អានតួអត្ថបទ

ចិនអំពាវនាវឲ្យអូស្រា្តលីកសាងឡើងវិញនូវទំនុកចិត្តរវាងគ្នាទៅវិញទៅមក

នៅ​ថ្ងៃ​អង្គារ ទី៨ វិច្ឆិកា ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​អូស្រ្តាលី​លោក​ផេនី វ៉ុង។ នៅ​ក្នុង​កិច្ចសន្ទនា លោក​វ៉ាង យី​បាន​អំពាវនាវ​ឲ្យ​អូស្រា្តលី​កសាង​ឡើង​វិញ​នូវ​ទំនុក​ចិត្ត​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​មាន​កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ​ចិន និង​អូស្រា្តលី​ពេល​នេះ​ជា​សញ្ញា​នៃ​ភាព​ធូរស្រាល​មួយ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ស្គាល់​ភាព​តានតឹង​រវាង​គ្នា​អស់​ជា​ច្រើន​ឆ្នាំ ពោល​តាំង​ពី​មុន​ផ្ទុះ​ជំងឺ​ឆ្លងរាលដាល​កូវីដ១៩ ទៅ​ទៀត។

ប្រមុខការទូតចិនលោកវ៉ាង យី (រូបស្តាំ) និងសមភាគីអូស្រ្តាលីលោកស្រីផេនី វ៉ុង នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី​ថ្ងៃទី ៨ កក្កដា ២០២២។
ប្រមុខការទូតចិនលោកវ៉ាង យី (រូបស្តាំ) និងសមភាគីអូស្រ្តាលីលោកស្រីផេនី វ៉ុង នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី​ថ្ងៃទី ៨ កក្កដា ២០២២។ AFP - JOHANNES P. CHRISTO
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ១៩​ដំបូង​មក​ដល់​ពេល​នេះ អូស្រា្តលី និង​ចិន​មិន​ដែល​មាន​ជំនួប​កម្រិត​ខ្ពស់​ជា​សាធារណៈ​រវាង​គ្នា​ទេ។ នេះ​ក៏​ដោយសារ​តែ​នៅ​ក្នុង​ឆ្នាំ ២០២០ អូស្រា្តលី​បាន​ចេញ​មុខ​ស្នើ​ជា​ផ្លូវការ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ស្តីពី​ប្រភព​ជំងឺ​កូវីដ១៩​នៅ​ចិន។ សំណើ​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅ​ស្លឹកត្រចៀក​ដោយ​ក្រុង​ប៉េកាំង​យល់​ថា អូស្រ្តាលី​បាន​ធ្វើ​តាម​បញ្ជា​របស់​អាមេរិក​ដើម្បី​ប្រឆាំង​ខ្លួន។ ជា​វិធានការ​វាយ​បក​វិញ ចិន​បាន​ឈប់​ទិញ​ផលិតផល​អូស្រា្តលី​ជាង ១០ មុខ ក្នុង​នោះ​មាន​ធ្យូងថ្ម ស្រា និង​គ្រាប់ធញ្ញជាតិ។ តែ​តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​អង់តូនី អាល់បានីស៊ី​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២២ នៅ​អូស្រ្តាលី​មក ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ស្គាល់​ភាព​ធូរស្រាល​ឡើង​វិញ​បន្តិច​ដោយ​មាន​ជំនួប​ផ្ទាល់​ចំនួន​ពីរ​ដង​រវាង​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​ពីរ។

« ការ​បន្ធូរបន្ថយ និង​ការ​ធ្វើ​ឲ្យ​បាន​ប្រសើរ​នូវ​ទំនាក់ទំនង​ចិន អូស្ត្រាលី គឺ​ស្រប​តាម​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ភាគី​ទាំងពីរ » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក​វ៉ាង យី​បាន​គូស​បញ្ជាក់​ថា ចិន និង​អូស្រា្តលី​ត្រូវ​កសាង​ឡើង​វិញ​ទំនុក​ចិត្ត​រវាង​គ្នា និង​រួម​គ្នា​ដោះស្រាយ​ក្តី​កង្វល់​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចូលរួម​ដោះស្រាយ​បញ្ហាប្រឈម​របស់​ពិភពលោក។ តាម​ក្រុម​អ្នក​វិភាគ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​អាច​មាន​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​អូស្រា្តលី​លោក​អង់តូនី អាល់បានីស៊ី​នា​ឱកាស​ជំនួបកំពូល G២០ ដែល​គ្រោង​រៀបចំ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​នា​សប្តាហ៍​ក្រោយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​នៅ​មិន​អាច​និយាយ​ពី​ទំនាក់ទំនង​ប្រក្រតី​រវាង​ចិន និង​អូស្រា្តលី​បាន​នៅ​ឡើយ​ទេ។ ចិន​បាន​រិះគន់​ចាស់​ដៃ​លើ​កិច្ចព្រមព្រៀង​ដែល​អូស្រា្តលី​បាន​ចុះ​ហត្ថលេខា​ជាមួយ​អាមេរិក និង​អង់គ្លេស​ក្នុង​ឆ្នាំ ២០២២ នេះ។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​អាមេរិក​លក់​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​ទៅ​ឲ្យ​ក្រុង​កង់បេរ៉ា។ ក្រុង​ប៉េកាំង​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ជា​ការ​គំរាមកំហែង​លើ​សន្តិសុខ​ខ្លួន និង​ក៏​ជា​ហានិភ័យ​នៃ​ការ​សាយភាយ​នុយក្លេអ៊ែរ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ