ ដោយ​មាន​ចំនួន​ប្រជាជនតែ ​១៣០០លាន​នាក់នៅ​ឆ្នាំ​២០៥០​ទល់​នឹង​១៤២០លាន​នាក់​នៅ​ឆ្នាំ​២០២២ ហើយ​​ត្រឹម​តែ៨០០លាន​នាក់​នៅ​ដំណាច់សតវត្សរ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ